38 C
Phnom Penh

លោកនាយករដ្ឋមន្ត្រីផ្តល់ដីឲ្យប្រជាជន​​​និង​​​ឲ្យបញ្ចប់ការជួលដីឲ្យវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកបានបញ្ជាឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋ៣១គ្រួសារដែលរស់នៅលើដីរដ្ឋ ជាចំណាត់ការមួយដែលបានលើកទឹកចិត្តក្រុមផ្សេងទៀតដែលរស់នៅលើដីរដ្ឋអង្វរករតាមហ្វេសប៊ុកសុំឲ្យមានការយកចិត្តទុកដាក់ដូចគ្នា។

Copy-of-PM-800x533បញ្ជានេះបានធ្វើឡើងបន្ទាប់ពីសុន្ទរកថាថ្ងៃទី៤ខែសីហា ដែលក្នុងសុន្ទរកថានោះ លោក ហ៊ុន សែន ដែលកំពុងធ្វើដំណើរចុះតាមខេត្តនានា បានបញ្ជាឲ្យអាជ្ញាធរផ្តល់ប័ណ្ណកម្មសិទ្ធិដល់គ្រួសារប្រជាជនដែលបានរស់នៅយូរលើដីរដ្ឋ ដែលត្រូវបានចុះបញ្ជីសារពើភណ្ឌដោយរដ្ឋាភិបាលរួចទៅហើយ។

លោកបានមានប្រសាសន៍នៅពេលនោះថា “ពលរដ្ឋដែលបាននឹងកំពុងរស់នៅតាមកន្លែងនានាដែលចុះបញ្ជីសារពើភណ្ឌរបស់រដ្ឋរយៈពេលជាច្រើនឆ្នាំ នឹងទទួលបានប័ណ្ណស្របច្បាប់”។ លោកបានមានប្រសាសន៍ថា ដីនឹង “ត្រូវដកចេញពីបញ្ជីសារពើភណ្ឌរបស់រដ្ឋ ដូច្នេះនឹងទទួលបានភាពជាម្ចាស់ និងឱកាសសាងសង់ផ្ទះត្រឹមត្រូវ”។

កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីបានចូលទំព័រហ្វេសប៊ុករបស់លោកប្រកាសថា លោកបានយល់ព្រមតាមសំណើរបស់គ្រួសារប្រជាជនមួយក្រុមដែលរយៈពេល៣០ឆ្នាំមកហើយបាននឹងកំពុងរស់នៅលើដីរបស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវ។

លោកបានសរសេរ ដោយសំដៅខ្លួនលោកជាភាគីទី៣ថា “បន្ទាប់ពីមានការពិភាក្សាគ្នាជាមួយអភិបាលខេត្ត សម្តេច តេជោ បានសម្រេចចេញសេចក្តីបង្គាប់កាត់ដីនេះពីបញ្ជីសារពើភណ្ឌរបស់រដ្ឋ និងប្រគល់ដីនេះឲ្យបងប្អូនមកពី៣១គ្រួសារ ដែលនឹងទទួលបានប័ណ្ណកម្មសិទ្ធិរស់នៅទីនោះពីឥឡូវនេះទៅ។ នេះជាដំណោះស្រាយមួយដែលប្រជាជនកំពុងរង់ចាំជាច្រើនឆ្នាំមកហើយ”។

លោកបានមានប្រសាសន៍ថា សេចក្តីសម្រេចនេះបានដល់ការព្រមព្រៀងក្នុងអំឡុងការប្រជុំជាមួយអាជ្ញាធរខេត្តតាកែវកាលពីថ្ងៃអង្គារ។ នៅមិនទាន់ច្បាស់ទេថាតើគ្រួសារទាំងនោះកាន់កាប់ដីទំហំប៉ុន្មាន ហើយនឹងទទួលបានប៉ុន្មាន។ លោក ឡាយ វណ្ណៈ អភិបាលខេត្ត បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះទេ។

សេចក្តីប្រកាសនេះធ្វើឲ្យក្រុមគ្រួសារផ្សេងទៀតដែលរស់នៅលើដីរបស់សាលាមធ្យមសិក្សាមួយកន្លែងក្នុងខេត្តកោះកុង ធ្វើការអំពាវនាវរបស់ខ្លួនផ្ទាល់។

ប៉ោ ម៉េងលី បាននិយាយក្នុងការអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដោយភ្ជាប់ញត្តិស្គេនមួយសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីក្នុងជម្លោះដីធ្លីរបស់ក្រុមនេះថា “សម្តេច នៅពេលណាសម្តេចនឹងមកកោះកុង ខណៈដែលកូនៗនិងចៅៗនៅ[ស្រុក]ស្រែអំបិលកំពុងរងទុក្ខវេទនាយ៉ាងខ្លាំង”។

លោក ម៉េងលី ជាគ្រូនៅសាលាមធ្យមសិក្សាស្រែអំបិល បាននិយាយតាមទូរស័ព្ទថា ប្រជាពលរដ្ឋជាង៣០គ្រួសារបាននិងកំពុងរស់នៅលើដីរបស់សាលាពីប្រាំបីឆ្នាំទៅ២០ឆ្នាំ។ លោកបាននិយាយថា ១៥គ្រួសារ ក្នុងនោះមានគ្រូបង្រៀនប្រាំនាក់ គឺស្ថិតក្នុងក្រុមដែលសុំជំនួយពីលោកនាយករដ្ឋមន្ត្រី។

លោកបាននិយាយថា “នាយកសាលាបានប្រាប់យើងឲ្យចេញពីដីនេះជាច្រើនលើក ប៉ុន្តែយើងបានរស់នៅទីនេះយ៉ាងហោចណាស់មួយទសវត្សរ៍ ឬពីរទសវត្សរ៍មកហើយ ដូច្នេះយើងសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីនឹងផ្តល់ភាពជាម្ចាស់ដល់យើង”។

ដោយឡែក នៅឯកិច្ចប្រជុំជាមួយក្រុមមន្ត្រីខេត្តតាកែវ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកបានលើកឡើងជាថ្មីនូវបទបញ្ជាកន្លងមកឲ្យសមត្ថកិច្ចចាត់វិធានការទប់ស្កាត់ប្រជាកសិករកុំជួលដីឲ្យប្រជាជនវៀតណាមដែលរស់នៅម្ខាងព្រំដែន។

ដោយបញ្ជាក់ពីបទបញ្ជាដែលលោកបានចេញដំបូងកាលពីខែវិច្ឆិកាឆ្នាំមុន លោកបានសរសេរ “ហាមជួលដីឲ្យប្រជាជនវៀតណាម។ មិនមែនតែនៅខេត្តតាកែវទេ គឺនៅគ្រប់ខេត្តទាំងអស់ដែលមានព្រំដែនជាប់ប្រទេសវៀតណាម”។

លោក ញៀន ក្ឌុម មន្ត្រីក្រុមប្រឹក្សាឃុំសំពៅពូន ខេត្តកណ្តាល បាននិយាយថា កសិករក្នុងតំបន់នោះលែងជួលដីឲ្យវៀតណាមហើយ បន្ទាប់ពីលោក ហ៊ុន សែន បានចេញសារាចរដំបូងហាមប្រាមការជួល។ លោកបាននិយាយថា “យើងបានជូនដំណឹងដល់ប្រជាជនឲ្យឈប់ជួលដីស្រែចម្ការទៅឲ្យកសិករវៀតណាម ចាប់តាំងពីសេចក្តីណែនាំរបស់រដ្ឋាភិបាលបានចេញកាលពីឆ្នាំមុន ហើយឥឡូវនេះ មិនមានដីខ្មែរជួលឲ្យកសិករវៀតណាមទៀតទេ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស