31 C
Phnom Penh

មន្ត្រី​រដ្ឋាភិបាល​ប្រាប់​តុលាការ​ថា លោក​មិន​ដឹង​ថា​សំណូក​មាន​ទោស​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសារភាពនៅក្នុងសវនាការកាលពីថ្ងៃច័ន្ទចំពោះការទារសំណូកពីរោងចក្រកាត់ដេរដើម្បីបំពេញបែបបទពាក្យសុំនាំចេញរបស់ខ្លួន ប៉ុន្តែបាននិយាយថា លោកមិនជឿនៅពេលនោះថា លោកបានប្រព្រឹត្តបទល្មើសទេ។

cam-photo-cdc-channaលោក ឡាយ ថារ័ត្ន អនុប្រធានការិយាល័យផែនការនិងវិភាគគម្រោងនៃអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ត្រូវបានចាប់ខ្លួននៅថ្ងៃទី៦ខែឧសភា ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងត្រូវចោទប្រកាន់ពីបទវិតិក្រមធនសាធារណៈ ដោយតុលាការក្រុងភ្នំពេញនៅថ្ងៃបន្ទាប់។

យោងតាមតុលាការ តំណាងរោងចក្រកាត់ដេររ៉ាយតិក (Raytecs) បានដាក់ឯកសារសុំការអនុញ្ញាតនាំចូលផលិតផលច្រើនមុខសម្រាប់ផលិតកម្ម មានទាំងសម្ភារ សារធាតុគីមី និងគ្រឿងបន្លាស់ម៉ាស៊ីន។ ប៉ុន្តែ លោក ថារ័ត្ន បានប្រាប់តំណាងរូបនោះជាច្រើនលើកថា គាត់បំពេញពាក្យសុំដោយមិនត្រឹមត្រូវ និងបានណែនាំឲ្យគាត់បំពេញរហូតដល់ទីបញ្ចប់ នៅថ្ងៃទី២២ខែមេសា តំណាងរូបនេះបានសុំជំនួយដើម្បីបំពេញពាក្យនោះ។

នៅពេលនោះ លោក ថារ័ត្ន តាមសង្ស័យបាននិយាយថា មិត្តម្នាក់របស់គាត់បានបង់ប្រាក់១.០០០ដុល្លារដើម្បីបំពេញឯកសារដូចគ្នានេះ។ សមត្ថកិច្ចបាននិយាយថា តំណាងរោងចក្របានបង់ប្រាក់ឲ្យគាត់៥០០ដុល្លារភ្លាម ហើយប្រាក់៤០០ដុល្លារទៀតបង់នៅថ្ងៃទី៦ខែឧសភា គឺថ្ងៃដែលលោក ថារ័ត្ន ត្រូវបានចាប់ខ្លួន។

ក្នុងសវនាការកាលពីថ្ងៃច័ន្ទ ចៅក្រម អីុឋាវរៈ បានសួរលោក ថារ័ត្ន អំពីមូលហេតុទារប្រាក់នោះ។ លោកបានឆ្លើយតបថាសម្រាប់ “ការចំណាយផ្សេងៗ” ប៉ុន្តែមិនបានប្រាប់លម្អិតទេ។ ចៅក្រមបានសួរថា “តើប្រាក់នោះស្របច្បាប់ឬ?”។

លោក ថារ័ត្ន បាននិយាយថា “ដំបូង ខ្ញុំមិនគិតថា វាជាប្រភេទពុករលួយទេ។ បន្ទាប់ពីក្រុមមន្ត្រីនៅអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនខ្ញុំ ពួកគេបានប្រាប់ខ្ញុំអំពីនីតិវិធីច្បាប់និងច្បាប់ស្តីពីមន្ត្រីរាជការស៊ីវិល និងច្បាប់ស្តីពីអំពើពុករលួយ។ ពេលនោះ ខ្ញុំបានយល់យ៉ាងច្បាស់”។

លោកស្រី តេង រិទ្ធិវ័ន មេធាវីរបស់លោក ថារ័ត្ន បានសុំឲ្យតុលាការអត់ឱន ដោយលើកហេតុផលថា កូនក្តីរបស់លោកស្រីបានស្នើជាច្រើនលើកឲ្យតំណាងក្រុមហ៊ុនកែតម្រូវកំហុស ហើយថា តំណាងរូបនោះនៅទីបញ្ចប់បានសុំកូនក្តីរបស់លោកស្រីជួយធ្វើការកែតម្រូវដែលចាំបាច់ឲ្យគាត់។

លោកស្រីថែមទាំងហាក់ដូចជាព្យាយាមប្រើឥទ្ធិពលពីភាពស្មោះត្រង់របស់កូនក្តីរបស់លោកស្រីចំពោះគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទៀតផង។

លោកស្រីបាននិយាយថា “ទី១ នេះជាលើកដំបូងរបស់គាត់។ ទី២ គាត់ជាមន្ត្រីរាជការស៊ីវិលជាង១២ឆ្នាំមកហើយ ហើយគាត់បានបម្រើបក្សនិងសង្គមច្រើនណាស់”។

ចៅក្រម ឋាវរៈ បាននិយាយថា សាលក្រមនឹងប្រកាសនៅថ្ងៃសុក្រ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស