33 C
Phnom Penh

រដ្ឋាភិបាល​បណ្តេញ​សកម្មជន​អេស្ប៉ាញ ​ដែល​ចូលរួម​ការតវ៉ា​ដើម្បី​ព្រមាន​បរទេស​ផ្សេង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈត្រូវសមត្ថកិច្ចនាំខ្លួនកាត់តាមសាលរង់ចាំចេញដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃពុធ លោកស្រី ម៉ាហ្គា ប៊ូចូសា សេហ្គាដូ (Marga Bujosa Segado) សកម្មជន និងជាអ្នកស្រាវជ្រាវអេស្ប៉ាញ បានចេញសារចុងក្រោយមួយឌឺដាក់សមត្ថកិច្ចដែលបណ្តេញគាត់ ដោយគាត់បានលើកម្រាមកណ្តាលឱ្យក្តមន្ត្រីម្នាក់ដែលថតរូបគាត់។

cam-photo-BREAKING-hawkinsគាត់បានសរសេរសារបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅប៉ុន្មានម៉ោងមុននោះ ក្នុងន័យចំអកឱ្យមន្ត្រីដែលបណ្តេញគាត់ចេញថា “តាមពិតទៅ ពួគេគ្រាន់តែជាមនុស្សតូចតាចដែលខំសម្ញែងឫកប៉ុណ្ណោះ”។

កាលពីថ្ងៃច័ន្ទ លោកស្រី សេហ្គាដូ បានចូលរួមការតវ៉ាមួយក្នុងសហគមន៍បឹងកក់ រាជធានីភ្នំពេញ ដែលនៅទីនោះក្រុមសកម្មជនគ្រវីទង់អង្គការសហប្រជាជាតិ ខណៈជេរដាក់បណ្តាសារូបទីមោងតំណាងឲ្យមន្ត្រីតុលាការដែលខ្វះភាពស្មោះត្រង់នៅក្នុងការស៊ើបអង្កេតករណីឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ។

ការតវ៉ានេះត្រូវបានបំបែកភ្លាមៗពីសំណាក់មន្ត្រីមានសមត្ថកិច្ចដែលបានរុញសកម្មជនពីររូបគឺអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ចូលក្នុងរថយន្តនគរបាល។

ខណៈកំពុងធ្វើការតវ៉ានៅថ្ងៃបន្ទាប់ដើម្បីទាមទារឱ្យដោះលែងពួកគាត់  លោកស្រី សេហ្គាដូ ត្រូវបានឃាត់ខ្លួនមួូយសន្ទុះ ហើយមន្ត្រីអន្តោប្រវេសន៍បានដកហូតលិខិតឆ្លងដែនរបស់គាត់ទុក។ នៅពេលលោកស្រីព្យាយាមទៅយកលិខិតឆ្លងដែនវិញនៅព្រឹកបន្ទាប់ គាត់ក៏ត្រូវបានឃាត់ខ្លួនម្តងទៀត និងបញ្ជូនឡើងយន្តហោះទៅកាន់ក្រុងបាងកក ភ្លាមៗ។

មន្ត្រីបានព្រមានកាលពីម្សិលមិញថា ទណ្ឌកម្មលើលោកស្រី សេហ្គាដូ នឹងជាការព្រមានដល់ជនបរទេសដែលមានគំនិតចង់ចូលរួមការតវ៉ាប្រឆាំងរដ្ឋាភិបាល។

លោក កែម សារិន អ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា មានបម្រាមទូទៅមួយលើសកម្មភាពបែបនេះ។ លោកបន្តថា “ច្បាប់របស់កម្ពុជា មិនអនុញ្ញាតឱ្យជនបរទេសណាម្នាក់ដែលមានសញ្ជាតិផ្សេងចូលរួមការតវ៉ា ឬធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលឡើយ។ ពួកគេអាចធ្វើអីបានតាមចិត្តនៅក្នុងប្រទេសរបស់ពួកគេ។ តើគាត់មានតួនាទីអី? គាត់មិនមែនជាសញ្ជាតិកម្ពុជាទេ ហេតុអីគាត់ចូលរួមជាមួយពួកគេ? គាត់គួរតែគិតពីការងាររបស់ខ្លួនបានហើយ”។

លោកស្រី សេហ្គាដូ ជាបេក្ខជនថ្នាក់បណ្ឌិតនៅវិទ្យាស្ថានដើម្បីការសិក្សារបស់ស្ត្រី (Institute for Women’s Studies) នៃសាកលវិទ្យាល័យហ្គ្រាណាដា (University of Granada) រស់នៅតំបន់បឹងកក់ ហើយកាលពីដើមឆ្នាំនេះបានចូលរួមចំណែកដល់ការសិក្សាជាក្រុមមួយមានឈ្មោះថា “Feminist Perspectives on Social Investigations” (ទស្សនៈរបស់អ្នកគាំទ្រស្ត្រីលើការសិក្សាស្រាវជ្រាវផ្នែកសង្គម)។ លោកស្រីបានមកកាន់តំបន់អាស៊ី ដើម្បីធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលកាលពីឆ្នាំ២០០៩ នេះបើយោងតាមអត្ថបទមួយដែលចុះផ្សាយក្នុងព្រឹត្តិបត្រ El Confidencial របស់អេស្ប៉ាញ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា បើនៅប្រទេសផ្សេងទៀតនៅក្នុងតំបន់វិញ លោកស្រី សេហ្គាដូ មុខជាប្រឈមទណ្ឌកម្មធ្ងន់ធ្ងរជាងនេះចំពោះការចូលរួមការតវ៉ាដោយសន្តិវិធី។ លោកថ្លែងថា “យើងមិនអាចឲ្យជនបរទេសសម្រេចជោគវាសនារបស់យើងទេ។ នៅក្នុងប្រទេសផ្សេងក្បែរកម្ពុជា បើជនបរទេសធ្វើបែបនេះ ពួកគេនឹងជាប់ពន្ធនាគារ។ គាត់សំណាងហើយ ព្រោះច្បាប់របស់យើងគ្រាន់តែចែងថាឲ្យបណ្ដេញចេញ”។

អ្នកស្រី គង់ ចន្ថា សកម្មជនសហគមន៍បឹងកក់វ័យ៤៣ឆ្នាំនិយាយថា សហគមន៍នេះស្រឡាញ់ចូលចិត្តកាន់តែខ្លាំងចំពោះអ្នកស្រាវជ្រាវមកពីកោះម៉ាចូកា (Majorca) រូបនេះ ដែលសម្ភាសពួកគាត់ជាប្រចាំនៅក្នុងគម្រោងស្រាវជ្រាវរបស់គាត់។

លោកស្រីនិយាយទៀតថា “គាត់តែងតែដើរជាមួយយើងទៅគ្រប់កន្លែង ពីព្រោះគាត់ចង់ស្រាវជ្រាវពីប្រទេសរបស់យើង។ ជាលើកទី១ដែលគាត់មកកម្ពុជា  គាត់បានមើលឃើញអំពើអយុត្តិធម៌។ នោះជាមូលហេតុ ដែលគាត់ចំណាយពេលវែងជាមួយពួកយើង”។

ថ្វីបើរូបថតតាមបណ្ដាញអុីនធឺណិតបង្ហាញពីសកម្មភាពលោកស្រី សេហ្គាដូ ចូលរួមការតវ៉ាជាច្រើនក្ដី ក៏អ្នកស្រី គង់ ចន្ថា និយាយថា ស្ត្រីជនជាតិអេស្ប៉ាញ រូបនេះគ្មានតួនាទីរៀបចំការតវ៉ាទាំងនោះឡើយ។ ”គាត់មិនដែលរៀបចំគម្រោងតវ៉ារបស់យើងទេ។ ខ្ញុំសោកស្ដាយ ពីព្រោះគាត់គ្រាន់តែធ្វើការស្រាវជ្រាវដើម្បីរាយការណ៍អំពីបញ្ហានានារបស់យើងក្នុងប្រទេសរបស់គាត់ប៉ុណ្ណោះ។ ហេតុអីចាំបាច់ត្រូវបណ្ដេញគាត់ចេញ?”។

ទោះបីជាអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា បានជាប់ពន្ធនាគារពីបទញុះញង់កាលពីថ្ងៃពុធ ចំពោះតួនាទីរបស់ពួកគាត់នៅក្នុងការដឹកនាំ ”យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលកំពុងបន្តដើម្បីទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្សដែលជាប់ពន្ធនាគារក្តី ក៏អ្នកស្រី គង់ ចន្ថា នៅតែប្ដេជ្ញាធ្វើការតវ៉ាបន្តទៀត។

cam-photo-boeng-kak-jump-channaអ្នកស្រីលើកឡើងបន្ថែមថា “យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនឹងមិនចប់ទេ។ ពេលនេះយើងមានគម្រោងមួយទៀតដើម្បីតវ៉ាទាមទារឱ្យដោះលែងសកម្មជនរបស់យើង”។

លោក អំ សំអាត ទីប្រឹក្សាបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានថ្កោលទោសសេចក្ដីសម្រេចរបស់រដ្ឋាភិបាលក្នុងការបណ្ដេញលោកស្រី សេហ្គាដូ ហើយបានគូសបញ្ជាក់ថា គ្មានច្បាប់រារាំងជនបរទេសមិនឱ្យចូលរួមក្នុងការតវ៉ាដោយសន្តិវិធីឡើយ។

លោកមានប្រសាសន៍ថា “សមត្ថកិច្ចបារម្ភពេកហើយ។ ពួកគេមើលឃើញថា គាត់ជិតដិតនឹងសកម្មជនទាំងនោះ ហើយបន្ទាប់មកខ្លាចថា បែបនេះអាចបង្កឱ្យមានបដិវត្តន៍ពណ៌។ យុទ្ធនាការណាមួយដើម្បីការតស៊ូមតិ គឺជនបរទេសអាចចូលរួមបាន”។

ទោះបីជារិះគន់សេចក្តីសម្រេចបណ្ដេញលោកស្រី សេហ្គាដូ ចេញក្តី ក៏លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយមានប្រសាសន៍ថា លោកជឿថា ការពាក់ព័ន្ធផ្ទាល់របស់ជនបរទេសនៅក្នុងការតវ៉ាអាចឲ្យផលផ្ទុយ។

លោកមានប្រសាសន៍ទៀតថា “កម្ពុជា ជាប្រទេសមួយដែលស្ថិតក្រោមការឃ្លាំមើលពីអន្តរជាតិច្រើនជាងប្រទេសភាគច្រើនហើយពលរដ្ឋមានទំនោរផ្តោតការយកចិត្តទុកដាក់លើពលរដ្ឋលោកខាងលិច រួមទាំងរដ្ឋាភិបាលកម្ពុជាផងដែរ។ ពួកគេត្រូវបានចាត់ទុកជាអ្នកផ្ដល់សន្តិសុខ ជាពិសេសនៅពេលពួកគេចូលរួម ពីព្រោះមានទស្សនៈយល់ឃើញនោះថា ”ពិភពលោកកំពុងតែសម្លឹងមើល”។

លោកបានបន្តទៀតថា ជនបរទេសគួរតែដាក់កំហិតខ្លួនឯងពីតួនាទីផ្តល់ប្រឹក្សា ហើយដកខ្លួនចេញឱ្យផុតពីបាតុកម្ម។ “ខ្ញុំគិតថា ពួកគេមិនគួរត្រូវបានបណ្ដេញចេញទេ ប៉ុន្តែខ្ញុំមិនគាំទ្រវិធីសាស្ត្រនោះទេ”។

លោក អាឡិចសាន់ដ្រូ ហ្គន់ហ្សាលេស ដេវីតសុន សកម្មជនបរិស្ថានអេស្ប៉ាញ ដែលត្រូវបានបណ្ដេញចេញពីកម្ពុជា កាលពីខែកុម្ភៈឆ្នាំមុន ខណៈដឹកនាំយុទ្ធនាការប្រឆាំងគម្រោងសង់ទំនប់វារីអគ្គិសនីមួយនៅខេត្តកោះកុង មានប្រសាសន៍ថា ការបណ្ដេញជនរួមជាតិរបស់លោកគឺជាស្ថានការណ៍វិវឌ្ឍន៍គួរឱ្យព្រួយបារម្ភ។

លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ”ការបណ្ដេញអ្នកស្រាវជ្រាវជនជាតិអេស្ប៉ាញរូបនេះបានក្លាយជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់មនុស្សជាច្រើន ព្រោះគាត់មានទិដ្ឋាការដែលមានសុពលភាព និងមិនត្រូវបានតុលាការណាមួយសម្រេចឱ្យជាប់ពិរុទ្ធភាពពីការប្រព្រឹត្តបទល្មើសឡើយ។ ជាការពិត នេះជាស្ថានការណ៍វិវឌ្ឍដ៏គួរឱ្យព្រួយបារម្ភដែលនឹងធ្វើឱ្យជនបរទេសផ្សេងទៀតខ្លាចថា វេនបន្ទាប់ធ្លាក់ដល់ខ្លួន។ រដ្ឋាភិបាលមិនត្រូវចាប់ផ្ដើមចាត់ទុកជនបរទេសទាំងនេះដែលពាក់ព័ន្ធការតស៊ូមតិជាសត្រូវដ៏គ្រោះថ្នាក់របស់រដ្ឋាភិបាលឡើយ ប៉ុន្តែផ្ទុយទៅវិញគួរតែចាត់ទុកពួកគេជាអ្នកដែលអាចដើរតួនាទីយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល”៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស