26 C
Phnom Penh

សកម្មជន ‘ថ្ងៃច័ន្ទពណ៌ខ្មៅ’ នៅ​ជាប់ពន្ធនាគារ​ដដែល ហើយ​ជន​បរទេស​ម្នាក់ត្រូវបាន​សាកសួរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយបង្កើនការដាក់សម្ពាធទៅលើយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” នគរបាលបានឃុំខ្លួនសកម្មជនពីរនាក់ក្នុងពន្ធនាគារកាលពីយប់មិញបន្ទាប់ពីបានចាប់ខ្លួនពួកគេកាលពីថ្ងៃច័ន្ទនៅឯការតវ៉ាដោយសន្តិវិធីមួយ ចំណែកជនជាតិអេស្ប៉ាញម្នាក់ក៏ត្រូវបានសាកសួរដោយនគរបាលអន្តោប្រវេសន៍អំពីការចូលរួមក្នុងការតវ៉ានោះផងដែរ។

cam-photo-black-monday-channa-1យុទ្ធនាការនេះត្រូវបានធ្វើឡើង១៥សប្តាហ៍ មកហើយ ដើម្បីទាមទារឱ្យដោះលែងមន្ត្រីបួនរូបរបស់សមាគមសិទ្ធិមនុស្សអាដហុក និងមន្ត្រីរៀបចំការបោះឆ្នោតមួយរូបដែលត្រូវបានចាប់ដាក់ពន្ធនាគារក្នុងអ្វីដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាករណីមានហេតុផលនយោ បាយ។ កាលពីល្ងាចថ្ងៃច័ន្ទ អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានរុញចូលក្នុងរថយន្តនគរបាលខណៈដែលអាជ្ញាធរបានបំបែកការតវ៉ាមួយនៅក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញដែលអ្នកចូលរួមភាគច្រើនជាស្ត្រី និងកុមារដោយមានកាន់ផ្កាឈូក និងបដាខណៈដែលពួកគាត់បានស្រែកពាក្យស្លោក។

បើទោះជាការចាប់ខ្លួនសកម្មជនទាំងនេះបានកើតឡើងជាប្រចាំអំឡុងការតវ៉ាពាក់ព័ន្ធយុទ្ធនាគារថ្ងៃច័ន្ទពណ៌ខ្មៅរយៈពេលបីខែមកហើយក៏ដោយ ក៏ពួកគាត់តែងតែត្រូវបានដោះលែងនៅថ្ងៃដដែលដែលពួកគាត់ត្រូវបានឃុំខ្លួនបន្ទាប់ពីបានធ្វើកិច្ចសន្យាថា នឹងឈប់ធ្វើការតវ៉ាទៀត។

ទោះយ៉ាងណា ឥឡូវនេះ អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានឃុំខ្លួន នៅក្នុងអធិការដ្ឋាននគរបាលខណ្ឌដូនពេញរយៈពេលពីរយប់ បើតាមច្បាប់ ពួកគាត់អាចត្រូវបានឃុំខ្លួនដោយគ្មានការចោទប្រកាន់រយៈពេលតែ៤៨ម៉ោងប៉ុណ្ណោះលុះណាតែមានការពន្យារពេលពិសេសដែលអនុម័តដោយព្រះរាជអាជ្ញា។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា អាជ្ញាធរបានសម្រេចចាត់វិធានការតឹងរ៉ឹងដល់អ្នកទាំងពីរនេះ ពីព្រោះអ្នកធ្វើយុទ្ធនាការនេះមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតហើយមិនគោរពការសន្យាដែលថា នឹងមិនជួបជុំគ្នាជាសាធារណៈទៀតនោះ។

លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា “យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ រដ្ឋាភិបាលមិនអនុញ្ញាតឱ្យពួកគាត់ធ្វើទេ។ យើងបានធ្វើកិច្ចសន្យាជាមួយពួកគាត់ច្រើនលើកច្រើនសាមកហើយ តែពួកគាត់មិនដែលគោរពតាមឡើយ ដូច្នេះហើយ នគរបាលត្រូវតែចាត់វិធានការ”។ ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលោកបានថ្លែងថា “ពួកគាត់ទាំងពីរនាក់នេះគឺជាអ្នកដឹកនាំ”។

អ្នកស្រី ស៊ុង ស្រីលាភ សកម្មជនតំបន់បឹងកក់ដែលបានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃច័ន្ទ បានជំទាស់នឹងការចាប់ខ្លួននេះ ហើយថាអាជ្ញាធរធ្វើមិនត្រឹមត្រូវទេ។

អ្នកស្រីបាននិយាយថា “នៅពេលយើងធ្វើកិច្ចសន្យា ពួកគេបានសុំឱ្យយើងធ្វើជាពលរដ្ឋល្អ ហើយកុំបំផ្លាញសង្គម ដូច្នេះយើងបានអនុវត្តតាមការសន្យានោះ ហើយយើងមិនដែលធ្វើអ្វីដែលមានផលប៉ះពាល់មិនល្អដល់សង្គមឡើយ។ ហេតុអ្វីបានជាពួកគេនិយាយថា យើងមិនគោរពការសន្យាទៅវិញ?”។ នគរបាលខណ្ឌបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេនៅថ្ងៃទី២។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា វាអាស្រ័យលើនគរបាលខណ្ឌក្នុងការសម្រេចថា តើត្រូវ ផ្តន្ទាទោសអ្នកទាំងពីរឬយ៉ាងណានោះ។លោកបានបន្តថា “នគរបាលយុត្តិធម៌ខណ្ឌ ពួកគេអាចរៀបចំឯកសារ ហើយបញ្ជូនពួកគេទៅតុលាការ”។

សកម្មជនប្រហែល២០នាក់បានជួបជុំគ្នានៅខាងក្រៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាចម្សិលមិញ ទាមទារឱ្យដោះលែងពួកគាត់។

នៅម៉ោងប្រហែល១០ព្រឹក នគរបាលអន្តោប្រវេសន៍បានមកដល់ប៉ុស្តិ៍នគរបាលនេះ ហើយបានឃាត់ខ្លួនស្ត្រីជនជាតិអេស្ប៉ាញម្នាក់ដែលកំពុងតវ៉ាជាមួយសកម្មជនបឹងកក់ ហើយបាននាំស្ត្រីរូបនេះទៅសាកសួរនៅនាយកដ្ឋានអន្តោប្រវេសន៍។

លោក អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានប្រាប់ថា ស្រីរូបនេះឈ្មោះ Marga Bujosa Segado អាយុ៣៨ឆ្នាំ។

នៅពេលសួរថា តើហេតុអ្វីបានជានាំខ្លួនស្ត្រីរូបនេះទៅសាកសួរនោះ ឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា បានមានប្រសាសន៍ថា អាជ្ញាធរមានការសង្ស័យពីវត្តមានជាប្រចាំរបស់គាត់ក្នុងការតវ៉ានៅតំបន់បឹងកក់។

លោកថ្លែងថា “យើងបានឃាត់ខ្លួនគាត់ ពីព្រោះយើងឃើញគាត់ចូលរួមជាមួយពួកគេរាល់សប្តាហ៍តែម្តង។ តើគាត់មានផែនការអ្វី?”។

លោកបានបន្តថា ទោះយ៉ាងណា បន្ទាប់ពីការសាកសួរ យើងរកឃើញថា គាត់មានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពនៅឡើយ ហើយនគរបាលបានដោះលែងស្ត្រីឈ្មោះ Segado វិញនៅពេលរសៀល។លោកបានថ្លែងថា “ប្រសិនបើគាត់ធ្វើអ្វីផ្ទុយនឹងច្បាប់ជាមួយក្រុមនេះយើងនឹងចាត់វិធានការ”។

នៅពេលទាក់ទងតាមទូរស័ព្ទបន្ទាប់ពីការដោះលែង ស្ត្រីឈ្មោះ Segado ជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Granada ក្នុងប្រទេសអេស្ប៉ាញបានថ្លែងថា ក្រុមមន្ត្រីអន្តោប្រវេសន៍បានព្រមានគាត់កុំឱ្យចូលរួមការតវ៉ាទៀតនៅពេលអនាគត។

ស្ត្រីរូបនេះបាននិយាយថា “ព្រោះខ្ញុំ មិនមែនជាអ្នកសារព័ត៌មាន ឬបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលអ្វីទេ ខ្ញុំគ្រាន់តែធ្វើការស្រាវស្រាវឱ្យសាកលវិទ្យាល័យប៉ុណ្ណោះ។ ពួកគេបានប្រាប់ខ្ញុំថា វាមិនល្អទេ សម្រាប់ រដ្ឋាភិបាលកម្ពុជា”។

ស្ត្រីរូបនេះបន្ថែមថា “ពួកគេនិយាយថា ខ្ញុំអាចស្រាវជ្រាវបាន ប៉ុន្តែកុំធ្វើបាតុកម្ម ឬចូលរួមក្នុងសកម្មភាពណាមួយ។ ពួកគេបានប្រាប់ខ្ញុំថា ប្រសិនបើខ្ញុំចូលរួមនៅក្នុងសកម្មភាពនយោបាយណាមួយទៀតនោះ… ពួកគេនឹងចាប់បញ្ជូនខ្ញុំទៅតុលាការមិនខាន”។

គាត់បាននិយាយថា ក្រុមមន្ត្រីអន្តោប្រវេសន៍បានព្យាយាមឱ្យគាត់ធ្វើកិច្ចសន្យាថា គាត់បានទៅនាយកដ្ឋានអន្តោប្រវេសន៍ដោយឆន្ទៈរបស់ខ្លួន ហើយថា គាត់បានយល់ព្រមទុកលិខិតឆ្លងដែនរបស់គាត់នៅនាយកដ្ឋាននោះ ប៉ុន្តែគាត់បានបដិសេធ។

ស្ត្រីរូបនេះបានបន្តថា “ខ្ញុំមិនបានយល់ព្រមទេ។ ពេលនោះខ្ញុំបានប្រាប់ពួកគេថា ខ្ញុំចង់យកលិខិតឆ្លងដែនរបស់ខ្ញុំ ហើយខ្ញុំមិនចង់ចុះហត្ថលេខាលើលិខិតស្អីទេ។ ពេលនោះពួកគេមិនសប្បាយចិត្ត ហើយទីបំផុតខ្ញុំមិនបានចុះហត្ថលេខាលើលិខិតនោះទេ តែពួកគេបានដកលិខិតឆ្លងដែនខ្ញុំទុក”។ ស្ត្រីរូបនេះបានបន្ថែមថា លិខិតឆ្លងដែនរបស់គាត់នឹងត្រូវប្រគល់ឲ្យវិញនៅថ្ងៃនេះ៕ សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស