38 C
Phnom Penh

អតីតអង្គរក្ស​​ ថោង​ សារ៉ាត់ ឆ្លើយ​ថាកំពុង​លេង​បៀ ​​​ពេល​​​​ឃាតកម្ម​​​​កើត​​​ឡើង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ មាស សម្បត្តិ អតីតអង្គរក្សរបស់លោក ថោង សារ៉ាត់ ឧត្តមសេនីយ៍យោធាដែលអបយស បានចូលរួមនៅក្នុងសវនាការដែលកំពុងបន្តក្នុងករណីឃាតកម្មលើលោក អឹុង ម៉េងជឺ កាលពីឆ្នាំ២០១៤ដោយបានផ្តល់សក្ខីកម្មថា ខ្លួនកំពុងលេងបៀពេញមួយថ្ងៃនៅថ្ងៃកើតហេតុនោះ ហើយមិនបានចាកចេញពីបរិវេណការិយាល័យរបស់ចៅហ្វាយខ្លួនទេ។

cam-photo-sarath-channaមាស សម្បត្តិ និងអង្គរក្សបួននាក់ទៀតត្រូវបានចោទប្រកាន់ពីបទធ្វើឃាតតាមបញ្ជាលោក ថោង សារ៉ាត់ ដែលក្រុមគ្រួសាររបស់លោកក៏មានអាជីវកម្មដ៏ធំផងដែររួមទាំងក្រុមហ៊ុនសំណង់បុរី៩៩៩។ ឧត្តមសេនីយ៍រូបនេះត្រូវបានចោទប្រកាន់ពីបទផ្តើមគំនិតឲ្យមានការសម្លាប់នោះ ហើយត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីការតាមប្រមាញ់រយៈពេលជាច្រើនខែមក។

អង្គរក្សឈ្មោះ សៀង វាសនា និង លី សៅ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយគិតទុកជាមុន បន្ទាប់ពីនគរបាលនិយាយថា ពួកគេសារភាពថាបានបើកបរទៅកាន់ហាងលក់ផ្លែឈើមួយក្នុងរាជធានីភ្នំពេញ ទីដែល សៀង វាសនា បានបាញ់លោក អឹុង ម៉េងជឺ ចំនួន៦គ្រាប់ខណៈពេលលោកចេញពីរថយន្តម៉ាកឡិចស៊ីសនៅម៉ោងប្រហែល៧យប់ថ្ងៃទី២២ខែវិច្ឆកាឆ្នាំ២០១៤។

លី សៅ បានស្លាប់កាលពីខែមិថុនា ដោយសារជំងឺរលាកខួរក្បាល។ មាស សម្បត្តិ និងអង្គរក្សផ្សេងទៀតឈ្មោះ កុយ ចន្ធុល និងឈុន ចិត្រា ត្រូវបានចោទប្រកាន់ពីបទសមគំនិតបន្ទាប់ពីសារភាពថា បានចាំមើលផ្លូវអំឡុងហេតុការណ៍នោះ។ អង្គរក្សបួននាក់ដែលនៅរស់អះអាងថា ពួកគេគ្មានទោសទេ ហើយបានកែប្រែចម្លើយសារភាពរបស់ខ្លួន។

នៅក្នុងសវនាការកាលពីម្សិលមិញ មាស សម្បត្តិ បាននិយាយថា ខ្លួនមិនដែលឮពីជនរងគ្រោះទេហើយទើបតែស្គាល់គាត់ពេលឃ្លីបវីដេអូនៃការសម្លាប់រូបគាត់ត្រូវបានគេបង្ហោះតាមទំព័រហ្វេសប៊ុក។

ជននេះបាននិយាយទាក់ទិននឹងអគារការិយាល័យរបស់ក្រុមហ៊ុននេះនៅក្នុងរាជធានីភ្នំពេញថា “ខ្ញុំប្រចាំការនៅបុរី៩៩៩តាំងពីព្រលឹមរហូតដល់ម៉ោង៩យប់។នៅពេលព្រឹកខ្ញុំបានលេងបៀ ហើយក្រោយបាយថ្ងៃត្រង់រួចក៏បន្តលេងទៀត”។

បុរសរូបនេះបន្តថា “ខ្ញុំមិនបានទៅណាទេ។ ប៉ុន្តែ ខ្ញុំមិនដឹងពី សៀង វាសនា ឡើយ”។

លោក ថោង សារ៉ាត់ អវត្តមានជាថ្មីម្តងទៀតពីសវនាការកាលពីម្សិលមិញ ដោយសារ បញ្ហាសុខភាព។

លោក ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានអះអាងថា លោក ថោង សារ៉ាត់ បានចេញចូលមន្ទីរពេទ្យនេះ ប៉ុន្តែ បានលើកឡើងថា លោកមិនដឹងថា តើគាត់ឈឺអ្វីទេ។

លោកចៅក្រម តុប ឈុនហេង បានមានប្រសាសន៍ថា សវនាការនឹងបន្តនៅថ្ងៃទី២៨ខែសីហា៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស