កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងអតីតប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឱ្យកាន់មុខតំណែងថ្មីនៅក្រសួងសុខាភិបាល ពីរថ្ងៃបន្ទាប់ពីលោកបានដកតំណែងចាស់របស់មន្ត្រីរូបនេះអំឡុងពេលលោកទូរស័ព្ទចូលកម្មវិធីផ្សាយរបស់ស្ថានីយវិទ្យុ អេប៊ីស៊ី ដ៏មានប្រជាប្រិយភាព។
លោក ហ៊ុន សែន ក៏បានការពារអន្តរាគមន៍របស់លោកដែរនៅក្នុងករណីមួយដែលបណ្ដាអ្នករិះគន់និយាយថា បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអំណាចរបស់មន្ត្រីរដ្ឋាភិបាល ដោយលោកលើកឡើងថា តាមពិតលោកជួយទប់ស្កាត់លទ្ធផលអាក្រក់ដែលអាចកើតមានធ្ងន់ធ្ងរជាងនេះសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ទៅវិញទេ។
ជាដំបូង លោក សុខ សុគន្ធ អតីតប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានរងការរិះគន់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមន្ត្រីរបស់លោកបានរឹបអូសរថយន្តសង្គ្រោះបន្ទាន់គ្មានអាជ្ញាប័ណ្ណមួយគ្រឿងរបស់ស្ថានីយវិទ្យុ អេប៊ីស៊ី ដែលពេលខ្លះប្រើសម្រាប់ដឹកជញ្ជូនទឹកផ្លៃឈើឱសថបិទយីហោរបស់ស្ថានីយវិទ្យុនេះ។
បន្ទាប់មក បុគ្គលិក និងប្រិយមិត្តគាំទ្រស្ថានីយវិទ្យុ អេប៊ីស៊ី បានចូលក្នុងកម្មវិធីផ្សាយរបស់ស្ថានីយវិទ្យុនេះដើម្បីការពារការប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់នេះ ដោយលើកឡើងថា ភាគច្រើនរថយន្តនេះប្រើសម្រាប់ដឹកសពសាច់ញាតិរបស់គ្រួសារក្រីក្រ។ ហើយលោក ហ៊ុន សែន បានទូរស័ព្ទចូលកម្មវិធីផ្សាយរបស់ស្ថានីយវិទ្យុនេះកាលពីថ្ងៃសៅរ៍ ដើម្បីសូមអភ័យទោសចំពោះចំណាត់ការរបស់មន្ទីរសុខាភិបាល ប្រកាសដកតំណែងរបស់លោក សុខ សុគន្ធ សន្យាប្រគល់រថយន្តសង្គ្រោះបន្ទាន់ឱ្យវិញ និងផ្ដល់រថយន្តពីរគ្រឿងទៀតទុកជាអំណោយផ្ទាល់ខ្លួន។
ក្នុងសារមួយបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ លោក ហ៊ុន សែន បានបញ្ជាក់ថា លោក សុខ សុគន្ធ នឹងត្រូវបានតែងតាំងមុខតំណែងថ្មី ប៉ុន្តែអះអាងថា មន្ត្រីរូបនេះគួរណាតែធ្វើការសម្របសម្រួលជាមួយនគរបាល និងព្រះរាជអាជ្ញាក្នុងការរឹបអូសរថយន្តសង្គ្រោះបន្ទាន់នេះជាជាងចាត់វិធានការតែម្នាក់ឯង។
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យតែងតាំងលោក សុខ សុគន្ធ ជាអគ្គនាយករងបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល។ លោក សុខ សុគន្ធ មានប្រសាសន៍ថា លោកនឹងចាប់ផ្ដើមធ្វើការក្នុងមុខតំណែងថ្មីរបស់លោកនៅថ្ងៃនេះ។ពេលសួរថា តើលោកមានអារម្មណ៍យ៉ាងណាចំពោះការដកតំណែងនេះ លោក សុខ សុគន្ធ ឆ្លើយថា លោកនឹង “ទទួលយកកិច្ចការដែលរដ្ឋាភិបាលដាក់ឱ្យ”។
ក្នុងសារមួយទៀតបង្ហោះតាមហ្វេសប៊ុកកាលពីម្សិលមិញ លោក ហ៊ុន សែន លើកឡើងថា អន្តរាគមន៍របស់លោកបានធ្វើឱ្យលោក សុខ សុគន្ធ គ្រាន់បើជាងមុន។ ឆ្លើយតបបណ្ដាអ្នករិះគន់ដែលនិយាយថា អតីតប្រធានមន្ទីរសុខាភិបាលរូបនេះគ្រាន់តែអនុវត្តច្បាប់នៅពេលលោកបញ្ជាឱ្យរឹបអូសរថយន្តសង្គ្រោះបន្ទាន់នេះ លោក ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីលើការអះអាងរបស់លោកមុននេះថា មន្ត្រីដែលធ្វើការក្រោមបញ្ជារបស់លោក សុខ សុគន្ធ ដែល១៦នាក់ក្នុងចំណោមនោះជានគរបាលយុត្តិធម៌ មិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវឡើយ។
លោក ហ៊ុន សែន បានចោទសួរថា “បើមានភ័ស្តុតាង ម៉េចមិនយកទៅតុលាការ? ការចាត់វិធានការដោយគ្មានដីការបស់ព្រះរាជអាជ្ញា និងដោយគ្មានការចូលរួមពីភាគីពាក់ព័ន្ធគឺជាកំហុសមួយ។ ខ្ញុំអាចនឹងបង្កើតក្រុមអធិការកិច្ចមួយ ហើយបញ្ជូនករណីនេះទៅតុលាការដែលអាចនាំឱ្យមានអ្នកចាញ់”។ លោកមានប្រសាសន៍ទៀតថា ខណៈស្ថានីយវិទ្យុ អេប៊ីស៊ី ទំនងជាត្រូវបង់ថ្លៃធ្វើស្លាកលេខសម្រាប់រថយន្តសង្គ្រោះបន្ទាន់នេះ លោក សុខ សុគន្ធ ប្រហែលជាត្រូវអស់មុខតំណែងតែម្តងដោយសារតែការបំពានរបស់លោក។
ចាប់តាំងពីដើមឆ្នាំនេះមក លោកនាយករដ្ឋមន្ត្រីបានប្រើប្រាស់សុន្ទរកថាសាធារណៈ និងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដើម្បីច្រានចោលច្បាប់ និងគម្រោងនានាដែលប្រជាពលរដ្ឋមិនពេញចិត្ដ ព្រមទាំងដកតំណែងមន្ត្រីក្នុងនោះមានដូចជាការលុបចោលផែនការស្ថាបនាផ្លូវល្បឿនលឿនទៅកាន់អាកាសយានដ្ឋាន ផ្លូវហាយវ៉េបង់លុយ និងចំណុចសំខាន់ៗនៃច្បាប់ចរាចរណ៍ថ្មីមួយជាដើម។ ក្នុងរយៈពេល២៤ម៉ោងកាលពីខែមិថុនា លោកបានដកតំណែងឧត្តមសេនីយ៍មួយរូប ព្យួរតួនាទី ហើយក៏ប្រគល់តំណែងឱ្យវិញ បន្ទាប់ពីបែកធ្លាយវីដេអូឃ្លីបបង្ហាញពីឧត្តមសេនីយ៍រូបនេះស្ដីបន្ទោសខ្លាំងៗទៅលើនគរបាលចរាចរម្នាក់។
សម្រាប់លោក អ៊ា សុផល សាស្ត្រាចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental College ក្នុងក្រុងឡូស អ៊ែនជើឡេស យល់ថា ករណីបែបនេះបង្ហាញថា លោកនាយករដ្ឋមន្ត្រីកំពុងបន្តស្ដាប់យ៉ាងយកចិត្តទុកដាក់នូវពាក្យចចាមអារ៉ាមនិងការលើកឡើងផ្សេងៗរបស់ប្រជាពលរដ្ឋ ហើយក៏កំពុងបន្តក្ដាប់អំណាចយ៉ាងណែនដែរ។
លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយកាលពីម្សិលមិញថា ” គាត់កំពុងតែស្ដាប់ កំពុងតែមើល កំពុងតែស្ទាបស្ទង់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែធាតុពិត អ្វីៗទាំងអស់ស្ថិតនៅលើគាត់ គឺថាគាត់ជាអ្នកសម្រេច ហើយធ្វើអ្វីតាមតែចិត្តខ្លួនឯង”។
លោកបានបន្តថា អន្តរាគមន៍ផ្អែកតាមមតិសាធារណជនបង្កើតគំរូដ៏គ្រោះថ្នាក់។ “នេះសុទ្ធតែជាឆាកល្ខោនគួរឱ្យអស់សំណើច តើប្រទេសនេះត្រូវគ្រប់គ្រងដោយបែបនេះ? គ្រប់គ្រងតាមហ្វេសប៊ុក តាមបញ្ជា និងតាមសុន្ទរកថា?”។
លោក សន ជ័យ នាយកប្រចាំប្រទេសនៃអង្គការបណ្ដាញគណនេយ្យភាពសង្គមដើម្បីអាស៊ីបូពា៌ និងអាស៊ីបា៉ស៊ីហ្វិកមានប្រសាសន៍ថា វិទ្យុ អេប៊ីស៊ី និងមន្ទីរសុខាភិបាលរាជធានីគួរតែអាចដោះស្រាយបញ្ហានេះបានដោយមិនចាំបាច់មានជំនួយពីខាងក្រៅ។
លោកបានមានប្រសាសន៍ទៀតថា “គួរតែ
ក្រសួងសុខាភិបាលជាអ្នកចាត់វិធានការ មិនមែននាយករដ្ឋមន្ត្រីទេ។ អន្តរាគមន៍របស់លោកមើលទៅដូចការរំលោភអំណាច។
វិធានការប្រភេទនេះធ្វើឱ្យមន្ត្រីសាធារណៈស្ទាក់ស្ទើរក្នុងការអនុវត្តការងាររបស់ខ្លួន”។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីមានហេតុផលសមស្របនៅក្នុងការច្រានចោលច្បាប់ក្នុងករណីដែលភាពសុុខដុមក្នុងសង្គមប្រឈមគ្រោះថ្នាក់។ លោកគូសបញ្ជាក់ថា លោក ហ៊ុន សែន “មើលឃើញតុល្យភាពរវាងនីតិរដ្ឋ និងផ្លូវដែលប្រជាពលរដ្ឋកំពុងរស់នៅ” ហើយធ្វើការសម្រេចទៅតាមនោះ។
លោកបានបន្តថា “ផ្លូវដែលប្រជាពលរដ្ឋចង់បានគឺភាពសុខដុម” ហើយថា ខ្មែរក្រហមបានផ្ដល់ឧទាហរណ៍បង្ហាញពីអ្វីដែលកើតឡើង នៅពេលអនុវត្តច្បាប់តឹងរ៉ឹងពេក។ “ពួកគេបានអនុវត្តនីតិរដ្ឋអំឡុងរបប ប៉ុល ពត។បើអ្នកឯងលួចម្ទេស អ្នកឯងនឹងត្រូវប្រហារជីវិត”។ផ្ទុយមកវិញករណីរថយន្តសង្គ្រោះបន្ទាន់នេះ គឺជាបទពិសោធន៍សម្រាប់ពលរដ្ឋ និងមន្ត្រីរៀនសូត្រ។”សូមអ្នកគ្រប់គ្នារៀនសូត្រពីករណីនេះ”៕ សុខុម