អតិថិជនរបស់អគ្គិសនីកម្ពុជា (EDC) ជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលគ្រប់គ្រងដោយរដ្ឋប្រហែលជាអាចមានការភ្ញាក់ផ្អើលបន្តិចបន្តួច នៅពេលពួកគាត់ទទួលបានវិក្កយបត្រអគ្គិសនីរបស់ខ្លួន។
ដោយចាប់ផ្តើមពីខែនេះទៅ អមជាមួយប្រវត្តិនៃការប្រើប្រាស់ប្រចាំខែរបស់ខ្លួន អតិថិជននៅក្នុងរាជធានីភ្នំពេញនិងខេត្តចំនួន៤ នឹងទទួលបានការព្រមានដែលទីបំផុតអាចនឹងត្រូវឡើងតុលាការ ប្រសិនបើពួកគាត់ប្រើប្រាស់គណនីហ្វេសប៊ុករបស់ខ្លួនដើម្បីបញ្ចេញមតិរិះគន់ “គ្មានការទទួលខុសត្រូវ” ដែលប៉ះពាល់ដល់”កិត្តិយស”របស់ក្រុមហ៊ុន។
ការព្រមានថ្មីនេះធ្វើឡើងស្របតាមរដ្ឋាភិបាលមានប្រតិកម្មកាន់តែខ្លាំងឡើងៗចំពោះការរិះគន់តាមអីុនធឺណិត ដែលឈានដល់មានការចាប់និស្សិត និងតំណាងរាស្ត្រដាក់ពន្ធនាគារនាឆ្នាំកន្លងមក។
ដោយប្រើប្រាស់គណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន អគ្គិសនីកម្ពុជាបានបង្ហោះវិក្កយបត្រគំរូដែលមានចុះកាលបរិច្ឆេទថ្ងៃទី២៧ខែកក្កដា ដោយអមជាមួយការព្រមានថ្មី។
ការព្រមានថ្មីនេះលើកឡើងថា “ប្រសិនបើអ្នកប្រើប្រាស់មានចម្ងល់ ឬចង់ធ្វើការតវ៉ាពីវិក្កយបត្រនេះសូមមកទំនាក់ទំនងដោយផ្ទាល់ជាមួយភ្នាក់ងារទទួលខុសត្រូវរបស់សាខា។ អគ្គិសនីកម្ពុជារក្សាសិទ្ធិមិនដោះស្រាយជូនតាមរយៈការបង្ហោះបញ្ហាលើប្រព័ន្ធសារព័ត៌មានសង្គមជាលក្ខណៈបុគ្គលនោះទេ។អ្នកចុះផ្សាយមិនមានការទទួលខុសត្រូវដែលប៉ះពាល់ដល់កិត្តិយសរបស់អគ្គិសនីកម្ពុជាអាចប្រឈមមុខជាមួយច្បាប់ពាក់ព័ន្ធជាធរមាន”។
សាររបស់អគ្គិសនីកម្ពុជាក៏បានបង្ហាញនូវលក្ខណៈពិសេសមួយទៀតនៃវិក្កយបត្រថ្មីនេះផងដែរ នោះគឺប្រវត្តិនៃការប្រើប្រាស់ថាមពល១២ខែចុងក្រោយរបស់អតិថិជន ដោយមានបំណងជួយអតិថិជនឲ្យយល់អំពីការកែប្រែថ្មីបំផុតនេះ។
អគ្គិសនីកម្ពុជាបានលើកឡើងថា អតិថិជននឹងចាប់ផ្តើមទទួលបានវិក្កយបត្រថ្មីនៅក្នុងរាជធានីភ្នំពេញ និងក្នុងខេត្តចំនួនបួនគឺខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ បណ្តាខេត្តផ្សេងៗទៀតប្រហែលជាត្រូវបន្ថែមតាមក្រោយ។
សារបង្ហោះតាមហ្វេសប៊ុកនេះមិនបានផ្តល់ការពន្យល់ទាក់ទិននឹងការព្រមានតាមផ្លូវច្បាប់ទេ។ ទោះជាយ៉ាងណា បន្ទាប់ពីមានការត្អូញត្អែឬការរិះគន់ជាបន្តបន្ទាប់ពីអតិថិជនអំពីការឡើងគីឡូភ្លើងដែលមិនអាចពន្យល់បាននៅក្នុងវិក្កយបត្ររបស់ពួកគាត់កាលពីឆ្នាំមុននោះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានចោទប្រកាន់អ្នករិះគន់ជាសាធារណៈថា បានបង្កើន “ចលនា” ដើម្បី “បំផ្លាញ” ស្ថាប័នរបស់លោក។
បុគ្គលិកនៅទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញរបស់អគ្គិសនីកម្ពុជា បានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានអំពីការកែប្រែនេះឡើយកាលពីម្សិលមិញ។លោក ហន រតនា ដែលជាអ្នកគ្រប់គ្រងផ្នែកព័ត៌មាននិងការិយាល័យបម្រើសេវាអតិថិជនបានស្នើឲ្យមានការលាយលក្ខណ៍ជាអក្សរបើមានសំណួរណាមួយ។
លោក ឯម វណ្ណៈ ដែលជាអ្នកយកវិក្កយបត្រអគ្គិសនីទៅចែកចាយឲ្យអតិថិជនរបស់អគ្គិសនីកម្ពុជានៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យបានលើកឡើងកាលពីម្សិលមិញថា លោកពេញចិត្តនឹងការកែប្រែនេះដែលលោកបានឃើញជាលើកដំបូងកាលពីសប្តាហ៍មុន។
លោកបានលើកឡើងទៀតថា គ្មាននរណាបានពន្យល់ពីហេតុផលនៃការកែប្រែនេះដល់រូបលោកទេ ប៉ុន្តែថា លោកអាចស្មានបានថា ការកែប្រែនេះធ្វើឡើងដើម្បីជួយបុគ្គលិកអគ្គិសនីកម្ពុជាកុំឲ្យខាតពេលវេលា។
លោកបាននិយាយថា “ប្រសិនបើពួកគាត់បង្ហោះលើហ្វេសប៊ុក អគ្គិសនីកម្ពុជានឹងខាតពេលវេលានៅក្នុងការស្វែងរកអ្នកដែលបង្ហោះសាររិះគន់។ ប្រសិនបើពលរដ្ឋមានបញ្ហាណាមួយទាក់ទិននឹងកុងទ័រភ្លើងរបស់ខ្លួន ពួកគាត់អាចមកសាខាអគ្គិសនីកម្ពុជាដោយផ្ទាល់បាន”។
អគ្គិសនីកម្ពុជាមិនបានពន្យល់ថា តើច្បាប់អ្វីដែលអតិថិជនបង្ហោះសាររិះគន់អាចនឹងបំពាននោះឡើយ។ ប៉ុន្តែបើនិយាយពាក់ព័ន្ធការបរិហារកេរ្តិ៍ ពួកគាត់នៅតែអាចបង្ហោះសាររិះគន់តាមហ្វេសប៊ុកបានដោយស្របច្បាប់ដដែល បើការរិះគន់នោះជាការពិត នេះបើយោងតាមលោក សុក សំអឿន អ្នកជំនាញផ្នែកច្បាប់ និងជាមេធាវីដ៏លេចធ្លោ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើការរិះគន់នោះមិនត្រឹមត្រូវយើងអាចប្រឈមនឹងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ប៉ុន្តែ ប្រសិនបើវាជាការពិត វាមិនមែនជាបទល្មើសទេ។ ការបរិហារកេរ្តិ៍អាចជាបទល្មើសបាន លុះត្រាតែបងប្អូនផ្សព្វផ្សាយព័ត៌មានមិនពិត”។ លោកបានបន្ថែមថា “ប្រជាពលរដ្ឋត្រូវដឹងថា តើត្រូវមានការទទួលខុសត្រូវយ៉ាងដូចម្តេចតាមហ្វេសប៊ុក”។
ស្របពេលដំណាលគ្នានេះលោក សុក សំអឿន បានបន្ថែមថា អគ្គិសនីកម្ពុជាគួរតែប្រុងប្រយ័ត្នមិនត្រូវចាប់ផ្តើមប្តឹងប្រជាពលរដ្ឋដោយសារតែការរិះគន់តាមអីុនធឺណិតនោះឡើយ។
លោកបានថ្លែងថា មុនពេលពួកគេដាក់ពាក្យបណ្តឹងទៅកាន់តុលាការ “ពួកគេគួរតែពិភាក្សាជាមួយមេធាវីរបស់ខ្លួនជាមុនសិនដើម្បីឲ្យប្រាកដថា វាពិត ឬមិនពិត”។
យោងតាមក្រមព្រហ្មទណ្ឌ ការបរិហារកេរ្តិ៍អាចត្រូវពិន័យជាប្រាក់ចាប់ពី១០០.០០០រៀលដល់១០លានរៀល។ អង្គការសិទ្ធិមនុស្សបានចោទប្រកាន់រដ្ឋាភិបាល និងតុលាការថា បានអនុវត្តលើសពីនិយមន័យនៃបទបរិហារកេរ្តិ៍នៅក្នុងករណីប្រឆាំងអ្នករិះគន់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Zsombor Peter)