29 C
Phnom Penh

អាចារ្យអេ ប្រកាស​ជ័យជម្នះ​​ក្នុង​ជម្លោះ​រឹបអូស​រថយន្ត​សង្គ្រោះ​បន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់ស្ថានីយវិទ្យុអេប៊ីស៊ី ដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា បានបដិសេធមិនថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយចំពោះអំណោយ “រថយន្តអន្តរាគមន៍” បីគ្រឿងដែលលោកបានផ្តល់ដល់ផ្នែកមនុស្សធម៌របស់វិទ្យុនេះ ដោយប្រដូចការរឹបអូស និងការប្រគល់រថយន្តសង្គ្រោះបន្ទាន់គ្មានអាជ្ញាប័ណ្ណមួយគ្រឿងរបស់វិទ្យុអេប៊ីស៊ីឲ្យវិញភ្លាមៗទៅនឹងជ័យជម្នះក្នុងសង្គ្រាម ហើយចាត់ទុកមន្ត្រីការិយាធិបតេយ្យក្នុងជួររដ្ឋាភិបាលជា “សត្វស្វា”។

ការអត្ថាធិប្បាយបែបនេះដោយលោក សេង ប៊ុនវេង ពាណិជ្ជករ និងជាពិធីករវិទ្យុដ៏ចម្រូងចម្រាសដែលគេស្គាល់ច្បាស់ថា “អាចារ្យអេ” បានបង្ហាញពីការបញ្ចប់រឿងដ៏ច្របូកច្របល់មួយដែលបានកើតឡើងរយៈពេល៥ថ្ងៃ នៅពេលមន្ត្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រឹបអូសរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងរបស់វិទ្យុអេប៊ីស៊ីកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែរថយន្តនោះគ្មានអាជ្ញាប័ណ្ណ ខ្វះសម្ភារបិរក្ខារ និងបុគ្គលិកពេទ្យដើម្បីធ្វើប្រតិបត្តិការជារថយន្តសង្គ្រោះបន្ទាន់ និងត្រូវបានវិទ្យុនេះប្រើសម្រាប់ដឹកទឹកត្របែកលក់។

លោក សេង ប៊ុនវែង ហៅអាចារ្យអេ ម្ចាស់ស្ថានីយវិទ្យុ អេប៊ីស៊ី និងអ្នកគាំទ្រជិះរថយន្តដឹកអីវ៉ាន់ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីសាលារាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក សេង ប៊ុនវែង ហៅអាចារ្យអេ ម្ចាស់ស្ថានីយវិទ្យុ អេប៊ីស៊ី និងអ្នកគាំទ្រជិះរថយន្តដឹកអីវ៉ាន់ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីសាលារាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

វិទ្យុអេប៊ីស៊ីអះអាងថា រថយន្តសង្គ្រោះបន្ទាន់នេះក៏ប្រើសម្រាប់ដឹកសពសាច់ញាតិរបស់គ្រួសារក្រីក្រ និងជំនួយសង្គ្រោះអំឡុងពេលមានគ្រោះធម្មជាតិផងដែរ ហើយបណ្ដាប្រិយមិត្តគាំទ្របាននាំគ្នាទូរស័ព្ទចូលកម្មវិធីផ្សាយរបស់វិទ្យុអេប៊ីស៊ី ដើម្បីការពាររថយន្តសង្គ្រោះបន្ទាន់នេះ។

លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីបានឆ្លើយតបវិញដោយការគំរាមប្ដឹងលោក សេង ប៊ុនវេង ពីបទហៅមន្ត្រីរបស់លោកថា “តិរច្ឆាន” ចំពោះការរឹបអូសរថយន្តសង្គ្រោះបន្ទាន់នេះ។

កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីបានអន្តរាគមន៍ក្នុងជម្លោះនេះ ដោយទូរស័ព្ទចូលវិទ្យុអេប៊ីស៊ី  ដើម្បីប្រកាសតាមរលកធាតុអាកាសថា លោក សុខ សុគន្ធ នឹងត្រូវដកពីតំណែង ហើយសន្យាប្រគល់រថយន្តសង្គ្រោះបន្ទាន់ឱ្យវិញ ព្រមទាំងផ្តល់អំណោយរថយន្តពីរគ្រឿងបន្ថែមទៀត។ កាលពីថ្ងៃច័ន្ទ លោកបានតែងតាំងលោក សុខ សុគន្ធ ជាអគ្គនាយករងបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល។

អំឡុងពិធីមួយនៅសាលារាជធានីភ្នំពេញ កាលពីម្សិលមិញ លោក សេង ប៊ុនវេង បានទទួលយកអំណោយរថយន្តសង្គ្រោះបន្ទាន់ថ្មីប្រភេទ១២កៅអីចំនួនពីរគ្រឿង និងរថយន្តដឹកឥវ៉ាន់មួយគ្រឿង ប៉ុន្តែបានបដិសេធមិនថ្លែងអំណរគុណម្ចាស់អំណោយឡើយ។

cam-photo-front-channa-3លោកមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រីដែលផ្តុំគ្នាថតរូបស៊ែលហ្វីថា ”ថ្ងៃហ្នឹងអត់បានតាំងចិត្តមកអរគុណដល់សម្ដេចនាយកតេជោ ទេ។ អត់អរគុណដែលឱ្យឡានទេ ពីព្រោះសម្ដេចនាយកឱ្យឡានមកហ្នឹងដើម្បីបម្រើរដ្ឋាភិបាលរបស់គាត់ មិនមែនជារបស់អាចារ្យអេទេ។ គ្រាន់តែប្រើអាចារ្យអេ ឱ្យធ្វើការដើម្បីគាត់ប៉ុណ្ណោះ”។

ស្ថិតក្នុងសម្លៀកបំពាក់ឈុតខ្មៅ ហើយកបង់ក្រមាពណ៌ខៀវ បុរសវ័យជាង៧០ឆ្នាំដែលចងសក់ទៅក្រោយរូបនេះបានលើកឡើងថា លោកមិនចង់ទទួលយករថយន្តដឹកអីវ៉ាន់នេះទេ ពោលគឺដូចរថយន្តសង្គ្រោះបន្ទាន់ដែលសន្យាផ្តល់ឲ្យលោកអ៊ីចឹងដែរ ប៉ុន្តែលោក ហ៊ុន សែន បង្ខំឱ្យលោកទទួល។

លោកថ្លែងថា “គាត់យល់ថា អាឡានហ្នឹងហើយ ហ្អែងធ្វើខុសច្បាប់ ហ្អែងត្រូវតែធ្វើឱ្យត្រូវច្បាប់ពីថ្ងៃហ្នឹងទៅ”។លោកបានបន្តថា រឿងអាស្រូវរថយន្តសង្គ្រោះបន្ទាន់នេះបានបង្ខំឱ្យលោកនាយករដ្ឋមន្ត្រីទទួលស្គាល់ឥទ្ធិពលរបស់ប្រព័ន្ធផ្សព្វផ្សាយ ដោយអួតថា អ្នកកាសែតស្ថិតក្នុងអំណាចទី៤ បន្ទាប់ពីនាយករដ្ឋមន្ត្រី រដ្ឋសភា និងតុលាការ។ “សម្តេច ហ៊ុន សែន ថ្ងៃនេះបានបើកចំហភ្លើងខៀវឱ្យយើងទាំងអស់គ្នាជាអ្នកសារព័ត៌មាន គឺជាអំណាចទី៤”។

យោងតាម Who Owns The Media ជាគេហទំព័រមួយដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការអ្នកកាសែតគ្មានព្រំដែន បានឱ្យដឹងថា លោក សេង ប៊ុនវេង គឺជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយធំបំផុតទី៤នៅក្នុងប្រទេសកម្ពុជាបើផ្អែកទៅលើចំនួនប្រិយមិត្តគាំទ្រ។ ភាពឯករាជ និងសុចរិតភាពរបស់ស្ថានីយវិទ្យុអេប៊ីស៊ី បានជាប់មន្ទិលសង្ស័យកាលពីឆ្នាំ២០១៣ ដែលពេលនោះលោក សេង ប៊ុនវេង លើកឡើងថា យោធានឹងធ្វើរដ្ឋប្រហារ ប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំនោះ។ លោកបានព្រមាននៅពេលនោះថា “ឈាមនឹងហូរដាបពេញផ្លូវ”។

cam-photo-ambulance-folo-channaថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីពិធីកាលពីម្សិលមិញ លោក សេង ប៊ុនវេង បានលើកឡើងថា ចំណាត់ការរបស់លោក សុខ សុគន្ធ រឹបអូសរថយន្តសង្គ្រោះបន្ទាន់របស់វិទ្យុអេប៊ីស៊ី កាលពីសប្ដាហ៍មុន គឺស្មើនឹងការប្រកាសសង្គ្រាម។ លោកបានមានប្រសាសន៍ថា ”ប៉ុន្តែពេលនេះសង្គ្រាមចប់ហើយ  ពីព្រោះយើងជាអ្នកឈ្នះ។ យើងគ្រាន់តែចង់កាត់កមាន់បង្ហាញស្វានៅតាមមន្ទីរនានាថា អ្នកឯងត្រូវតែបម្រើប្រជាពលរដ្ឋ”។

លោកបានច្រានចោលការរិះគន់ដែលលើកឡើងថា ស្ថានីយវិទ្យុអេប៊ីស៊ីគួរណាតែចុះបញ្ជីរថយន្តសង្គ្រោះបន្ទាន់នេះ បន្ទាប់ពីគេបរិច្ចាគវាដល់ខ្លួនកាលពីឆ្នាំ២០១១។ លោកថ្លែងថា “ពេលមើលភាពយន្តហូលីវូដ យើងឃើញប៉ូលិសយកឡានពីអ្នកបើកបរដើម្បីដេញចាប់ចោរ។ ដូច្នេះស្ថានភាពរបស់យើងគឺស្រដៀងគ្នា។ យើងមានកំហុស ប៉ុន្តែលទ្ធផលដែលយើងសម្រេចបានគឺមានប្រយោជន៍” មុនពេលលោកឡើងជិះរថយន្តដឹកអីវ៉ាន់ចាកចេញពីបរិវេណសាលារាជធានីភ្នំពេញ និងបក់ដៃលាអ្នកគាំទ្រ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលបានប្រគល់កូនសោរថយន្តអំណោយថ្មីទាំងនេះដល់អាចារ្យអេ បានទទួលស្គាល់ថា ការរឹបអូសរថយន្តសង្គ្រោះបន្ទាន់នេះបណ្តាលមកពី ”ការយល់ច្រឡំ” ប៉ុន្តែមានប្រសាសន៍ថា រថយន្តថ្មីទាំងនេះគួរតែហៅថា “រថយន្តអន្តរាគមន៍” ហើយប្រើប្រាស់ឱ្យស្របទៅតាមច្បាប់។ ”អ្នកជំងឺមិនអាចប្រើប្រាស់រថយន្តអន្តរាគមន៍បានទេ គេត្រូវហៅរថយន្តសង្គ្រោះបន្ទាន់”។

ទាំងស្ថានីយវិទ្យុអេប៊ីស៊ី និងលោកនាយករដ្ឋមន្ត្រីសុទ្ធតែបដិសេធថា រថយន្តសង្គ្រោះបន្ទាន់នេះមិនមែនធ្វើប្រតិបត្តិការដោយគ្មានច្បាប់ទម្លាប់នោះទេ។ លោក ហ៊ុន សែន បានទទួលស្គាល់ថា មន្ត្រីរបស់លោក សុខ សុគន្ធ ដែល១៦នាក់ក្នុងចំណោមនោះជានគរបាលយុត្តិធម៌ មានសិទ្ធិឃាត់រថយន្តសង្គ្រោះបន្ទាន់នេះកាលពីសប្ដាហ៍មុន ប៉ុន្តែបានលើកឡើងតាមសារមួយបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យថា តួនាទីរបស់លោក សុខ សុគន្ធ តម្រូវឱ្យលោក “ស្នើសុំកម្លាំងដឹកនាំ និងការសម្របសម្រួលពីព្រះរាជអាជ្ញាដោយអនុលោមតាមនីតិវិធីជាធរមាន”។

ទោះជាយ៉ាងណា លោក សុខ សំអឿន អ្នកជំនាញផ្នែកច្បាប់បានមានប្រសាសន៍កាលពីម្សិលមិញថា នគរបាលយុត្តិធម៌មានសិទ្ធិរឹបអូសសម្ភារ និងធ្វើការចាប់ខ្លួនភ្លាមៗដោយមិនចាំបាច់មានតុលាការចូលរួមពាក់ព័ន្ធ។លោកបានបកស្រាយថា នគរបាលយុត្តិធម៌អាចចាត់វិធានការបានដោយមិនចាំបាច់មានដីកា ប្រសិនបើពួកគេឃើញបទល្មើសមួយកំពុងកើតឡើង។ “ពួកគេអាចចោទប្រកាន់តាមក្រោយបាន”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស