31 C
Phnom Penh

សកម្មជនបឹងកក់ជាប់ពន្ធនាគារ ខណៈអ្នកស្រាវជ្រាចជនជាតិអេស្ប៉ាញត្រូវនិរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបានលើកឡើងថា សកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោពីរនាក់ត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីម្សិលមិញ ក្រោមការចោទប្រកាន់ពីបទញុះញង់ពាក់ព័ន្ធការចូលរួមរបស់ពួកគាត់នៅក្នុងយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលកំពុងតែបន្ត ខណៈអ្នកស្រាវជ្រាវជនជាតិអេស្ប៉ាញម្នាក់ត្រូវបាននិរទេសកាលពីយប់មិញពីបទជាប់ពាក់ព័ន្ធនៅក្នុងការតវ៉ាេនះ។

កាលពីថ្ងៃច័ន្ទ សកម្មជនសិទ្ធិមនុស្សអ្នកស្រី ទេព វន្នី អាយុ៣៥ឆ្នាំ និងអ្នកស្រី បូវ សោភា អាយុ៤៣ឆ្នាំត្រូវបានចាប់ខ្លួន ពេលអាជ្ញាធរបំបែកការតវ៉ាដោយសន្តិវិធីនៅតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញ ក្នុងនោះអ្នកចូលរួមភាគច្រើនជាស្ត្រី និងក្មេងៗដែលមានកាន់ផ្កាឈូកគ្រវីទង់អង្គការសហប្រជាជាតិនិងមានរូបសំណាកដាក់បណ្តាសា។

cam-photo-front1-hawkins-WEB-ONLYនៅព្រឹកបន្ទាប់ លោកស្រី Marga Bujosa Segado អាយុ៣៨ឆ្នាំដែលជាអ្នកស្រាវជ្រាវជនជាតិអេស្ប៉ាញនៅសាកលវិទ្យាល័យមួយ ត្រូវបានឃាត់ខ្លួនដោយនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃពីបទជាប់ពាក់ព័ន្ធនៅក្នុងការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ ប៉ុន្តែ ត្រូវបានដោះលែងវិញបន្ទាប់ពីសាកសួររួច ហើយត្រូវប្រាប់ថា លោកស្រីអាចទៅយកលិខិតឆ្លងដែនរបស់ខ្លួនបាននៅថ្ងៃបន្ទាប់។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងថា អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានចោទប្រកាន់កាលពីម្សិលមិញ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋក្រោមមាត្រាមួយក្នុងក្រមព្រហ្មទណ្ឌ ដែលក៏ថា បទល្មើសនេះ “រំខានដល់សន្តិសុខសង្គម” ដែរនោះ។

លោកបានមានប្រសាសន៍ថា “ចៅក្រម ពេជ្រ វិជ្ជាធម៌ បានបើកសវនាការជំនុំជម្រះក្តីរបស់ជនសង្ស័យ ទេព វន្នី និង បូវ សោភា ហើយបើយោងតាមនីតិវិធី ពួកគេត្រូវបានបង្គាប់ឲ្យបង្ហាញខ្លួនដើម្បីប្រឈមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋក្រោមមាត្រា៤៩៥”។ បទល្មើសនេះមានទោសជាប់ពន្ធនាគារចន្លោះពី៦ខែដល់២ឆ្នាំ។

ថាតើស្ត្រីទាំងពីរនាក់នេះបានញុះញង់ ឬបង្កអសន្តិសុខសង្គមដោយរបៀបណានោះនៅមិនទាន់ច្បាស់នៅឡើយទេកាលពីម្សិលមិញ ប៉ុន្តែរដ្ឋាភិបាលបានលើកឡើងថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ គឺខុសច្បាប់ ហើយវាស្មើនឹង”ការបះបោរក្នុងក្រុង”។

សកម្មជនស្លៀកពាក់ខ្មៅបានប្រមូលផ្តុំគ្នាជាសាធារណៈរៀងរាល់ថ្ងៃច័ន្ទចំនួន១៥លើករួចមកហើយដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស៤នាក់ និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ដែលត្រូវបានចាប់ដាក់ពន្ធនាគារក្រោមការចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅជឿថា មានហេតុផលនយោបាយ។ ចាប់តាំងពីមានការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែមុនដែលធ្វើឲ្យមានការផ្ទុះកំហឹង និងការចោទប្រកាន់ថា វាមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលរួចមកនោះ ការទាមទារឲ្យមានការសើុបអង្កេតលើករណីធ្វើឃាតនេះក៏ត្រូវបានបញ្ចូលទៅក្នុងយុទ្ធនាការនេះដែរ។

សកម្មជនមកពីតំបន់បឹងកក់តវ៉ានៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ខណៈអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនៅក្នុងយុទ្ធនាការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
សកម្មជនមកពីតំបន់បឹងកក់តវ៉ានៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ខណៈអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនៅក្នុងយុទ្ធនាការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

អំឡុងការបើកសវនាការដ៏ឆាប់រហ័សនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ចៅក្រម ពេជ្រ វិជ្ជាធម៌ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនទាំងពីររូបនេះភ្លាមៗដើម្បីធានាថា ពួកគាត់មិនប្រព្រឹត្តបទល្មើសម្តងទៀត ហើយបង្ហាញខ្លួនសម្រាប់ការបើកសវនាការ និងដើម្បី  “ធានាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការពារសង្គមកុំឲ្យមានភាពចលាចល”។

ពេលចេញពីបន្ទប់សវនាការមកវិញ អ្នកស្រី ទេព វន្នី បានស្រែកថា “តុលាការលេងសើចជាមួយនឹងអនាគតរបស់យើងពេកហើយ!។ហេតុអ្វីបានជាអ្នកឯងចាំបាច់បញ្ជូនយើងទៅឃុំខ្លួនជាបណ្តោះអាសន្នធ្វើអី ម៉េចមិនសម្រេចដាក់ពន្ធនាគារយើងមួយជីវិតតែម្តងទៅ?”។

មុនពេលត្រូវបានក្រៀកចូលរថយន្តនគរបាលដែលកំពុងតែរង់ចាំ អ្នកស្រី ទេព វន្នី បានប្រាប់សកម្មជនផ្សេងទៀតឲ្យឈប់តវ៉ា។ អ្នកស្រីបាននិយាយថា “នេះនឹងបង្ហាញថា រដ្ឋាភិបាលបិទសិទ្ធិសេរីភាពបញ្ចេញមតិ”។

នៅម៉ោងប្រហែល៦ល្ងាចម្សិលមិញ លោកស្រី Segado បានចេញពីអាផាតមិនរបស់លោកស្រីនៅក្នុងតំបន់បឹងកក់ហើយត្រូវបានមន្ត្រីប្រហែល១០នាក់រុញចូលក្នុងរថយន្តនគរបាលអន្តោប្រវេសន៍។

លោកស្រីបានលើកឡើងមុនពេលត្រូវបានរុញចូលក្នុងរថយន្តថា “ពួកគេបណ្តេញខ្ញុំចេញពីប្រទេសនេះ ព្រោះពួកគេមិនចង់ឲ្យខ្ញុំចូលរួមក្នុងការទាមទារសេរីភាពសម្រាប់សកម្មជន”។

លោក អ៊ុក ហៃសិលា ប្រធានផ្នែកសើុបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានលើកឡើងថាលោកស្រី Segado ត្រូវបាននិរទេសនៅម៉ោងប្រហែល៩យប់តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារការចូលរួមរបស់លោកស្រីនៅក្នុងការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ និងដោយសារលោកស្រីគ្មានប័ណ្ណការងារ។

cam-photo-front2-WEB-ONLYឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា បានមានប្រសាសន៍មុនពេលលោកស្រី Segado ត្រូវបាននិរទេសថា “គាត់គឺជាជនបរទេសហើយចូលរួមក្នុងការតវ៉ា ហើយបានតវ៉ាប្រឆាំងយើង។ មានជនបរទេសរាប់មឺុននាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែថា តើពួកគេធ្វើដូចគាត់ដែរ ឬអត់? គឺមានតែម្នាក់ហ្នឹងទេ”។

លោកបានថ្លែងទៀតថា “ពេលពួកគេធ្វើការតវ៉ា យើងតែងតែឃើញមុខរបស់គាត់ ជាពិសេសអំឡុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ពេលគាត់ស្លៀកពាក់ខ្មៅ។ យើងមិនអាចអនុញ្ញាតឲ្យគាត់រស់នៅក្នុងប្រទេសបានឡើយ ព្រោះទង្វើរបស់គាត់ប៉ះពាល់ដល់សន្តិសុខសាធារណៈរបស់យើង”។

លោកស្រី Segado មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋាន។ ទោះជាយ៉ាងណា នៅក្នុងសារបង្ហោះតាមហ្វេសប៊ុក លោកស្រីបានអះអាងថា ខ្លួនត្រូវមន្ត្រីអន្តោប្រវេសន៍បោកប្រាស់។

លោកស្រីបានសរសេរថា “ពួកគេបោកប្រាស់ខ្ញុំ ពួកគេបានប្រាប់ខ្ញុំថា ខ្ញុំត្រូវទៅយកលិខិតឆ្លងដែនរបស់ខ្ញុំ តែផ្ទុយទៅវិញពួកគេបានឃាត់ខ្លួនខ្ញុំរហូតដល់ខ្ញុំចាកចេញពីប្រទេសកម្ពុជា គឺនៅម៉ោង៩និង៣០”។

លោក លី សុផាណា បានលើកឡើងថា ការបើកសវនាការជំនុំជម្រះក្តីរបស់ អ្នកស្រី ទេព វន្នី  និង អ្នកស្រី បូវ សោភា នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ៕ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស