ដោយចេញសេចក្ដីសម្រេចរបស់ខ្លួននៅក្នុងជម្លោះរវាងអ្នកនយោបាយខ្មែរអុិស្លាមដ៏លេចធ្លោបំផុតពីររូបនៅក្នុងប្រទេស សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញបានរកឃើញថា លោក អះម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចមានពិរុទ្ធពីបទបរិហារកេរ្តិ៍លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ។
លោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានបង្គាប់ឱ្យបង់ប្រាក់សំណងចំនួន១០០លានរៀលទៅលោក អូស្មាន ហាស្សាន់ គឺក្រោម១លានដុល្លារដែលលោកបានស្នើពេលដាក់ពាក្យបណ្ដឹង។

ជម្លោះនេះកើតឡើងជុំវិញការអះអាងដែលថា លោក អះមា៉ត់ យ៉ះយ៉ា បានផ្ដល់បទសម្ភាសន៍កាលពីខែមេសា ដោយចោទប្រកាន់លោក អូស្មាន ហាស្សាន់ ថាបានរៀបចំ និងទទួលផលប្រយោជន៍ពីគម្រោងផ្លូវដ៏ចម្រូងចម្រាសមួយកាត់ដីវិហារអាល់សឺកាល នៅតំបន់បឹងកក់ ក្នុងរាជធានីភ្នំពេញ។
លោក អះម៉ាត់ យ៉ះយ៉ា បានប្រាប់គេហទំព័រព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៨ ខែមេសាថា “មិនមាននរណាម្នាក់ក្រៅពីលោក អូស្មាន ហាស្សាន់ ទេ ដែលបានគូរប្លង់ ហើយផ្ដល់ឱ្យសាលារាជធានីដើម្បីសុំការអនុម័ត”។លោកបន្តថា លោក អូស្មាន ហាស្សាន់ ក៏មានជាប់ពាក់ព័ន្ធក្នុងគម្រោងអភិវឌ្ឍន៍ខុនដូឯកជនមួយលើដីនេះដែរ។
លោក ឡុង កេសភិរម្យ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសកាលពីម្សិលមិញថា ការអះអាងនេះស្មើនឹងការបរិហារកេរ្តិ៍។
ចៅក្រមរូបនេះបានប្រាប់តុលាការថា “បន្ទាប់ពីពិនិត្យមើលភ័ស្តុតាងដែលទទួលបានពីដើមចោទ និងស្ដាប់ការលើកឡើងរបស់ចុងចោទ សាលាដំបូងរាជធានីបានសម្រេចពិន័យលោក អះមា៉ត់ យ៉ះយ៉ា ជាប្រាក់ចំនួន៥លានរៀល និងបង្គាប់ឱ្យផ្ដល់សំណងដល់ជនរងគ្រោះគឺលោក អូស្មាន ហាស្សាន់ ចំនួន១០០លានរៀល”។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅតុលាការ លោក អះមា៉ត់ យ៉ះយ៉ា បានបង្ហាញឯកសារមួយចំនួន ហើយបានលើកឡើងថា ការអះអាងរបស់លោកអំពីការជាប់ពាក់ព័ន្ធរបស់លោក អូស្មាន ហាស្សាន់ នៅក្នុងការគូរប្លង់ផ្លូវដែលបានបែងចែកសហគមន៍មូស្លីមក្នុងរាជធានីគឺជាការពិត។
លោកមានប្រសាសន៍ថា “អ្វីដែលខ្ញុំនិយាយអំពីលោក អូស្មាន ហាស្សាន់ បានផ្ដល់ជំនួយគឺជាការពិត”។ លោកពន្យល់ថា គាត់បានផ្ដល់ផែនទីប្លង់ផ្លូវដល់តុលាការដែលលោកលើកឡើងថា ត្រូវបានគូរដោយលោក អូស្មាន ហាស្សាន់ និងជំនួយការរបស់គាត់។
លោកបានថ្លែងថា “ពួកគេបានអះអាងថា សេចក្ដីសម្រេចនេះផ្អែកទៅលើភ័ស្តុតាង ចុះភ័ស្តុតាងរបស់យើងវិញ?។ តើពួកគេមានបានពិនិត្យមើល ហើយដំណើរការរឿងក្ដីនេះទេ?”។ គេមិនអាចទាក់ទងលោក អូស្មាន ហាស្សាន់ បានទេកាលពីម្សិលមិញ៕ សារុន