យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា មេភូមិ ម្នាក់ដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរីត្រូវបានអាជ្ញាធរមូលដ្ឋានចាប់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីសង្ស័យថា បានរំលោភកូនស្រីពិការជើងរបស់ខ្លួន ខណៈប្រពន្ធនិងកូនៗផ្សេងទៀតមិននៅផ្ទះកាលពីចុងសប្តាហ៍។
ដោយចាត់ទុកហេតុការណ៍នេះជា “អំពើដ៏គួរឲ្យស្អប់ខ្ពើម” លោក ឆាន សុគិន នាយប៉ុស្តិ៍នគរបាលឃំុរយ៉ ស្រុកកោះញែក បានលើកឡើងថា បុរសរូបនេះគួរតែដកចេញពីតំណែងជាមេភូមិភ្លាមៗ។
ក្នុងពេលនេះ មេភូមិរូបនេះកំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្ត ដោយលើកឡើងថា ខ្លួនមិនបានប្រព្រឹត្តអំពើនេះទេនេះបើយោងតាមលោកអធិការស្រុក ខ្លូត សុឃា ដែលថ្នាក់ក្រោមរបស់លោកទទួលបានដំណឹងអំពីករណីនេះពីជនរងគ្រោះដែលជាកូនស្រីអាយុ២២ឆ្នាំរបស់ជនសង្ស័យ។
លោកបានលើកឡើងថា នារីវ័យក្មេងរូបនេះដែលស្វិតជើងខាងឆ្វេងតាំងពីកំណើត ដោយសារជំងឺស្វិតដៃជើងនោះ បានប្រាប់នគរបាលកាលពីល្ងាចថ្ងៃអាទិត្យថា នាងត្រូវឪពុករបស់នាងចាប់រំលោភក្រោយពេលរំលងអធ្រាត្របន្តិច ឈានចូលថ្ងៃអាទិត្យ ខណៈម្តាយនិងបងប្អូនបង្កើតរបស់នាងកំពុងស្នាក់នៅក្នុងខ្ទមចាំចម្ការចម្ងាយប្រហែល៦គីឡូម៉ែត្រពីផ្ទះ។
ដោយត្រូវបានចាប់ខ្លួននៅឯផ្ទះកាលពីយប់ថ្ងៃអាទិត្យ មេភូមិរូបនេះត្រូវបានសាកសួរនៅធិការដ្ឋាននគរបាលស្រុក ប៉ុន្តែ បានបដិសេធថា មិនបានរំលោភកូនស្រីខ្លួនឯងទេ។
លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរីនេះបានលើកឡើងថា មេភូមិរូបនេះត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរបន្ថែមកាលពីព្រឹកម្សិលមិញ ហើយបាននិយាយថា ខ្លួនគ្មានទោសកំហុសម្តងទៀត។
លោកបានមានប្រសាសន៍ថា “ប៉ុន្តែ កូនស្រីបានប្រាប់យើងយ៉ាងច្បាស់លាស់អំពីហេតុការណ៍រំលោភនេះ។ ខ្ញុំជឿថា ជនរងគ្រោះនិយាយប្រាប់ការពិត”។
លោក សូ សុវណ្ណ បានមានប្រសាសន៍ទៀតថា ជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីប្រឈមនឹងការចោទប្រកាន់នៅថ្ងៃនេះ។
លោក ឆាន សុគិន ដែលជានាយប៉ុស្តិ៍នគរបាលឃុំបានលើកឡើងថា លោកស្អប់ខ្ពើមនឹងទង្វើរបស់មេភូមិរូបនេះខ្លាំងណាស់។
លោកបានថ្លែងថា “ឪពុករំលោភកូនបង្កើតរបស់ខ្លួន គឺដូចសត្វធាតុអ៊ីចឹង។ ឪពុករំលោភកូនស្រីបង្កើតរបស់ខ្លួនគឺជាទង្វើគួរឲ្យស្អប់ខ្ពើមដែលខ្ញុំមិនចង់ដឹង មិនចង់ឮ មិនចង់ឃើញនិងមិនចង់ឲ្យវាកើតឡើងក្នុងសង្គមខ្មែររបស់យើង”៕ ស៊ុយឈាង