28.4 C
Phnom Penh

សាលាដំបូងរាជធានីច្រានចោលសំណើរសុំពន្យារពេលសាកសួរលើកទី២របស់សមាជិកព្រឹទ្ធសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលសំណើរបស់លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលសុំពន្យារពេលការសាកសួរលោកស្រីតាមការគ្រោងទុកជុំវិញការចោទប្រកាន់ដែលថា លោកស្រីបានបន្ទោសការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

cam-photo-thak-lany-channaលោកនាយករដ្ឋមន្ត្រីបានប្តឹងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី រូបនេះកាលពីដើមខែនេះ ដែលបានចោទរូបលោកនៅក្នុងសុន្ទរកថាមួយថា បានបញ្ជាដោយផ្ទាល់ឲ្យបាញ់សម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ដែលក្នុងនោះលោកស្រីបានបដិសេធ។ លោកស្រី ថាក់ ឡានី បានខកខានការសាកសួរដែលបានគ្រោងទុកម្តងរួចមកហើយ ហើយកាលពីម្សិលមិញ បានខកខានជាថ្មីម្តងទៀត។

នៅពេលចាកចេញពីសាលាដំបូងរាជធានីកាលពីម្សិលមិញ លោក សម សុគង់ មេធាវីរបស់លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា លោកបានដាក់លិខិតស្នើគឺគ្រាន់តែដើម្បីសុំពន្យារពេលបន្ថែមប៉ុណ្ណោះ។

លោកបានថ្លែងថា “កូនក្តីរបស់ខ្ញុំមិនបានមកបង្ហាញខ្លួនទេ ពីព្រោះគាត់ជាសមាជិកព្រឹទ្ធសភាដែលមានអភ័យឯកសិទ្ធិ ហើយទី២ដោយសារការសើុបអង្កេតដែលកំពុងតែធ្វើនោះគ្មានភ័ស្តុតាងច្បាស់លាស់។ លោកស្រីនឹងពិចារណាមកបង្ហាញខ្លួននៅពេលព្រឹទ្ធសភាដកអភ័យឯកសិទ្ធិ ឬក៏ព្យួរអភ័យឯកសិទ្ធិលោកស្រី”។

នៅពេលទាក់ទងក្រោយមក លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីបានមានប្រសាសន៍ថា សំណើនេះត្រូវបានច្រានចោល “ដោយសារការពន្យល់គ្មានមូលដ្ឋានច្បាប់” ហើយថា ការសើុបអង្កេតនឹងបន្តដដែល។ លោកបានបដិសេធមិននិយាយថា តើតុលាការនឹងចេញដីកាបន្ទាប់ បង្ខំឲ្យលោកស្រីមកបង្ហាញខ្លួន ឬយ៉ាងណានោះឡើយដែលតុលាការមានអំណាចក្នុងការធ្វើរឿងនេះ។

លោកស្រី ថាក់ ឡានី បដិសេធថា មិនបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានបញ្ជាឲ្យសម្លាប់លោក កែម ឡី ទេ ហើយបានអះអាងថា ខ្សែអាត់វីដេអូនោះដែលត្រូវគេប្រើដើម្បីប្តឹងលោកស្រីនោះត្រូវបានកាត់ត ដើម្បីធ្វើឱ្យសំឡេងនោះដូចជាសំឡេងរបស់លោកស្រី។

លោកស្រីអះអាងថា អភ័យឯកសិទ្ធិស្របច្បាប់របស់លោកស្រីជាកក្តាដែលធ្វើឲ្យលោកស្រីមិនឲ្យគោរពដីកាកោះរបស់តុលាការ។ តុលាការលើកឡើងថា អភ័យឯកសិទ្ធិមិនគ្របដណ្តប់លើការសាកសួរឡើយ។

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលត្រូវលោក ហ៊ុន សែន ប្តឹងនៅពេលជាមួយគ្នានឹងសមាជិកព្រឹទ្ធសភារូបនេះដែរពីបទចោទរដ្ឋាភិបាលតាមទំព័រហ្វេសប៊ុករបស់លោកថា បានរៀបចំឲ្យមានការសម្លាប់លោក កែម ឡី គឺដល់ពេលកំណត់មកបង្ហាញខ្លួនក្នុងតុលាការសម្រាប់ការសាកសួរនៅថ្ងៃសុក្រ។

លោក សម រង្ស៊ី ដែលរស់នៅក្នុងភាពនិរទេសខ្លួនដើម្បីគេចពីការផ្តន្ទាទោស ពីបទបរិហារកេរ្តិ៍មុនៗនោះ បានសរសេរនៅលើទំព័រហ្វេសប៊ុកជាថ្មីម្តងទៀតកាលពីថ្ងៃអាទិត្យ ថាលោកគ្មានបំណងមកបង្ហាញខ្លួនដោយផ្ទាល់ទេ ប៉ុន្តែ លោករីករាយនឹងឆ្លើយសំណួរពីក្រៅប្រទេសតាមរយៈវីដេអូលីង (videolink)។

ក្រសួងយុត្តិធម៌ធ្លាប់បានច្រានចោលសំណើរបស់មេដឹកនាំគណបក្សប្រឆាំងរូបនេះសុំឆ្លើយសំណួរក្នុងករណីមួយទៀតតាមរយៈ Skype ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស