30 C
Phnom Penh

គណបក្ស​ប្រឆាំង​ថ្លឹងថ្លែង​បំណង​ប្រាថ្នា​សម្រាប់​ការ​បោះ​ឆ្នោត​និង​តំណាង​ស្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំង បានមានប្រសាសន៍នៅឯសិក្ខាសាលាមួយកាលពីថ្ងៃពុធថា ក្នុងការសង្ឃឹមទុកពីការបោះឆ្នោតនាពេលខាងមុខ គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង បានខិតខំរៀបចំស្ត្រីជាង៥០០នាក់សម្រាប់តួនាទីនៅថ្នាក់រដ្ឋបាលមូលដ្ឋាន ជាការជំរុញឲ្យមានសមភាពក្នុងបក្ស និងលើកស្ទួយសិទ្ធិរបស់ស្ត្រីក្នុងប្រទេសកម្ពុជា។

sochua-at-freedom-park-800x533លោកស្រីបានមានប្រសាសន៍ថា សំណើប្រកបដោយមហិច្ឆតាមួយចំនួនទៀតដែលត្រូវបានស្នើឡើងដើម្បីលើកស្ទួយស្ត្រីក្នុងបក្ស ដូចជាកូតាដែលចែងចំនួនអប្បបរមានៃបេក្ខជនស្ត្រី ត្រូវបានទុកមួយឡែក ព្រោះបារម្ភថា ចំណាត់ការបែបនេះអាចធ្វើឲ្យបាត់បង់សំឡេងឆ្នោត។

លោកស្រីបានមានប្រសាសន៍ថា ស្ត្រីដែលដើរតួនាទីសំខាន់ក្នុងការតវ៉ានិងចលនាមូលដ្ឋានចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣មក បានធ្វើឲ្យមានការយល់ដឹងទូទាំងបក្សអំពីសក្តានុពលនយោបាយរបស់ស្ត្រី ប៉ុន្តែស្ត្រីជាច្រើនមិនទាន់បានត្រៀមខ្លួនសម្រាប់តួនាទីបែបនេះនៅឡើយ។

លោកស្រី សុខហួរ បានមានប្រសាសន៍ថា “បើទោះជាយើងចង់បានកូតាក៏ដោយ ក៏សមត្ថភាពរបស់ស្ត្រីមិនដល់កម្រិតដែលអ្នកបោះឆ្នោតអាចបោះឆ្នោតឲ្យស្ត្រីរបស់យើងដែរ”។

លោកស្រីបានសួរ “នរណាជាអ្នកខាតបង់? មិនមែនត្រឹមតែស្ត្រីទេ ប៉ុន្តែយើងនឹងបាត់បង់ឱកាសនោះសម្រាប់ស្ត្រីក៏ដូចជាគណបក្សដែរ”។

លោកស្រីបានមានប្រសាសន៍នៅឯទីស្នាក់ការកណ្តាលរបស់គណបក្ស នៅក្រៅសិក្ខាសាលាមួយសម្រាប់មេដឹកនាំស្ត្រី២២នាក់ដែលអាចមានជោគជ័យ ដែលត្រូវបានជ្រើសរើសពីវគ្គបណ្តុះបណ្តាលថ្នាក់មូលដ្ឋានទូទាំងប្រទេសថា ផ្ទុយទៅវិញ គណបក្សប្រឆាំងផ្តោតលើគោលបំណង “ប្រាកដនិយម” សម្រាប់ស្ត្រី។

លោកស្រីបានមានប្រសាសន៍ថា “យើងត្រូវកាត់បន្ថយឧបសគ្គឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន”។

នៅខែកុម្ភៈឆ្នាំ២០១៥ គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលរយៈពេលបីឆ្នាំ ដែលក្នុងកម្មវិធីនោះស្ត្រីដែលចាប់អារម្មណ៍ខាងនយោបាយ អាចទទួលបានការបណ្តុះបណ្តាលផ្នែកជំនាញនិយាយជាសាធារណៈ ព័ត៌មានសង្គម ការតស៊ូមតិ និងរបៀបធ្វើយុទ្ធនាការ។ លោកស្រី សុខហួរ បាននិយាយថា រហូតមកដល់ពេលនេះ ៥២០នាក់បានចូលរួម។

លោកស្រីបានមានប្រសាសន៍ថា បន្ថែមលើការបណ្តុះបណ្តាលនោះ ស្ត្រីដែលមានលក្ខណសម្បត្តិនឹងមានអាទិភាពធ្វើជាបេក្ខជនក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨។

លោកស្រី គុណ លំអង ប្រធានសាខាស្ត្រីរបស់គណបក្សនេះបាននិយាយថា ទន្ទឹមនឹងជ្រើសរើសស្ត្រីដែលមានការអប់រំនិងមានចំណូលចិត្តខាងនយោបាយនៅតែជាការលំបាកនៅឡើយ ភាគច្រើនដោយសារតែភាពអសកម្មសង្គម និងការខ្លាចមានការសងសឹកនោះ គណបក្សនៅតែរំពឹងថានឹងមានតំណាងស្ត្រីចូលរួមច្រើនឡើងក្នុងការបោះឆ្នោតខាងមុខនេះ។

លោកស្រីបាននិយាយថា “យើងបានមើលឃើញថា ស្ត្រីសព្វថ្ងៃនៅថ្នាក់មូលដ្ឋានបានប្រឈមនឹងការលំបាកជាច្រើន។ ទី១ បញ្ហាធំបំផុតគឺបញ្ហាជីវភាពរស់់នៅ ដែលធ្វើឲ្យស្ត្រីស្ទាក់ស្ទើរមិនហ៊ានចេញមុខ ហើយទី២ គឺការរើសអើងដែលធ្វើឲ្យស្ត្រីភ័យខ្លាច”។

ទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ស្ត្រីមានតួនាទីដែលគេគោរពស្រាប់ហើយ ក្នុងនយោបាយកម្ពុជា ហើយថា ផែនការរបស់គណបក្សប្រឆាំងគឺជាគ្រោងការណ៍ដែលមើលឃើញតែអាក្រក់ដើម្បីទទួលបានការគាំទ្រប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា “ពួកគេមិនធ្វើទេ ពួកគេថាតែមាត់។ គ្មានសកម្មភាពទាល់តែសោះ”។

ដោយនិយាយសំដៅដល់លោកស្រី ម៉ែន សំអន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដ៏ស្មោះត្រង់ លោកបាននិយាយថា “បញ្ហានានារបស់ស្ត្រីយើងបានយកចិត្តទុកដាក់រួចហើយដូចជាបញ្ហាបក្ស។ មានឧបនាយករដ្ឋមន្ត្រីម្នាក់ជាស្ត្រី។ យើងមានស្ត្រីមួយចំនួនជាអ្នកគ្រប់គ្រងក្នុងគណបក្សប្រជាជនកម្ពុជា”។

ក៏ប៉ុន្តែ លោកស្រី ធីតា ឃឹះ ប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងនយោបាយ បានមានប្រសាសន៍ថា ភាពតានតឹងនយោបាយបច្ចុប្បន្នបានរារាំងស្ត្រីមួយចំនួនតូចមិនឲ្យទទួលបានតំណែងមានអំណាច ក្នុងការធ្វើឲ្យរីកចម្រើនខាងសិទ្ធិស្ត្រី។

លោកស្រីបានមានប្រសាសន៍ថា ចំនួនស្ត្រីក្នុងនយោបាយបានកើនឡើង “ប៉ុន្តែទាក់ទងនឹងគុណសម្បត្តិនៃការតំណាងនិងការងារផ្នែកនយោបាយដើម្បីការពារស្ត្រី យើងនៅមិនទាន់ការពារបានល្អនៅឡើយ”។

យោងតាមលោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ភាពអសកម្មនេះភាគច្រើនកើតឡើងដោយសារតែថ្នាក់ដឹកនាំ “គឃ្លើន” ដែលបង្ខំឲ្យស្ត្រីធ្វើតាមបញ្ជាបក្ស ជាជាងជំរុញឲ្យមាននយោបាយថ្មី។

លោកបានមានប្រសាសន៍ថា “ស្ថានការណ៍បច្ចុប្បន្ន បរិយាកាសនយោបាយ មិនផ្តល់កន្លែងសម្រាប់ស្រីធ្វើការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពទេ”។

លោកបាននិយាយថា អ្នកនយោបាយកម្ពុជាមានឥរិយាបថ “គឃ្លើនណាស់ ហើយធ្វើអ្វីៗដោយបង្ហាញសាច់ដុំនិងយោធា។ គេមិនគិតអំពីហេតុផលទេ”។ ទោះជាយ៉ាងណា ស្ត្រីអាចប្រាប់អ្នកបោះឆ្នោតអំពីមូលហេតុថាវាសំខាន់ណាស់ដែលមិនឲ្យធ្វើតាម ‘យុទ្ធនាការបំភិតបំភ័យ’ និងបរិយាកាស[នយោបាយ] នេះ ប៉ុន្តែលើកឡើងអំពីបញ្ហានានា អំពីនយោបាយ អំពីសេចក្តីត្រូវការរបស់ប្រជាជន”។

ចំពោះអ្នកស្រី ហ៊ន ច្រិប ដែលបានចូលរួមសិក្ខាសាលានៅថ្ងៃពុធ និងមានផែនការនឹងឈរឈ្មោះជាបេក្ខជនលើកដំបូងធ្វើជាមេឃុំនៅខេត្តត្បូងឃ្មុំនោះ សេចក្តីភ័យខ្លាចមិនមែនជាកង្វល់ឡើយ។

អ្នកស្រីបាននិយាយថា “ក្នុងសហគមន៍របស់ខ្ញុំ អ្នកភូមិជួបបញ្ហាច្រើនណាស់ ដូចជាការដណ្តើមយកដីដោយក្រុមហ៊ុនចិន និងពួកឧកញ៉ាមានអំណាច។ ហេតុនេះហើយ ខ្ញុំឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតឃុំនាពេលខាងមុខ ដោយសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហានានាជូនអ្នកភូមិបាន”៕ និត

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស