34 C
Phnom Penh

មនុស្ស​​បីនាក​់ត្រូវតុលាការ​ចោទ​ប្រកាន់​​ក្នុង​ករណី​​បាញ់សម្លាប់ក្នុង​ម៉ាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់បុរសបីនាក់ពាក់ព័ន្ធការបាញ់សម្លាប់បុគ្គលិកម៉ាតម្នាក់អាយុ៣៧ឆ្នាំនៅក្នុងរាជធានីភ្នំពេញ អំឡុងពេលមានជម្លោះ រួមទាំងបុរសម្នាក់ដែលត្រូវបានបង្ហាញអត្តសញ្ញាណដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ជាមន្ត្រីកងរាជអាវុធហត្ថ។

cam-photo-mart-shooting-channa-800x533យោងតាមលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យពីរនាក់ឈ្មោះ ខៀវ ថនវណ្ឌី និង និន រិន ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត ចំណែកជនសង្ស័យទី៣ម្នាក់ទៀតឈ្មោះ ផុន ភក្ដី ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយមរណភាពនៃជនរងគ្រោះ។

លោកបានថ្លែងថា ការចោទប្រកាន់លើឈ្មោះ ភក្ដី មានទោសជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ចំណែកការចោទប្រកាន់លើជនសង្ស័យពីរនាក់ទៀតមានទោសជាប់ពន្ធនាគារម្នាក់ៗ៣ឆ្នាំ។ ជនសង្ស័យទាំងបីត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន។

ដោយលើកឡើងពីប្រភពអនាមិកនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ កាសែតភាសាខ្មែរមួយចំនួនបានកំណត់អត្តសញ្ញាណឈ្មោះ ភក្ដី ដែលតាមការអះអាងថាជាជនដៃដល់នោះជាមន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញ។មន្ត្រីតុលាការ និងមន្ត្រីកងរាជអាវុធហត្ថដែលត្រូវបានទាក់ទងកាលពីម្សិលមិញបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសេចក្តីរាយការណ៍នោះឡើយ។

តាមការអះអាងថា ផុន ភក្ដី បានបាញ់ សឿន ចាន់ដារ័ត្ន ជាបុគ្គលិកម៉ាត Only You Mini Mart កាលពីយប់ថ្ងៃសៅរ៍។ មានការលើកឡើងខុសៗគ្នាជុំវិញការបាញ់សម្លាប់នេះនៅពេលក្រោយមក។

សេចក្ដីរាយការណ៍មួយដែលបានបង្ហោះនៅក្នុងគេហទំព័រនគរបាលជាតិកាលពីថ្ងៃអាទិត្យលើកឡើងថា សឿន ចាន់ដារ័ត្ន ត្រូវបានគេបាញ់សម្លាប់នៅមុខមីនីម៉ាតនេះនៅម៉ោង៩យប់ថ្ងៃសៅរ៍ បន្ទាប់ពី ខៀវ ថនវណ្ឌី ដែលកំពុងផឹកស៊ីជាមួយមិត្តភក្ដិបានចេញទៅទិញអាហារ ហើយត្រឡប់មកវិញត្រូវបានក្រុមជនដៃដល់បួននាក់ដេញតាម។ សឿន ចាន់ដារ័ត្ន ចូលទៅឃាត់កុំឱ្យកើតមានជម្លោះ ប៉ុន្តែត្រូវគេបាញ់តែម្ដង។

ប៉ុន្តែ កាសែតកោះសន្តិភាព និងកាសែតនគរវត្តបានធ្វើសេចក្ដីរាយការណ៍ថា ជម្លោះនៅមីនីម៉ាតនោះបានកើតឡើងបន្ទាប់ពី ផុន ភក្ដី បានទៅទីនោះដើម្បីតតាំងជាមួយ ថនវណ្ឌី ដោយសារពាក្យបណ្ដឹងកាលពីមុនពីម្ចាស់បាមួយនៅជាប់គ្នានោះអំពីបុរសប្រាំមួយនាក់ដែលបង្កការអុកឡុក។

មន្ត្រីកងរាជអាវុធហត្ថបានបដិសេធមិនផ្តល់តម្រុយណាមួយអំពីជម្លោះនេះទេកាលពីម្សិលមិញ។

លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញបានមានប្រសាសន៍ថា “ប្រសិនបើខ្ញុំនិយាយពីហេតុការណ៍នោះ វាផ្ទុយពីគោលការណ៍។ ប្រព័ន្ធការងារតម្រូវឱ្យបង្វែរសំណួរទៅអ្នកនាំពាក្យវិញ”។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបដិសេធមិនផ្ដល់ព័ត៌មានលម្អិតអំពីករណីនេះទេ។ លោក រ័ត្ន ស្រា៊ង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស