32 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ករណី​ពុក​រលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាប់ចោទពីបទទារសំណូកពីរោងចក្រសម្លៀកបំពាក់កីឡាហុលឡង់ បានជាប់ចោទពីបទវិតិក្រមកាលពីថ្ងៃសុក្រ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីរឆ្នាំ។

លោក អីុ ឋាវរៈ ចៅក្រមតុលាការក្រុង បានព្យួរទោសមួយឆ្នាំដែលសម្រេចចំពោះលោក ឡាយ ថារ័ត្ន អនុប្រធានការិយាល័យផែនការនិងវិភាគគម្រោង និងពិន័យគាត់ជាប្រាក់៦លានរៀល ឬប្រហែល១.៥០០ដុល្លារ។

ឡាយ ថារ័ត្ន មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបណ្តើរចូលតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ ស៊ីវ ចាន់ណា
ឡាយ ថារ័ត្ន មន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបណ្តើរចូលតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ ស៊ីវ ចាន់ណា

លោក ថារ័ត្ន ដែលត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី៦ខែឧសភា មិនបានឆ្លើយសំណួរអ្នកកាសែតទេ នៅពេលត្រូវនាំខ្លួនចេញពីតុលាការដោយសន្តិសុខពន្ធនាគារ។

លោក កែវ វ៉ាន់នី មេធាវីរបស់លោក ថារ័ត្ន បាននិយាយថា ការពិន័យនេះសមរម្យនឹងទោស ដែលអាចជាប់ពន្ធនាគារអតិបរមា៥ឆ្នាំ។

លោកបាននិយាយថា “វាសមរម្យពីព្រោះកូនក្តីរបស់ខ្ញុំបានសារភាពថាបានប្រព្រឹត្ត។ ខ្ញុំមិនទាន់ច្បាស់នៅឡើយ ថាតើកូនក្តីរបស់ខ្ញុំពេញចិត្តនឹងសេចក្តីសម្រេចនេះឬអត់ទេ ដូច្នេះខ្ញុំនឹងនិយាយនឹងគាត់ ថាតើគាត់នឹងប្តឹងឧទ្ធរណ៍ឬយ៉ាងណា”។

នៅសវនាការកាលពីថ្ងៃច័ន្ទ លោក ថារ័ត្ន បានសារភាពថាបានទារសំណូកពីតំណាងរោងចក្ររ៉ាយតិក (Raytecs) ក្នុងក្រុងភ្នំពេញ ដើម្បីបំពេញពាក្យនាំចូល ប៉ុន្តែបាននិយាយថា នៅពេលនោះលោកមិនជឿថា លោកប្រព្រឹត្តបទល្មើសទេ។

សមត្ថកិច្ចបាននិយាយថា តំណាងរោងចក្របានដាក់ឯកសារសុំការអនុញ្ញាតនាំចូលទំនិញជាច្រើនមុខសម្រាប់ផលិតកម្ម ប៉ុន្តែត្រូវបានលោក ថារ័ត្ន ប្រាប់ជាច្រើនលើកថា ពាក្យសុំនោះបំពេញដោយមិនត្រឹមត្រូវ។ គេបាននិយាយថា លោកបានទទួលប្រាក់៥០០ដុល្លារនៅថ្ងៃទី២២ខែមេសា ដើម្បីជួយបំពេញពាក្យ និងប្រាក់៤០០ដុល្លារទៀតនៅថ្ងៃទី៦ខែឧសភា គឺថ្ងៃដែលលោកត្រូវបានចាប់ខ្លួន។

នៅឯសវនាការនោះដែរ មេធាវីម្នាក់ទៀតរបស់លោក ថារ័ត្ន គឺលោកស្រី តេង រិទ្ធិវ័ន បានអង្វរករតុលាការសុំការអត់ឱនផ្អែកលើហេតុផលនៃប្រវត្តិគ្មានទោសពីមុនមករបស់កូនក្តីលោកស្រី និងស្មោះចំពោះគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។

លោកស្រីបាននិយាយនៅពេលនោះថា “ទី១ នេះជាលើកដំបូងរបស់គាត់។ ទី២ គាត់ជាមន្ត្រីរាជការស៊ីវិលជាង ១២ឆ្នាំមកហើយ ហើយគាត់បានបម្រើបក្សនិងសង្គមច្រើនណាស់”។

មូលហេតុដែលគ្មានចំណាត់ការលើរោងចក្ររ៉ាយតិកចំពោះការសូកប៉ាន់ នៅមិនទាន់ច្បាស់នៅឡើយ។ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនអាចទាក់ទងបានទេកាលពីថ្ងៃសុក្រ។

ទាក់ទងតាមទូរស័ព្ទ បុគ្គលិករោងចក្រដែលបានបដិសេធមិនប្រាប់ឈ្មោះ បាននិយាយថា លោកមិនបានដឹងអ្វីសោះទាក់ទិននឹងករណីនេះ៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស