30.7 C
Phnom Penh

សមត្ថកិច្ច​ចាប់​បុរស​ជនជាតិ​ចិន​ដែល​មាន​កុយ​រមាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយថា ការឆែកអីវ៉ាន់របស់បុរសចិនដែលធ្វើដំណើរមកដល់ក្រុងភ្នំពេញបានរកឃើញកុយរមាសទម្ងន់ជាងបួនគីឡូក្រាម ដែលអង្គការក្រៅរដ្ឋាភិបាលខាងសត្វព្រៃថាមានតម្លៃជាង៤០០.០០០ដុល្លារនៅទីផ្សារចិន ដែលនៅទីនោះគេចង់បានធ្វើជានិមិត្តរូប។

សមត្ថកិច្ចគយនិងនគរបាលអន្តោប្រវេសន៍កម្ពុជាបាននិយាយថា លោក វ៉េង ជីយុង (Weng Zhiyong) អាយុ៣១ឆ្នាំ បានធ្វើដំណើរពីប្រទេសណាមីប៊ី ប៉ុន្តែបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីរសៀលថ្ងៃអាទិត្យ តាមជើងយន្តហោះក្រុមហ៊ុនអាកាសចរណ៍កាតាដែលហោះចេញពីទីក្រុងដូហា។

តាមអន្តោប្រវេសន៍អាកាសយានដ្ឋាន វាជាជើងហោះហើរតែមួយដែលជនជាតិរូម៉ានីម្នាក់ត្រូវបានគេចាប់ដោយការធ្វើដំណើរមានកូកាអីនជិតប្រាំគីឡូក្រាមមកជាមួយ ដែលមានតម្លៃជាង៥០០.០០០ដុល្លារ។ លោក វ៉េង ត្រូវបានចាប់ខ្លួននៅម៉ោង៤និង៣០នាទី បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបានឆែកវ៉ាលិសរបស់គាត់។

លោក លៀង ហៃ ប្រធានស្នាក់ការគយនៅអាកាសយានដ្ឋាន បាននិយាយថា “យើងបានសម្រេចឆែកគោលដៅ បន្ទាប់ពីយើងបានដឹងអំពីប្រទេសដែលគាត់ធ្វើដំណើរមក។ ពីមុន យើងបានចាប់ខ្លួនមនុស្សជាច្រើននាក់ ច្រើនតែជាជនជាតិចិននិងវៀតណាម ដែលមានកុយរមាស”។

លោក ហៃ បាននិយាយថា ការចាប់បានកុយប្រាំបីកំណាត់ទម្ងន់៤,៣៨គីឡូក្រាម ជាការចាប់បានកុយរមាសដ៏ច្រើនលើកទី៥នៅអាកាសយានដ្ឋានកម្ពុជាតាំងពីឆ្នាំ២០១២មក។

លោក ថូម៉ាស គ្រេ (Thomas Gray) នាយកវិទ្យាសាស្ត្រនៃសម្ព័ន្ធភាពសត្វព្រៃ ជាអង្គការក្រៅរដ្ឋាភិបាលប្រឆាំងការជួញដូរ បាននិយាយថា ការចាប់បានជាពិសេសនេះនឹងមានតម្លៃរវាងពី៤០០.០០០ដុល្លារទៅ៨០០.០០០ដុល្លារក្នុងប្រទេសចិន ដែលប្រហែលជាគោលដៅចុងក្រោយ ដែលនៅទីនោះវាត្រូវគេប្រើធ្វើថ្នាំ និងតាំងសម្ញែងជានិមិត្តរូប។

លោក គ្រេ បាននិយាយថា “ការយល់ដឹងរបស់យើងសព្វថ្ងៃអំពីទីផ្សារងងឹតគឺថា កុយមានតម្លៃពី១០០.០០០ដុល្លារដល់២០០.០០០ដុល្លារក្នុងមួយគីឡូក្រាម”។ លោកបាននិយាយបន្ថែមថា លោក វ៉េង តាមសង្ស័យជាមនុស្សដែលគេជួលឲ្យដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ទំនងជានឹងទទួលបានកម្រៃតិចតួច។

លោក ហៃ និយាយថា លោក វ៉េង ត្រូវបានបញ្ជូនខ្លួនទៅក្រសួងកសិកម្មកាលពីថ្ងៃអាទិត្យដើម្បីសាកសួរ។ មន្ត្រីនៅក្រសួងនេះមិនអាចទាក់ទងបានទេកាលពីថ្ងៃអង្គារ ដើម្បីដឹងព័ត៌មានថ្មីអំពីស្ថានភាពរបស់គាត់។

លោក គ្រេ បាននិយាយថា ការជួញដូរកុយរមាសជាបញ្ហាមួយកាន់តែធំក្នុងប្រទេសកម្ពុជា ក្នុងខណៈដែលវិធានការសន្តិសុខនៅអាកាសយានដ្ឋានវៀតណាមនិងថៃកាន់តែតឹងរ៉ឹងខ្លាំងឡើង។

លោកបាននិយាយថា “មជ្ឈដ្ឋានខ្លះនិយាយថា ចំពោះសកម្មភាពបែបនេះ ១០ទៅ២០ភាគរយត្រូវចាប់បាន”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស