38 C
Phnom Penh

បងប្អូនពីរនាក់មានគម្រោង​ត្រឡប់មក​កម្ពុជា​វិញ​បន្ទាប់ពី​ធ្វើដំណើរ​ទៅ​​ប្រទេស​ថៃ​រយៈពេល​មួយ​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បងប្អូនភ្លោះពីរនាក់ដែលទទួលបានសិទ្ធិជ្រកកោនបណ្តោះអាសន្ននៅក្នុងប្រទេសថៃពីអង្គការសហប្រជាជាតិកាលពីខែមុន បាននិយាយកាលពីម្សិលមិញថា ពួកគេមានគម្រោងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយលើកឡើងពីបរិយាកាសនយោបាយស្ងប់ស្ងាត់ ហើយចង់បន្តសកម្មភាពបរិស្ថានរបស់ខ្លួនវិញ។

cam-photo-twins-facebookជុំ ហួ និង ជុំ ហួត ដែលបានធ្វើដំណើរទៅប្រទេសថៃតាមយន្តហោះកាលពីថ្ងៃទី១៤ ខែកក្កដាបាននិយាយថា ពួកគេបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនដោយសារការផ្តល់បទសម្ភាសន៍តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក កែម ឡី ត្រូវគេធ្វើឃាតនៅថ្ងៃទី១០ ខែកក្កដា នៅស្តារម៉ាតមួយក្នុងរាជធានីភ្នំពេញ។ នៅក្នុងបទសម្ភាសន៍នោះពួកគេបាននិយាយថា ពួកគេបានឃើញបុរសបីនាក់តាមដានពួកគេអំឡុងពេលជួបជាមួយលោក កែម ឡី នៅស្តារមា៉តនេះពីរថ្ងៃមុនពេលកើតហេតុការណ៍។

កាលពីថ្ងៃទី២៧ ខែកក្កដា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅក្នុងទីក្រុងបាងកកបានចេញប័ណ្ណសុំសិទ្ធិជ្រកកោនដល់បងប្អូនទាំងពីរនាក់នេះដែលមានសុពលភាពរយៈពេល១ឆ្នាំ។ ជំុ ហួត បាននិយាយនៅពេលនោះថា ពួកគេសង្ឃឹមថា នឹងទៅកាន់សហរដ្ឋអាមេរិក។

ប៉ុន្តែកាលពីម្សិលមិញ ជុំ ហួ បាននិយាយថា ពួកគេពីរនាក់បងប្អូនមានគម្រោងត្រឡប់មកប្រទេសកម្ពុជាវិញនៅពេលណាមួយក្នុងសប្តាហ៍នេះ។

យុវជនរូបនេះបាននិយាយពីទីក្រុងបាងកកថា “យើងបានសម្រេចចិត្តរួចហើយថា យើងនឹងមិនទៅប្រទេសទី៣ទេ។ យើងនឹងត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីបន្តការងារដែលយើងធ្វើដើម្បីសង្គមខ្មែរទាំងមូល”។

ដោយសំដៅដល់ទំនប់វារីអគ្គិសនីកម្លាំង២៥៦មេហ្គាវ៉ាត់ ដែលគ្រោងសាងសង់ក្នុងប្រទេសឡាវ ជំុ ហួ បានបន្តថា “ហេតុផលមួយក្នុងចំណោមហេតុផលសំខាន់បំផុតដែលយើងសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ គឺដោយសារយើងចង់បន្តសកម្មភាពរបស់យើងប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង”។

យុវជនរូបនេះបានបន្ថែមថា “យើងត្រូវគេប្រាប់ថា ប្រសិនបើយើងទៅកាន់ប្រទេសទី៣ យើងនឹងត្រូវបានតម្រូវឲ្យរស់នៅប្រទេសទី៣នោះយ៉ាងតិចក៏៥ឆ្នាំដែរមុនពេលយើងអាចត្រឡប់មកប្រទេសកម្ពុជាហើយយើងគិតថា គឺវាយូរណាស់”។

ជុំ ហួ បាននិយាយថា ពួកគេពីរនាក់បងប្អូននឹងត្រឡប់មកវិញនៅចុងសប្តាហ៍នេះប៉ុន្តែ បានបដិសេធមិនប្រាប់កាលបរិច្ឆេទជាក់លាក់ទេ។

យុវជនរូបនេះបាននិយាយថា “យើងនៅតែបារម្ភអំពីសុវត្ថិភាពរបស់យើងដដែលប៉ុន្តែយើងកត់សម្គាល់ឃើញថា ស្ថានភាពនៅក្នុងប្រទេសកម្ពុជារាងស្ងប់ស្ងាត់បន្តិចហើយ។

យើងបានពិគ្រោះយោបល់ជាមួយមេធាវីរបស់យើង និងអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងជួយយើងឲ្យបានទៅប្រទេសទី៣អំពីរបៀបការពារខ្លួននៅពេលយើងត្រឡប់មកវិញ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានចាត់ទុកបងប្អូនភ្លោះទាំងពីរនាក់នេះថាជាជនឱកាសនិយម ដែលមិនបានបំពេញកាតព្វ កិច្ចរបស់ខ្លួនចំពោះប្រព័ន្ធយុត្តិធម៌។ លោកបាននិយាយដល់បងប្អូនភ្លោះទាំងពីរនាក់នេះថា“ការសម្រេចចិត្តរបស់ពួកគេធ្វើឡើងលឿនណាស់”។

លោកបានបន្ថែមថា “អ្នកដែលចង់រត់ចេញពីប្រទេសពួកគេមានកាតព្វកិច្ចសហការជាមួយតុលាការដោយផ្តល់ភ័ស្តុតាងដែលពួកគេមានទាក់ទងករណីឃាតកម្មលោក កែម ឡី ហើយកុំកេងចំណេញពីស្ថានការណ៍នោះ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស