25 C
Phnom Penh

រដ្ឋាភិបាល​បព្ជាក់​ថា​ការ​អះអាង​អំពី​ការ​ធ្វើ​បាប​នៅ​ម៉ាឡេស៊ី​មិន​ពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃអង្គារ ក្រសួងការបរទេសបានឆ្លើយបដិសេធការអះអាងរបស់ស្ត្រីពីរនាក់ ដែលនិយាយថា ពួកគេបានឃើញអ្នកទោសជាច្រើននាក់នៅកន្លែងឃុំខ្លួនមួយកន្លែងនៅប្រទេសម៉ាឡេស៊ី ត្រូវអ្នកយាមវាយធ្វើបាបរហូតដល់ស្លាប់កាលពីដើមឆ្នាំនេះ ក្នុងនោះមានទាំងជនរួមឈាមខ្មែរផង។

ស្ត្រីទាំងនោះបានធ្វើការជាអ្នកបម្រើការតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី មុនពេលចាកចេញពីអ្វីដែលពួកគេបាននិយាយថា ជាគ្រួសាររំលោភបំពាន និងត្រូវចាប់ខ្លួនដោយនគរបាល ដែលបានបញ្ជូនពួកគាត់ទៅកន្លែងឃុំឃាំងមួយឈ្មោះថា ជូរូ (Juru) ក្នុងរដ្ឋប៉េណាំងភាគពាយព្យរបស់ប្រទេសម៉ាឡេស៊ី។ តាមសំណើពីស្ថានទូតកម្ពុជាប្រចាំក្រុងគូឡាឡាំពួ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) បានចេញតម្លៃសំបុត្រយន្តហោះរបស់ពួកគេឲ្យមកស្រុកវិញកាលពីពាក់កណ្តាលខែមិថុនា។

ស្ត្រីម្នាក់ក្នុងចំណោមនោះ ដែលបាននិយាយជាមួយកាសែតខេមបូឌា ដេលី កាលពីខែមុន បាននិយាយថា អ្នកយាមនៅ ជូរូ ជាទម្លាប់បានទាត់ធាក់និងដាល់អ្នកទោស ឬបោកក្បាលរបស់ពួកគេនឹងជញ្ជាំង ហើយថា អ្នកស្រីបានឃើញជនជាតិខ្មែរប្រាំនាក់និងជនជាតិវៀតណាមពីរនាក់ស្លាប់ក្នុងរយៈពេលប្រហែលប្រាំមួយខែ ខ្លះស្លាប់នៅទីឃុំឃាំងនិងខ្លះស្លាប់នៅមន្ទីរពេទ្យមួយក្បែរនោះ។

សង់ត្រាល់បាននិយាយថា ស្ត្រីម្នាក់ទៀតដែលមិនអាចទាក់ទងបានតាំងពីនាងត្រឡប់មកវិញ បានរៀបរាប់ដូចគ្នាអំពីការវាយដុំធ្វើបាបនិងការស្លាប់នៅកន្លែងឃុំខ្លួននោះ មុនពេលចាកចេញពីការថែរក្សារបស់អង្គការនេះ។

សង់ត្រាល់បានស្នើឲ្យស្ត្រីទាំងនោះកុំប្រាប់ឈ្មោះដើម្បីសុវត្ថិភាពរបស់ពួកគាត់។

អង្គការនេះបាននិយាយថា ខ្លួនបានជូនព័ត៌មានដល់ក្រុមមន្ត្រីនៅស្ថានទូតកម្ពុជាក្នុងប្រទេសម៉ាឡេស៊ី ទាក់ទិននឹងការអះអាងរបស់ស្ត្រីទាំងនោះអំពីការរំលោភធ្វើបាប បន្ទាប់ពីពួកគេត្រូវបានបញ្ជូនមកស្រុកវិញភ្លាម ហើយត្រូវបានគេប្រាប់ថា ស្ថានទូតខ្វះធនធានដើម្បីស៊ើបអង្កេត។

ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាននិយាយថា ក្រុមមន្ត្រីស្ថានទូតបានទៅមើលជូរូនាពេលថ្មីៗនេះ ហើយបុគ្គលិកនៅមណ្ឌលនោះបានប្រាប់ថា ការអះអាងអំពីការរំលោភបំពានមិនពិតទេ។

សេចក្តីប្រកាសព័ត៌មានបាននិយាយថា “ពន្ធនាគារជូរូបានបដិសេធការចោទប្រកាន់ដែលថា អ្នកទោសនៅទីនោះត្រូវបានធ្វើទារុណកម្ម និងថាជនជាតិខ្មែរមួយចំនួនបានស្លាប់ដោយសារទារុណកម្មនោះ”។

បុគ្គលិកជូរូ ក៏បានប្រាប់ស្ថានទូតថា ជនជាតិខ្មែរ៣៣នាក់ត្រូវបានឃុំខ្លួននៅទីនោះក្នុងឆ្នាំនេះ ហើយថាជនជាតិខ្មែរទាំងអស់បានវិលមកស្រុកវិញហើយលើកលែងតែពីរនាក់ប៉ុណ្ណោះ។ ពួកគេបាននិយាយថា ម្នាក់ក្នុងចំណោមពីរនាក់នោះនឹងចាកចេញក្នុងពេលឆាប់ៗនេះ ហើយម្នាក់ទៀតឈ្មោះ សាំង ផ្លាត បានស្លាប់ដោយសារជំងឺនៅឯមន្ទីរពេទ្យម៉ាឡេស៊ីកាលពីថ្ងៃទី២៣ខែមិថុនា។

លោក មឿន តុលា ប្រធានសង់ត្រាល់ បាននិយាយថា លោកវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ក្រសួង ប៉ុន្តែបាននិយាយបន្ថែមថា ការស៊ើបអង្កេតឯករាជ្យមួយលើអ្វីដែលបានកើតឡើងនៅឯជូរូ ដែលស្ថាប័នសិទ្ធិមនុស្សក្នុងប្រទេសម៉ាឡេស៊ីបានលើកឡើងនូវស្ថានភាពមិនល្អនិងការរំលោភបំពានដែលរងការចោទ ត្រូវតែធ្វើឡើងឲ្យបានត្រឹមត្រូវ។

លោកបាននិយាយថា “ចាប់តាំងពីការរំលោភបំពាន ឬទារុណកម្មត្រូវបានគេរាយការណ៍ និង [ដោយសារ] ស្នងការសិទ្ធិមនុស្សម៉ាឡេស៊ីហើយនិងអង្គការក្រៅរដ្ឋាភិបាលម៉ាឡេស៊ី ក៏បានអះអាងបញ្ជាក់អំពីការរំលោភបំពាននេះដែរនៅកន្លែងឃុំខ្លួនជូរូនោះ ខ្ញុំគិតថា ការស៊ើបអង្កេតឯករាជ្យចាំបាច់ត្រូវធ្វើឡើងដោយប្រាកដប្រជា”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស