29 C
Phnom Penh

អ្នកយកព័ត៌មានទូរទស្សន៍ម្នាក់ត្រូវចាប់ខ្លួន ក្រោយពីចោទប្រកាន់ពីបទជំរិតទារប្រាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតអ្នកយកព័ត៌មានទូរទស្សន៍ម្នាក់បានជាប់ពន្ធនាគារនៅខេត្តពោធិ៍សាត់កាលពីថ្ងៃអាទិត្យ ដើម្បីរង់ចាំសវនាការពីបទចោទប្រកាន់ជំរិតទារប្រាក់កាលពីបីឆ្នាំមុនដោយសារគំរាមថារាយការណ៍ពីអ្នកភូមិនៅខេត្តពោធិ៍សាត់ដែលដឹកឈើខុសច្បាប់។

លោក ម៉ូ លីដា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនគរបាលខេត្តពោធិ៍សាត់បាននិយាយថា លោក ប៉ាក់ ស៊ីណា អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រនៅក្នុងក្រុងបាត់ដំបង ដែលនៅទីនោះលោកធ្វើការឲ្យកាសែតក្នុងស្រុកមួយ ហើយត្រូវបានបញ្ជួនទៅខេត្តពោធិ៍សាត់នៅថ្ងៃដដែល។

តាមលោក ស៊ួ សុទ្ធារិទ្ធិ ក្រឡាបញ្ជីតុលាការខេត្ត នៅឆ្នាំ ២០១៣ លោក ស៊ីណា ដែលបានអះអាងថាធ្វើការឲ្យទូរទស្សន៍បាយ័ននិងអ្នកយកព័ត៌មានបីនាក់ផ្សេងទៀតមកពីការសែតក្នុងស្រុកត្រូវបានចោទថាដេញតាមអ្នកភូមិដឹកឈើតាមរទេះគោ ដែលពួកគេយកធ្វើរបងផ្ទះនៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកបានបដិសេធមិននិយាយថាអ្នកសារព័ត៌មាន”បានជំរិតទារប្រាក់ពីអ្នកភូមិចំនួនប៉ុន្មានទេ”។

លោក សុទ្ធារិទ្ធ បាននិយាយថា លោក ស៊ីណា ត្រូវបានចោទប្រកាន់កំបាំងមុខពីបទជំរិត ទារប្រាក់កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ប៉ុន្តែបានគេចខ្លួនចេញពីខេត្ត។ តុលាការខេត្តពោធិ៍សាត់បានចេញដីកាចាប់ខ្លួនអ្នកកាសែតរូបនេះកាលពីខែមុន ក្រោយពីអាជ្ញាធរនៅខេត្តបាត់ដំបងបានទទួលដំណឹងថា លោក ស៊ីណា បានលាក់ខ្លួននៅក្នុងខេត្ត។

ក្រឡាបញ្ជីរូបនេះបដិសេធមិនបញ្ជាក់អត្តសញ្ញាណអ្នកកាសែតបីអ្នកផ្សេងទៀតដែលបានចោទប្រកាន់ក្នុងករណីនេះ ឬឈ្មោះកាសែតដែលគេបានធ្វើការឲ្យនៅឆ្នាំ២០១៣នោះទេ។

លោក សុទ្ធារិទ្ធ បាននិយាយថា “អ្នកកាសែតបីនាក់ទៀតបានចោទប្រកាន់រួចហើយ យើងនឹងចាប់ពួកគេ បើយើងឃើញពួកគេពេលណាមួយ”។

ទូរទស្សន៍បាយ័នជារបស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក សៅ ភិរុណ អ្នកចាត់ចែងព័ត៌មានរបស់ស្ថានីយនេះបាននិយាយថា លោក ស៊ីណា មិនដែលធ្វើការឲ្យទូរទស្សន៍បាយ័នទេ។

លោក លីដា នាយការិយាល័យបាននិយាយថា លោក ស៊ីណា ត្រូវបានសាកសួរនៅតុលាការខេត្តពោធិ៍សាត់ ក្រោយពីការចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ហើយបន្ទាប់មកបញ្ជួនទៅពន្ធនាគារខេត្ត ដើម្បីរង់ចាំការកាត់ក្តី។

ការជំរិតទារប្រាក់អាចមានទោសជាប់ពន្ធនាគារពីពីរឆ្នាំដល់ប្រាំឆ្នាំ ហើយពិន័យជាប្រាក់ ១០លានរៀល ឬ២៥០០ដុល្លារ។

លោក មឿន ឈានណារិទ្ធិ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានបាន និយាយថា ការប្រើប័ណ្ណសារព័ត៌មានគំរាមអ្នកភូមិមិនចេះអក្សរនៅតែជាបញ្ហាអាក្រក់នៅប្រទេសកម្ពុជា។

លោកបាននិយាយថា “យើងកំពុងតែសោកសង្រេង ដែលអ្នកសារព័ត៌មានខ្លះប្រព្រឹត្តបទល្មើសដូចជាការជំរិតទារប្រាក់ពីជំនួញខុសច្បាប់។ខ្ញុំគិតថា អាជ្ញាធរគួរប្រើក្រមព្រហ្មទណ្ឌ ដើម្បីចាប់ពួកគេ”៕ មាំ វិបុល 

(សេចក្តីបញ្ជាក់: ការឆ្លើយតបរបស់ទូរទស្សន៍បាយ័នបានបញ្ជូលទៅក្នុងអត្ថបទដើម)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស