កាលពីថ្ងៃអាទិត្យ នគរបាលបានចាប់ខ្លួនបុរសជនជាតិរ៉ូម៉ានីម្នាក់ដែលបានចុះពីលើយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាមួយថ្នាំញៀនប្រភេទកូកាអីុនតម្លៃជិតកន្លះលានដុល្លារនៅក្នុងវា៉លិសរបស់ ខ្លួន ព្រមទាំងជនជាតិនីហ្សេរីយ៉ាម្នាក់ទៀតដែលគេសង្ស័យថាជនជាតិរ៉ូម៉ានីរូបនេះមានបំណងយកថ្នាំញៀននេះទៅប្រគល់ឲ្យ។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានឲ្យដឹងកាលពីម្សិលមិញថា Adrian-Calin Varadi អាយុ៣៥ឆ្នាំបានធ្វើដំណើរពីប្រទេសប្រេស៊ីលមក ហើយត្រូវបានអាជ្ញាធរចាប់ខ្លួននៅអាកាសយានដ្ឋាននៅម៉ោងប្រហែល៤រសៀល បន្ទាប់ពីទទួលបានការជូនដំណឹងពីរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក (DEA)។
លោកបានមានប្រសាសន៍ថា “យើងទទួលបានព័ត៌មានពី DEA នៅពេលព្រឹក។ DEA បានជូនដំណឹងមកយើងថា អាចមានជនសង្ស័យម្នាក់ធ្វើដំណើរពីប្រេស៊ីលមកប្រទេសកម្ពុជា…ដោយសង្ស័យថា ជួញដូរគ្រឿងញៀន។ ក្នុងចំណោមអ្នកដំណើរ យើងបានសង្ស័យលើមនុស្សម្នាក់ គឺជនជាតិរ៉ូម៉ានី ហេតុដូច្នេះយើងបានពិនិត្យរបស់របររបស់ជននេះ ហើយបានរកឃើញកូកាអីុនជិត២០កញ្ចប់”។
ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងថា ថ្នាំញៀនទាំងនេះមានទម្ងន់៤.៩៦២ក្រាម ពោលគឺជិត៥គីឡូក្រាម។
លោកមិនបានពន្យល់ថា តើហេតុអ្វីបានជាសមត្ថកិច្ចចាប់ខ្លួន លោក Varadi ចេញពីចំណោមមនុស្សយ៉ាងច្រើននោះឡើយ។ ប៉ុន្តែលោកបានលើកឡើងថា ពេលត្រូវបានចាប់ខ្លួន និងសាកសួររួច ជនជាតិរ៉ូម៉ានីរូបនេះបានប្រាប់នគរបាលឲ្យស្គាល់ដៃគូជួញដូរម្នាក់ទៀតរបស់ខ្លួនគឺបុរសជនជាតិនីហ្សេរីយ៉ាឈ្មោះ Chukwuemeka Ibe អាយុ៤០ឆ្នាំដែលត្រូវបានចាប់ខ្លួននៅក្នុងផ្ទះសំណាក់មួយក្នុងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃអាទិត្យ។
ឧត្តមសេនីយ៍ឯករូបនេះបានថ្លែងថា “ជននេះ [លោក Varadi] បានមកប្រទេសកម្ពុជាក្នុងគោលបំណងយកថ្នាំញៀនទៅឲ្យមនុស្សម្នាក់ផ្សេងទៀតដែលមកពីប្រទេសថៃ។ យើងបានចាប់ខ្លួនមនុស្សម្នាក់នោះដែលមកទទួលរបស់របររួចហើយ។ ជននេះគឺជាជនជាតិនីហ្សេរីយ៉ា”។
លោកបានលើកឡើងថា ជនសង្ស័យកំពុងត្រូវបានឃុំខ្លួននៅឯនាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ។ លោកខៀវ សាម៉ន ប្រធាននាយកដ្ឋាននេះបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
ឧត្តមសេនីយ៍ឯក មាស វីរិទ្ធ ដែលជាអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថាលោក Varadi បានធ្វើដំណើរមកតែម្នាក់ឯងដោយមានថ្នាំញៀនលាក់ក្នុងវា៉លិសរបស់ខ្លួន។លោកបានលើកឡើងទៀតថា ថ្នាំកូកាអីុនទាំងនេះបើគិតពីតម្លៃទីផ្សារមានតម្លៃជិត៥០០.០០០ដុល្លារ ហើយទំនងជាមានគោលដៅសំដៅទៅកាន់ប្រទេសមួយទៀត។
លោកបានមានប្រសាសន៍ថា “គ្មានទីផ្សារសម្រាប់ថ្នាំកូកាអីុនទេនៅកម្ពុជាទេ”។ លោកបានបន្ថែមថា ប្រទេសថៃទំនងជាគោលដៅសម្រាប់ថ្នាំប្រភេទេនះ។
ការបង្ក្រាបនេះមានលក្ខណៈស្រដៀងទៅនឹងការចាប់ខ្លួនដែលធ្វើឡើងក្នុងក្រុងសៀមរាបកាលពីបីឆ្នាំមុននៅក្នុងខែនេះ។ នៅក្នុងករណីនោះ នគរបាលបានចាប់ខ្លួនជនជាតិរ៉ូម៉ានីអាយុ៣៨ឆ្នាំម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បន្ទាប់ពីជននេះបានធ្វើដំណើរមកដល់ពីប្រទេសប្រេស៊ីលដោយមានថ្នាំញៀនប្រភេទកូកាអីុនទម្ងន់៣,៥គីឡូក្រាម៕ស៊ុយឈាង