38.1 C
Phnom Penh

​​​​​​​​​​​​​​​ប្រធាន​​​​​​មន្ទីរ​​​សុខា​ភិបាល​ត្រូវ​ដក​​​​​​តំណែង​​​​​​​​​ដោយ​សារ​​​រឹប​អូស​​​​​រថយន្ត​សង្គ្រោះ​បន្ទាន់​​​​របស់​អេប៊ីសីុ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានការពារការសម្រេចរបស់លោកក្នុងការប្រគល់រថយន្តសង្គ្រោះបន្ទាន់គ្មានអាជ្ញាប័ណ្ណមួយគ្រឿងឱ្យទៅស្ថានីយវិទ្យុ អេប៊ីស៊ី វិញ និងការដកតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីដែលជាអ្នកចេញបញ្ជាឱ្យរឹបអូសរថយន្តសង្គ្រោះបន្ទាន់នោះ ដោយទាញហេតុផលថា  រថយន្តសង្គ្រោះបន្ទាន់នោះប្រើសម្រាប់គោលបំណងមនុស្សធម៌ ហើយប្រធានមន្ទីររាជធានីបានអនុវត្តហួសសមត្ថកិច្ចរបស់ខ្លួន។

រថយន្តសង្គ្រោះបន្ទាន់របស់ស្ថានីយវិទ្យុអេប៊ីស៊ីចតនៅក្រៅការិយាល័យមន្ទីរសុខាភិបាលក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត ស៊ីវ ចាន់ណា
រថយន្តសង្គ្រោះបន្ទាន់របស់ស្ថានីយវិទ្យុអេប៊ីស៊ីចតនៅក្រៅការិយាល័យមន្ទីរសុខាភិបាលក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត ស៊ីវ ចាន់ណា

ការបកស្រាយរបស់លោក ហ៊ុន សែន ដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក បង្ហាញពីការពាក់ព័ន្ធចុងក្រោយរបស់លោកក្នុងករណីនេះដែលជាប់ទាក់ទិនរថយន្តសង្គ្រោះបន្ទាន់ដឹកទឹកផ្លែឈើឱសថ និងអាចារ្យអេ ម្ចាស់រថយន្តសង្គ្រោះបន្ទាន់ ជាបុគ្គលដ៏មានឥទ្ធិពលក្នុងប្រព័ន្ធផ្សព្វផ្សាយដែលនិយាយមិនសំចៃមាត់ និងការទូរស័ព្ទរបស់លោកចូលកម្មវិធីវិទ្យុនេះគួរឱ្យភ្ញាក់ផ្អើល។

បាតុភាពនេះបានចាប់ផ្ដើមកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលមន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញរឹបអូសរថយន្តសង្គ្រោះបន្ទាន់ខាងលើក្នុងខណ្ឌទួលគោក។ លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីមានប្រសាសន៍ថា រថយន្តនេះគ្មានអាជ្ញាប័ណ្ណ គ្មានបរិក្ខារពេទ្យ និងបុគ្គលដែលចាំបាច់ដើម្បីធ្វើប្រតិបត្តិការជារថយន្តសង្គ្រោះបន្ទាន់ឡើយ ហើយត្រូវបានប្រើប្រាស់ដើម្បីចែកចាយទឹកផ្លែឈើឱសថដែលបិទយីហោរបស់ស្ថានីយវិទ្យុនេះ។

លោក សុខ សុគន្ធ ខឹងយ៉ាងខ្លាំងបន្ទាប់ពីលោក សេង ប៊ុនវេង ម្ចាស់ស្ថានីយវិទ្យុ អេប៊ីស៊ី ហៅ អាចារ្យអេ បានចូលខ្លួនក្នុងកម្មវិធីផ្សាយរបស់វិទ្យុនេះ ហើយបានហៅមន្ត្រីសុខាភិបាលថា ជា “តិរច្ឆាន” ក្រោយការរឹបអូសរថយន្តសង្គ្រោះបន្ទាន់។

ទោះបីជាលោក សុខ សុគន្ធ បានគំរាមប្ដឹងលោក សេង ប៊ុនវេង ចំពោះការធ្វើអត្ថាធិប្បាយបែបនេះក្ដី ក៏ស្ថានីយវិទ្យុនេះបានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួន និងផ្សព្វផ្សាយថា រថយន្តសង្គ្រោះបន្ទាន់នេះប្រើសម្រាប់គោលបំណងមនុស្សធម៌ ហើយបានបន្តរិះគន់មន្ត្រីសុខាភិបាល។ ប្រិយមិត្តគាំទ្រស្ថានីយវិទ្យុនេះក៏បានធ្វើការតវ៉ាតាមហ្វេសប៊ុកដែរ។

ឆ្លើយតបការតវ៉ារបស់សាធារណជន លោកនាយករដ្ឋមន្ត្រីដែលបានទូរស័ព្ទចូលកម្មវិធីផ្សាយរបស់ស្ថានីយវិទ្យុនេះដោយផ្ទាល់កាលពីថ្ងៃសៅរ៍ ដើម្បីសូមអភ័យទោសចំពោះការរឹបអូសរថយន្តសង្គ្រោះបន្ទាន់ ប្រកាសថា លោក សុខ សុគន្ធ នឹងត្រូវដកហូតតំណែង ហើយលោកនឹងផ្ដល់រថយន្តសង្គ្រោះបន្ទាន់ថ្មីពីរគ្រឿងទៀតដល់ស្ថានីយវិទ្យុនេះ។

លោកមានប្រសាសន៍ទៅកាន់ក្រុមបុគ្គលិកវិទ្យុ អេប៊ីស៊ី ដែលស្រោកហ៊ោព្រមៗគ្នាថា “ខ្ញុំក៏សូមអភ័យទោសផងដែរអំពីការអនុវត្ត[ច្បាប់]របស់មន្ត្រីខ្លះដែលមានការខុសឆ្គងទៅលើណែ ទាក់ទិនផ្នែកសប្បុរសវិទ្យុ អេប៊ីស៊ី។ ប៉ុន្តែយ៉ាងណាក៏ដោយ ថ្ងៃនេះខ្ញុំបានដោះស្រាយបញ្ហាហ្នឹងតាមរយៈខមមិនរបស់ក្មួយៗ ឬក៏ប្រជាជនដែលទទួលផលប្រយោជន៍ពីឡានដឹកនេះ។ខ្ញុំសុំផ្ដល់បន្ថែមនូវរថយន្តពីរគ្រឿងសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ។ យើងត្រូវដកមន្ត្រីនេះចេញសិដើម្បីដោះស្រាយជាមួយមតិសាធារណៈ”។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីម្សិលមិញថា រថយន្តសង្គ្រោះបន្ទាន់ដែលរឹបអូស ត្រូវបានប្រគល់ឱ្យស្ថានីយវិទ្យុ អេប៊ីស៊ី វិញហើយកាលពីថ្ងៃសៅរ៍ ហើយបានអះអាងថា ស្ថានីយវិទ្យុនេះ និងខុទ្ទកាល័យរបស់លោក ហ៊ុន សែន កំពុងសម្របសម្រួលការទិញរថយន្តសង្គ្រោះបន្ទាន់ថ្មីពីរគ្រឿង។

ទោះជាយ៉ាងណា ឆ្លើយតបការរិះគន់កាន់តែខ្លាំងឡើងតាមបណ្ដាញទំនាក់ទំនងសង្គម ដោយអះអាងថា អន្តរាគមន៍នេះមានការយឺតយ៉ាវ និងអាចឱ្យមន្ត្រីថ្នាក់ក្រោមគេចវេះមិនអនុវត្តច្បាប់នោះ លោក ហ៊ុន សែន បានចូលទៅកាន់ទំព័រហ្វេសប៊ុកកាលពីម្សិលមិញដើម្បីរៀបរាប់លម្អិតអំពីហេតុផលរបស់លោក។

លោកនាយករដ្ឋមន្ត្រីថ្លែងថា លោកបានរង់ចាំដើម្បីធ្វើចំណាត់ការ ពីព្រោះលោកសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងដោះស្រាយជម្លោះនេះដោយខ្លួនឯង ប៉ុន្តែប្រតិកម្មខ្លាំងក្លាកាន់តែកើនឡើងតាមបណ្ដាញអុីនធឺណិតពីសំណាក់ប្រិយមិត្តអ្នកគាំទ្រស្ថានីយវិទ្យុនេះ បានបង្ខំឱ្យលោក ហ៊ុន សែន លូកដៃអន្តរាគមន៍។

លោកមានប្រសាសន៍ថា “នេះជាចំណុចដែលត្រូវគិត ម្ខាងជាស្ថាប័នរដ្ឋ និងម្ខាងទៀតជាស្ថាប័នផ្សព្វផ្សាយដែលបានរួមចំណែកច្រើនដល់ការផ្ដល់ព័ត៌មានទាន់ហេតុការណ៍ ព្រមទាំងជួយដល់ជនក្រីក្រ” ហើយលោកបានបញ្ជាឱ្យផ្ដល់អាជ្ញាប័ណ្ណដល់រថយន្តសង្គ្រោះបន្ទាន់ដែលមានស្រាប់ និងរថយន្តសង្គ្រោះបន្ទាន់ថ្មីរបស់ស្ថានីយវិទ្យុនេះដើម្បី ”បន្តជួយប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ”។

លោក ហ៊ុន សែន បានបន្តបកស្រាយការដកតំណែងលោក សុខ សុគន្ធ ដោយមានប្រសាសន៍ថា លោក [សុខ សុគន្ធ] គួរតែសម្របសម្រួលវិធានការរបស់ខ្លួនជាមួយព្រះរាជអាជ្ញា។ លោកបានសរសេរថា “ការអនុវត្តមិនខុសទេ តែមានកំហុសខាងនីតិវិធី។ ប្រធានមន្ទីរសុខាភិបាលពិតជាមន្ត្រីនគរបាលយុត្តិធម៌ ប៉ុន្តែប្រសិនបើគាត់អនុវត្តក្នុងតួនាទីនេះទាក់ទងបទល្មើស គឺចាំបាច់ត្រូវរាយការណ៍សុំការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញាស្របតាមនីតិវិធីធរមាន”។

លោកគូសបញ្ជាក់ថា លោក សុខ សុគន្ធ មិនបានអនុវត្តតាមនីតិវិធីនោះឡើយ ប៉ុន្តែលោកមិនត្រូវបានដកតួនាទីភ្លាមៗទេ។ លោកលើកឡើងថា ”ការដកតួនាទីលោកប្រធានមន្ទីរមិនមានន័យថា យើងបោះបង់គាត់ចោលនោះទេ យើងអាចតែងតាំងគាត់ក្នុងមុខតំណែងសមស្របណាមួយនាពេលខាងមុខ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ”។

លោក សុខ សុគន្ធ មិនបានឆ្លើយតបទេនៅពេលស្នើសុំការឆ្លើយបំភ្លឺជាច្រើនលើក។ លោក ងី មានហេង អនុប្រធានរបស់លោកសុខ សុគន្ធ បានថ្លែងថា លោកមិនហ៊ាននិយាយអំពីបញ្ហានេះទេ។ មុនពេលផ្ដាច់ទូរស័ព្ទរបស់អ្នកយកព័ត៌មាន លោកមានប្រសាសន៍ថា “ខ្ញុំបារម្ភថា បើខ្ញុំនិយាយអ្វីខុស ខ្ញុំនឹងមានបញ្ហា”។

បុគ្គលិកស្ថានីយវិទ្យុ អេប៊ីស៊ី ម្នាក់ឈ្មោះ ឈែល សុវណ្ណារ៉ា បានចាត់ទុកចំណាត់ការរបស់លោក ហ៊ុន សែន ថាជា “កិត្តិយសដ៏ធំធេង”។ គាត់ទទួលស្គាល់ថា រថយន្តសង្គ្រោះបន្ទាន់ដែលត្រូវបានរឹបអូសគឺប្រើសម្រាប់ដឹកជញ្ជូនទឹកផ្លែឈើឱសថបិទយីហោរបស់ក្រុមហ៊ុនមែន ប៉ុន្តែផលិតផលទាំងនោះមិនខុសច្បាប់ទេ ហើយរថយន្តនេះក៏ត្រូវបានប្រើប្រាស់ដឹកសាកសពបានជាង២០០នាក់សម្រាប់ប្រជាពលរដ្ឋក្រីក្រ។

គាត់និយាយទៀតថា “បន្ទាប់ពីយើងទទួលបានរថយន្តនេះ យើងមិនដែលដឹកទំនិញខុសច្បាប់ទេ។ យើងបានព្យាយាមបកស្រាយថា រថយន្តរបស់យើងគឺសម្រាប់ដឹកសព” ហេតុដូច្នេះមិនត្រូវការអាជ្ញាប័ណ្ណវេជ្ជសាស្ត្រឡើយ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីតែងតែឆ្លើយតបជាប្រចាំទៅនឹងការរិះគន់របស់សាធារណជនតាមហ្វេសប៊ុកជាមួយនឹងការផ្លាស់ប្ដូរគោលនយោបាយលើបញ្ហានានាដូចជា ច្បាប់ចរាចរណ៍ថ្មីជាដើម។

លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយធ្វើការកត់សម្គាល់ថា ការអនុវត្តបែបនេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអំណាចរបស់តំណាងរាស្ត្រ។ លោកថ្លែងថា “បើបន្តគ្រប់គ្រងតាមអារម្មណ៍ដូចពេលនេះ វានឹងមានបញ្ហា។ បើមានបញ្ហាច្បាប់ណាមួយ លោក ហ៊ុន សែន ចាំបាច់ត្រូវត្រឡប់ទៅរដ្ឋសភា”។

លោកបានបន្ថែមទៀតថា មន្ត្រីនានាដែលកំពុងឃ្លាំមើលករណីនេះ ទំនងជាសន្និដ្ឋានថា វិធានការដែលមានសុវត្ថិភាពបំផុតគឺគ្មានទាល់តែសោះ។ “ខ្ញុំគិតថា មន្ត្រីនឹងបន្តស្មានថា តើច្បាប់ណាត្រូវអនុវត្ត ហើយច្បាប់ណាមិនត្រូវអនុវត្ត”៕ សុខុម (រាយការណ៍បន្ថែមដោយ Ben Paviour និង គីម ចាន់)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស