29 C
Phnom Penh

លោកស្រី ទេព វន្នី ​ត្រូវ​តុលាការ​​សាកសួរ​​ទាក់ទិន​នឹង​​បទចោទ​ប្រកាន់​នៅឆ្នាំ២០១៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកស្រី ទេព វន្នី សកម្មជនលេចធ្លោដែលជាប់ពន្ធនាគារពីបទចោទញុះញង់នៅសប្តាហ៍នេះពាក់ព័ន្ធនឹងយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលត្រូវហាមប្រាមនោះ ត្រូវបានសាកសួរនៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ ទាក់ទិននឹងការចោទដែលមិនទាក់ទងនិងមិនបានរាយការណ៍ពីមុនចំពោះការចូលរួមរបស់លោកស្រីក្នុងការតវ៉ាកាលពីឆ្នាំ២០១៣។

SHRUNK-cam-photo-front-channa-800x533 នាំខ្លួនចេញពីតុលាការកាលពីរសៀលថ្ងៃសុក្រ លោកស្រី ទេព វន្នី អាយុ៣៥ឆ្នាំបានប្រាប់អ្នកកាសែតម្នាក់ថា លោកស្រីត្រូវបានសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់នៃអំពើហិង្សាដោយចេតនាពាក់ព័ន្ធនឹងការតវ៉ាមួយនៅជិតភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាង៣ឆ្នាំមកហើយ លោកស្រីបាននិយាយខណៈដែលគេរុញលោកស្រីចូលរថយន្តពន្ធនាគារថា “គេសាកសួរខ្ញុំ សួរខ្ញុំថា តើកាលពីឆ្នាំ២០១៣ ខ្ញុំបានដឹកនាំការតវ៉ា និងបានបង្កហិង្សា នៅមុខភូមិគ្រឹះ [សម្តេចនាយករដ្ឋមន្ត្រី] មែន ឬុយ៉ាងណា”។

លោកស្រីបាននិយាយអំពីអតីតសកម្មជន យ៉ម បុប្ផា ថា”ខ្ញុំមិនបានធ្វើអ្វីបង្កហិង្សានៅទីនោះទេ។ ខ្ញុំគ្រាន់តែតវ៉ាដោយសន្តិវិធីដើម្បីយុត្តិធម៌ និងដើម្បីសមាជិកម្នាក់ក្នុងក្រុមរបស់យើងដែលជាប់ពន្ធនាគារប៉ុណ្ណោះ”។

ទាក់ទងនៅពេលក្រោយមក លោក លី សុផាណា អ្នកនាំពាក្យតុលាការបានបញ្ជាក់ថា លោកស្រី ទេព វន្នី ត្រូវបានសាកសួរដោយលោក  នូ វាសនា ចៅក្រមសើុបសួរពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកាលពីឆ្នាំ២០១៣ចំពោះសកម្មភាពរបស់លោកស្រីក្នុងការតវ៉ាមួយនៅជិតវិមានឯករាជ្យនាខែមីនា ឆ្នាំនោះ។

បទល្មើសនេះអាចមានទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំទៅ៥ឆ្នាំ។

លោក ហ្វីល រ៉ូបឺតសុន នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅអាស៊ី បាននិយាយថា លោកបានទទួលព័ត៌មានថា លោកស្រី ទេព វន្នី បានបដិសេធមិនឆ្លើយសំណួររបស់ចៅក្រម។

លោកបាននិយាយតាមរយៈសារអីុម៉េលមួយថា “ខ្ញុំមិនច្បាស់ថា នីតិវិធីអ្វីដែលលោកស្រីជាប់ក្នុងសំណុំរឿងលែងមានសកម្មភាពពីមុន ប៉ុន្តែ ការលើកឡើងពីការចោទប្រកាន់ចាស់ទាំងនេះនឹងបង្ហាញជាថ្មីនូវការចងគំនុំ និងការរំលោភសិទ្ធិដែលរដ្ឋាភិបាលធ្វើ”។

កាលពីខែមីនា ឆ្នាំ២០១៣ អ្នកភូមិប្រហែល៣០នាក់នៅសង្កាត់បឹងកក់ក្រុងភ្នំពេញ ដែលត្រូវគេបណ្តេញចេញ បានព្យាយាមដាក់ញត្តិអំពាវនាវឲ្យដោះលែងលោកស្រី យ៉ម បុប្ផា ដែលនៅពេលនោះជាប់ពន្ធនាគារ ព្រោះតាមចោទថា បានបញ្ជាឲ្យមានការវាយតប់លើអ្នករត់ម៉ូតូឌុបពីរនាក់។ កងកម្លាំងសន្តិសុខបានវាយសកម្មជន១០នាក់ និងបានបោះពួកគេមួយចំនួនចូលឡាននគរបាល។

អ្នកតវ៉ាម្នាក់ក្នុងចំណោមនោះគឺ ស៊ុង ស្រីលាភ បាននិយាយថា អ្នកស្រីមិនដែលបានឮការចោទនៅឆ្នាំ២០១៣លើលោកស្រី ទេព វន្នី ទេ ។

លោកស្រីបាននិយាយថា “នរណាប្តឹងរឿងនេះ?” លោកស្រីបាននិយាយបន្ថែមថា លោកស្រី ទេព វន្នី “មិនដែលបានបង្កហិង្សា” នៅពេលតវ៉ាទេ។

“នៅពេលនោះ យើងរួមទាំង វន្នី ផង គ្រាន់តែអំពាវនាវដល់សម្តេច [លោក ហ៊ុន សែន] សុំជួយអន្តរាគមន៍ ប៉ុន្តែ សន្តិសុខឃាត់យើង ពួកគេបានវាយមនុស្សជាច្រើន និងបានបង្កឲ្យពួកគាត់មានរបួស”។

លោកស្រី ទេព វន្នី និងសកម្មជន បូវ សោភា ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធ ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសបន្ទាប់ពីការចាប់ខ្លួនពួកគេក្នុងពេលតវ៉ាដោយសន្តិវិធីសុំឲ្យដោះលែងបុគ្គលិកសិទ្ធិមនុស្ស៤នាក់ និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ ដែលជាប់ពន្ធនាគារកាលពីខែឧសភា តាមបទចោទដែលគេយល់ជាទូទៅថា ជារឿងនយោបាយ។ ការតវ៉ានោះជាផ្នែកមួយនៃអ្វីដែលគេហៅថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។

SHRUNK-cam-photo-tep-vanny-jump-channa-800x533កាលពីថ្ងៃសុក្រ អង្គការសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើឲ្យ ទម្លាក់ចោលបទចោទប្រកាន់ញុះញង់។

លោក ប្រេត អាដាម នាយកប្រចាំទ្វីបអាស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចោទគ្មានមូលដ្ឋានលើសកម្មជនពីរនាក់ គឺជាការរាលដាលកាន់តែធំចុងក្រោយនៃការបៀតបៀនសងសឹកកាន់តែខ្លាំងដោយរដ្ឋាភិបាលលើអ្នករិះគន់ដោយសន្តិវិធី”។

“ក្នុងប្រទេសកម្ពុជាដែលច្របូកច្របល់ក្រឡាប់ចាក់ វាហាក់ដូចជាគេមិនអាចតវ៉ានឹងការប្រព្រឹត្តខុសច្បាប់លើអ្នករិះគន់រដ្ឋាភិបាលដោយមិនក្លាយជាគោលដៅនៃការធ្វើបាបរបស់រដ្ឋាភិបាលនោះទេ”។

ជម្លោះនៅសប្តាហ៍នេះជាមួួយនឹងផ្លូវច្បាប់គឺគ្រាន់តែជាជម្លោះថ្មីបំផុតសម្រាប់លោកស្រី ទេព វន្នី ប៉ុណ្ណោះ។ ភាពសកម្មនិយមរបស់លោកស្រីបានកើតឡើងក្នុងពេលមានការបណ្តេញចេញប្រជាជនដ៏ច្រើននៅតំបន់បឹងកក់ បន្ទាប់ពីក្រុមហ៊ុនស៊ូកាគុ របស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមចាក់លុបបឹងដែលមានឈ្មោះដូចសហគមន៍ ដើម្បីបើកផ្លូវសម្រាប់ការអភិវឌ្ឍ។

កាលពីខែឧសភាឆ្នាំ២០១២ លោកស្រី និងសកម្មជន១២នាក់ទៀតត្រូវបានចាប់ខ្លួនក្នុងពេលតវ៉ានៅជិតតំបន់បឹងកក់។ ពួកគេត្រូវបានផ្តន្ទាទោសពីបទរារាំងមន្ត្រីសាធារណៈ និងកាន់កាប់ដោយខុសច្បាប់ ប៉ុន្តែ ត្រូវបានដោះលែងចេញពីពន្ធនាគារមួយខែក្រោយមកនៅពេលដែលសាលាឧទ្ធរណ៍ ចំពេលក្នុងស្រុកមានភាពតានតឹង ហើយនិងសម្ពាធអន្តរជាតិផង បានបន្ថយទោសរបស់ពួកគេឲ្យមកត្រឹមរយៈពេលដែលពួកគេបានជាប់ពន្ធនាគារ។ តុលាការកំពូលបានតម្កល់សាលក្រមពិរុទ្ធភាពនៅខែមីនា ឆ្នាំនោះ។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ លោកស្រី ទេព វន្នី ស្ថិតក្នុងចំណោមសកម្មជន៧នាក់ដែលជាប់ពន្ធនាគារ ព្រោះដាក់គ្រោងគ្រែនៅតាមផ្លូវខាងក្រៅសាលាក្រុងដើម្បីតវ៉ានឹងការជន់លិចជារឿយៗក្នុងតំបន់របស់ពួកគាត់ ដែលពួកគាត់បានបន្ទោសលើការចាក់បំពេញបឹងនេះ។

ក្រុមនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញ៦ខែបន្ទាប់ពីទទួលបានព្រះរាជលើកលែងទោសដែលចរចាដោយគណបក្សសង្គ្រោះជាតិ៕ (រាយការណ៍បន្ថែមដោយ George Wright)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស