31 C
Phnom Penh

បុរស​​​ម្នាក់​​​​​​​​​ស្លាប់​​​​​​ដោយសារ​​​ត្រូវ​​​គេ​​​ជះ​​​​​​​​​សារធាតុ​​​គីមី​​​​​​លើ​ ​​ពេលឈ្លោះ​​​​​​​​​​​គ្នា​​​អំឡុង​​​ពេល​​​​​​​​​​ផឹក​​​ស៊ី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសវ័យក្មេងម្នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ អំឡុងពេលឈ្លោះគ្នាជាមួយអ្នករួមការងារនៅក្នុងបរិវេណរោងចក្រថង់ប្លាស្ទិកលក្ខណៈគ្រួសារមួយក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលពួកគេធ្វើការ នេះបើយោងតាមនគរបាលដែលលើកឡើងថា ជម្លោះនេះបានកើតឡើងដោយសារការឈ្លោះប្រកែកគ្នារវាងកម្មករពីរក្រុមដែលផឹកស្រាប្រភេទខុសគ្នា។

យោងតាមលោក ហួរ ម៉េងវេង អធិការរងនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា ម៉ាន់ ធារ៉ា អាយុ២៣ឆ្នាំ បានផឹកស្រាសជាមួយកម្មករពីរនាក់ផ្សេងទៀតនៅម៉ោងប្រហែល៨និង៣០នាទីយប់ នៅពេលនោះស្រាប់តែពួកគេបានចាប់ផ្តើមនិយាយឌឺដងដាក់កម្មករមួយក្រុម ផ្សេងទៀតមានគ្នាប្រហែល៥នាក់ដែលផឹកស្រាបៀរ ដោយនិយាយលេងថា ពួកគេគ្រាន់បើជាងព្រោះអីផឹកស្រាបិតក្នុងស្រុកដែលមានតម្លៃថោក។

លោក ហួរ ម៉េងវេង បាននិយាយថា “ជនរងគ្រោះបានស្រែកថា ‘ ពួកហ្អែងកំពុងផឹកស្រាបៀរមែនទេ’ ហើយក្រុមជនសង្ស័យបានឆ្លើយតបថា ‘វាទើសក្បាលអីពួកហែ្អង?’ បន្ទាប់មកជនរងគ្រោះបានខឹងយ៉ាងខ្លាំងហើយបានស្ទុះទៅវាយក្រុមម្ខាងទៀតតែម្តង”។

លោកបានបន្ថែមថា “បន្ទាប់មក ជនដៃដល់បានទៅយកដបសារធាតុគីមីចំណុះប្រហែល២លីត្រ មកជះលើជនរងគ្រោះ។សារធាតុគីមីនេះបានចូលច្រមុះជនរងគ្រោះ ហើយជនរងគ្រោះបានចាប់ផ្តើមបែកពពុះមាត់ភ្លាមៗ”។

លោក ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កន្លែងដែល ជនរងគ្រោះ មា៉ាន់ធារ៉ា ត្រូវបានប្រាប់ថា ដាច់ខ្យល់ស្លាប់បាត់ទៅហើយពេលទៅដល់នោះ បាននិយាយថា ក្រុមអ្នកជំនាញកំពុងតែធ្វើកោសល្យវិច័យសពដើម្បីកំណត់ថា តើសារធាតុគីមីអ្វីដែលធ្វើឲ្យជនរងគ្រោះស្លាប់ ហើយបានដាក់ទូរស័ព្ទរបស់អ្នកយកព័ត៌មានម្នាក់ចុះ ពេលអ្នកព័ត៌មានសួរសំណួរបន្ថែម។

លោក ហួរ ម៉េងវេង បានលើកឡើងបន្ថែមថា នគរបាលបានចាប់ខ្លួនយុវជន ឈ្មោះ ម៉ាប់ ម៉ៃ អាយុ១៨ឆ្នាំ ដែលគេសង្ស័យថា បានប្រើសារធាតុគីមីដែលអាចបង្កឲ្យប៉ះពាល់ដល់ជីវិតនៅម៉ោង១១យប់ថ្ងៃអាទិត្យហើយកំពុងតែតាមស្វែងរកគ្នីគ្នាពីរនាក់ទៀតរបស់ក្រុមដែលគេចពីកន្លែងកើតហេតុ។ លោកបាននិយាយថា ម៉ាប់ ម៉ៃ នឹងត្រូវបញ្ជូនទៅតុលាការដើម្បីសាកសួរនៅថ្ងៃនេះ។

លោក ជី ឡូ មន្ត្រីនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែលគ្រប់គ្រងកន្លែងតម្កល់សពបានលើកឡើងថា សពរបស់ជនរងគ្រោះ ម៉ាន់ ធារ៉ា ត្រូវបានបញ្ជូនទៅឲ្យគ្រួសារនៅខេត្តស្វាយរៀងកាលពីព្រឹកមិញ។

នគរបាលបានបដិសេធមិនផ្តល់ព័ត៌មានសម្រាប់ទាក់ទងម្ចាស់រោងចក្រថង់ប្លាស្ទិកឡើយដោយពួកគេនិយាយថា គឺជារឿងតូចតាចមិនចាំបាច់ចង់ដឹងឈ្មោះពិតនោះទេ៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស