38 C
Phnom Penh

បីឆ្នាំ​​​ក្រោយ​​​កាន់​​​តំណែង រដ្ឋ​​​មន្ត្រីថា កំណែទម្រង់វិស័យ​​​អប់​​​រំ​​​ជា​​​ចំណុច​​​ស្នូល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងឆ្នាំដំបូងដែលលោកធ្វើជារដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោក  ហង់  ជូន ណារ៉ុន បានប្រញាប់ប្រញាល់ធ្វើកំណែទម្រង់ការប្រឡងទុតិយភូមិថ្នាក់ជាតិ ដោយបានអនុវត្តបទប្បញ្ញត្តិដ៏តឹងរឹុងដើម្បី លុបបំបាត់ការសូកប៉ាន់ និងការលួចចម្លងយ៉ាងរាលដាល និងបានធ្វើឲ្យអត្រាប្រឡងជាប់ធ្លាក់ចុះពាក់កណ្តាលមកនៅត្រឹម៤១ភាគរយ។

2015, 8, 19 - - Phnom Penh, Cambodia - The Cambodia Dailyខណៈកាន់តំណែងជារដ្ឋមន្ត្រីបាន៣ឆ្នាំហើយសិស្សចំនួន៩៣.៧៥២នាក់រំពឹងថា នឹងត្រៀមខ្លួនមកប្រឡងនៅថ្ងៃេនះ ដោយសរសើរថានេះគឺដោយសារកំណែទម្រង់ដ៏អស្ចារ្យរបស់ខ្លួននោះ លោក ហង់ ជួន  ណារ៉ុន ជឿថាការប្រឡងនេះគឺជាផ្នែកដ៏តូចមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំដើម្បីធ្វើឲ្យប្រព័ន្ធអប់រំដែលលែងដំណើរការរស់ឡើងវិញ។

លោកបានមានប្រសាសន៍អំឡុងកិច្ចសម្ភាសមួយនៅការិយាល័យរបស់លោកកាលពីដើមខែនេះថា “មានពេលមួយ យើងបានឮអំពីកំណែទម្រង់ការប្រឡងនេះ ប៉ុន្តែវានៅមានអ្វីលើសពីនេះទៅទៀត។ មានរឿងជាច្រើនដែលយើងបានធ្វើ”។

លោកបានបន្ថែមថា “ខ្ញុំគិតថា ការប្រឡងទុតិយភូមិបានជំរុញនិងធ្វើឲ្យសិស្សខិតខំរៀនសូត្រ ហើយក៏ធ្វើឲ្យគ្រូបង្រៀនពង្រឹងសមត្ថ ភាពខ្លួនផងដែរ។ ខ្ញុំគិតថា វាដូចជាតាមលំដាប់ លំដោយអ៊ីចឹង”។

ដោយសារតែលទ្ធផលទទួលបានតិចតួចអំឡុងការប្រឡងទុតិយភូមិឆ្នាំ២០១៤លោកហង់ ជួន ណារ៉ុន បានលើកឡើងថា ក្រសួងបានដាក់ចេញ “សសរស្តម្ភនៃកំណែទម្រង់” ដើម្បីពង្រឹងការអប់រំចាប់ពីមត្តេយ្យរហូតដល់សាកលវិទ្យាល័យ។

លោកបានលើកឡើងទៀតថា កម្មវិធីសិក្សា និងសៀវភៅសិក្សាចាំបាច់ត្រូវតែមានការកែប្រែដើម្បីបង្កើតឲ្យមាននិរន្តរភាពពីកម្រិតមួយទៅកម្រិតមួយ។ ប្រាក់ខែគ្រូបង្រៀននឹងវគ្គបណ្តុះបណ្តាលត្រូវមានការលើកស្ទួយ ដោយសារមានគ្រូបង្រៀនជាច្រើនមិនបានបញ្ចប់សាលាបឋមសិក្សាផង។ ការត្រួតពិនិត្យតាមដានពីសំណាក់គណៈគ្រប់គ្រងសាលាចាំបាច់ត្រូវតែមានការពង្រឹងជាមួយការវាយតម្លៃលើសិស្សរបស់ខ្លួន។ ក្រសួងបានតែងតាំងមន្ត្រីដោយផ្អែកលើគុណសម្បត្តិ មិនមែនផ្អែកលើ “ភាពស្មោះត្រង់របស់ពួកគេ” ទេ។ ដោយធ្វើដូច្នេះ “គម្រោងមួយចំនួនដែលបរាជ័យពីមុនមក បានក្លាយជាចំណុចស្នូល” នៃការងាររបស់ក្រសួង។

រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះបានមានប្រសាសន៍ទាក់ទិនការខិតខំប្រឹងប្រែងដំបូងដើម្បីប្រមូលផ្តុំគ្រូបង្រៀនក្នុងគោលបំណងកែប្រែប្រព័ន្ធសាលារៀននៅទូទាំងប្រទេសថា “ឆ្នាំទី១វាមានការលំបាក ព្រោះប្រជាពលរដ្ឋមិនច្បាស់ទេថា តើគេធ្វើ ឬក៏អត់។ វាមានការខិតខំតស៊ូ”។

លោក បានលើកឡើងបន្តទៀតថា ដោយផ្តោតលើអត្ថប្រយោជន៍សេដ្ឋកិច្ចដែលបានមកពីប្រជាពលរដ្ឋមានការអប់រំខ្ពស់ដែលអាចធ្វើឲ្យប្រទេសទទួលចំណូលប្រមាណ៦៨លានដុល្លារ បើយោងតាមអង្គការយូណេស្កូនោះការអប់រំបានក្លាយជា “ចំណុចស្នូល” នៃរបៀបវារៈរបស់រដ្ឋាភិបាលនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ កត្តានេះបាននាំឲ្យមានការបង្កើន២៨ភាគរយនៅក្នុងការចំណាយលើវិស័យអប់រំចាប់តាំងពីឆ្នាំ២០១៥មក ពោលគឺកើនជិតដល់៥០០លានដុល្លារនៅក្នុងឆ្នាំនេះ ដោយវាស្មើនឹងប្រហែល១២ភាគរយនៃថវិកាសរុបរបស់រដ្ឋាភិបាល។

នៅក្នុងខែមីនាឆ្នាំនេះ លោក ហង់ ជួន ណារ៉ុន ត្រូវបានដាក់ចំណាត់ថ្នាក់ថា ជារដ្ឋមន្ត្រីដែលធ្វើការប្រកបដោយប្រសិទ្ធភាពបំផុតនៅកម្ពុជាក្នុងការស្ទាបស្ទង់មតិតាមហ្វេសប៊ុកមួយធ្វើឡើងដោយក្រុមប្រឹក្សាយោបល់ជាតិនៅកម្ពុជា(National Advisory Team Organization in Cambodia)។លោក ជិន ច័ន្ទវាសនា នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូអប់រំបានលើកឡើងថា ភាពជាអ្នកដឹកនាំរបស់រដ្ឋមន្ត្រីរូបនេះមិនមាននរណាធ្វើបានដូចទេពីមុនមក។

ដោយរៀបរាប់ឡើងវិញនូវការសន្យារបស់រដ្ឋមន្ត្រីអប់រំមុនៗដែលមិនចេញជាលទ្ធផល ដោយធ្វើឲ្យគ្រូបង្រៀន មន្ត្រី និងអ្នកផ្សេងៗទៀតដែលធ្វើការក្នុងប្រព័ន្ធអប់រំមានមន្ទិលលើការសន្យាធ្វើការសន្យាថ្មីនោះនាយកប្រតិបត្តិរូបនេះបានលើកឡើងថា “កំណែទម្រង់បែបនេះធ្លាប់បានលើកឡើងរួចមកហើយដោយរដ្ឋមន្ត្រីមុនៗដែលថា ‘អូ យើងកំពុងតែធ្វើកំណែទម្រង់’។ ‘យើងកំពុងតែធ្វើរឿងនេះ’។ ‘ការប្រឡងគឺវាអ៊ីចឹងហើយ'”។

លោក ជិន ច័ន្ទវាសនា បានលើកឡើងទៀតថា ការបន្តអនុវត្តបទប្បញ្ញត្តិរឹតបន្តឹងការប្រឡងថ្នាក់ជាតិកាលពីឆ្នាំមុន ដែលមានសិស្ស៥៦ភាគរយបានប្រឡងជាប់ដោយធ្វើឲ្យពួកគេមានសិទ្ធិចូលរៀនសាកលវិទ្យាល័យនោះបានធ្វើឲ្យលោក ហង់ ជួន ណារ៉ុន ទទួលបានការជឿទុកចិត្តយ៉ាងខ្លាំង។ លើសពីនេះទៅទៀត វិធានការកែប្រែកម្មវិធីសិក្សាដើម្បីធ្វើឲ្យការសិក្សានៅក្នុងថ្នាក់រៀនមានចរន្តប្រសើរចាប់ពីកម្រិតមួយទៅកម្រិតមួយ ក៏ដូចជាគំនិតផ្តួចផ្តើមដែលឥឡូវស្ថិតនៅក្នុងដំណើរការ ដោយតម្រូវឲ្យគ្រូបង្រៀនទាំងអស់ត្រូវមានបរិញ្ញាបត្រ ឬមានសញ្ញាបត្រខ្ពស់ជាងនេះត្រឹមឆ្នាំ២០២០នោះ នឹងដោះស្រាយបញ្ហាសំខាន់ៗចាប់ពីសាលាមត្តេយ្យឡើងទៅ។

ដោយទទួលស្គាល់ថា ផែនការប្រកបដោយមហិច្ឆតាមួយចំនួនទំនងជាមិនអាចធ្វើបាននោះ លោកបានបន្ថែមថា “គាត់ពិតជាមានទស្សនវិស័យដែលគាត់ចង់សម្រេចបាន។ ខ្ញុំជឿថា ប្រសិនបើគាត់នៅតែកាន់តំណែងនេះជាច្រើនឆ្នាំទៅមុខទៀតនោះ អ៊ីចឹងគុណភាពនៃការអប់រំនឹងមានការកើនឡើង”។

ប៉ុន្តែ ស្របពេលមានការវិវឌ្ឍដ៏ប្រសើរបែបនេះ មន្ទិលចំពោះកំណែរទម្រង់ដ៏ស៊ីជម្រៅនៅតែមាន។

លោក Miguel Chanco ប្រធានក្រុមអ្នកវិភាគប្រចាំតំបន់នៅក្រុមអ្នកសេដ្ឋកិច្ចស្រាវជ្រាវនិងវិភាគស្ថានការណ៍ពិភពលោក (Economist Intelligence Unit) បានលើកឡើងនៅក្នុងអីុម៉េលមួយថា ទោះបីជាមានការបង្កើនថវិកាសម្រាប់សាលារៀននានាក៏ដោយ តែកម្ពុជានៅតែស្ថិតពីក្រោយប្រទេសផ្សេងៗទៀតនៅអាស៊ាន បើនិយាយពាក់ព័ន្ធផ្នែកចំណាយលើវិស័យអប់រំ។ លោកបានបន្ថែមថា សាលាបឋមនៅកម្ពុជានៅតែមានផលធៀបខ្ពស់បំផុតរវាងសិស្ស និងគ្រូបង្រៀន បើធៀបទៅនឹងប្រទេសក្នុងតំបន់ ពោលគឺគ្រូម្នាក់ បង្រៀនសិស្ស៤៥នាក់ ហើយសាលាជាច្រើនខ្វះអនាម័យមូលដ្ឋានដូចជា ទឹកផឹក និងបន្ទប់ទឹកជាដើម។

យោងតាមអង្គការ យូណេស្កូ កុមារដែលគ្រប់អាយុចូលរៀនសាលាបឋម និងមធ្យមសិក្សាបឋមភូមិចំនួន២៥៧.០០០នាក់ មិនបានចូលរៀនទេក្នុងឆ្នាំ២០១៤ ជាបញ្ហាមួយដែលត្រូវបានភ្ជាប់ទៅនឹងសម្ភាររូបវ័ន្តមូលដ្ឋាន និងធនធានមនុស្សក្នុងសាលា។

លោក Chanco បានលើកឡើងថា “ខ្ញុំគិតថា វាលឿនពេកហើយក្នុងការនិយាយថា តើការខិតខំធ្វើកំណែទម្រង់របស់រដ្ឋមន្ត្រីរូបនេះកំពុងឈានទៅរកវិស័យអប់រំដ៏ខ្លាំង ឬយ៉ាងណានោះ”។

លោកបានបន្ថែមថា “ក្រសួងអប់រំអាចមានគោលដៅគួរឲ្យស្ងើចសរសើរបំផុត និងគោលនយោបាយដែលរៀបចំបានល្អប៉ុន្តែទាំងនេះនឹងក្លាយជាមិនបានការ ប្រសិនបើគ្មានការផ្តល់ថវិកាគ្រប់គ្រាន់ដើម្បីអនុវត្ត”។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានលើកឡើងថា ការប្រើប្រាស់ថវិកាមិនចំគោលដៅនៅក្នុងក្រសួងអប់រំនៅតែជាបញ្ហាដ៏ចម្បង ឧទាហារណ៍គ្រាន់តែប្រលងទុត្តិយភូមិ ចំណាយអស់ដល់ទៅ៤លានដុល្លារ។

លោកស្រីបានមានប្រសាសន៍ទាក់ទិននឹងលោក ហង់ ជួន ណារ៉ុន ពេលចុះតាមសាលានៅតាមបណ្តាខេត្តថា “គាត់គ្រាន់តែជួយចំណាយប្រាក់ទាំងអស់នោះប៉ុណ្ណោះ។ នៅមានការខ្វះខាតបន្ទប់សិក្សា និងគ្រូបង្រៀននៅឡើយ ហេតុដូច្នេះសិស្សបង្ខំចិត្តឈប់រៀនដោយខ្លួនឯង”។

យោងតាមលោក ជិន ច័ន្ទវាសនា បានឲ្យដឹងបន្តថា ការខ្វះខាតគ្រូបង្រៀនតាមសាលារៀនមួយចំនួន គឺមកពីគ្មានប្រព័ន្ធត្រឹមត្រូវក្នុងការបញ្ជូនគ្រូបង្រៀនទៅតាមគោលដៅ ដោយកន្លែងខ្លះគ្រួលើសចំនួន ខណៈកន្លែងផ្សេងៗទៀតដូចជាសាលាតាមទីជនបទជាដើម ពុំមានគ្រូបង្រៀនគ្រប់គ្រាន់នោះ។

ហើយគ្រូបង្រៀនដែលមានគុណភាពជាច្រើនបានដកខ្លួនចេញពីវិស័យនេះរួចទៅហើយដោយសារហេតុផលនយោបាយ នេះបើយោងតាមលោក ឡុង បូតា តំណាងរាស្ត្រគណបក្សប្រឆាំងដែលធ្លាប់ជារដ្ឋលេខាធិការក្រសួងអប់រំនៅសម័យ លន់ ណល់ និងជាប្រធានគណៈកម្មាធិការអប់រំរបស់គណបក្សសង្គ្រោះជាតិ។

លោកបានមានប្រសាសន៍ថា “ប្រសិនបើ អ្នកមិនបានបម្រើការងារឱ្យគណបក្សប្រជាជនកម្ពុជាទេនោះ ក៏គ្មានផ្លូវត្រូវបានដំឡើងតួនាទីដែរ។ អ្នកដែលមានសមត្ថភាព ហើយមានគំនិតឯករាជ្យ ពួកគេមិនដែលត្រូវបានទទួលស្គាល់ ឬដំឡើងតួនាទីឱ្យគ្រប់គ្រងវិទ្យាល័យ ឬមហាវិទ្យាល័យទេ”។

លោកបានថ្លែងថា ជំនួសឱ្យកម្មវិធីសិក្សា កំណែទម្រង់របស់រដ្ឋមន្ត្រីបានផ្ដោតទៅលើវិទ្យាល័យលេចធ្លោមួយចំនួនតូចនៅក្នុង ប្រទេសតែប៉ុណ្ណោះ “ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ និងបរទេសថា ពួកគេកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីលើកកម្ពស់ស្តង់ដារអប់រំ ចំណែកសាលាភាគច្រើនបំផុតនៅតែគ្មានអ្វីផ្លាស់ប្ដូរដដែល។

ជាញឹកញាប់លោក ហង់ ជួន ណារ៉ុន តែងតែត្រូវបានសរសើរថា ជាមុខមាត់នៃការធ្វើកំណែទម្រង់ តែក្រសួងរបស់លោកមិនដែលគេចផុតពីជម្លោះជម្លោះនយោបាយ ហើយថាមិនដែលថាមានរឿងអាស្រូវទេ ហើយក៏មិនដែលធ្វើអ្វីតាមការសន្យាដែរ។

បើទោះជាមានបម្រាមមិនឱ្យមានការគាបសង្កត់នយោបាយនៅក្នុងបរិវេណសាលាក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែរិះគន់គណបក្សប្រឆាំងអំឡុងពិធីប្រគល់សញ្ញាបត្រដែរ ហើយលោក ហង់ ជួន ណារ៉ុន ផ្ទាល់បានវាយប្រហារគណបក្សសង្គ្រោះជាតិនៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួង។

ក្រសួងនេះបានរងការរិះគន់ចំពោះការរក្សាទុកមន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងបញ្ជីបើកប្រាក់ខែរបស់ខ្លួនបន្ទាប់ពីមន្ត្រីរូបនេះត្រូវបានចាប់ខ្លួនពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែភាសាអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភា ដោយលោករដ្ឋមន្ត្រីបាននិយាយការពារសេចក្ដីសម្រេចនេះ ដោយលើកឡើងថា បទល្មើសនេះ “មិនសូវ­ធ្ងន់ធ្ងរទេ”។

បន្ទាប់ពីដាក់ភារកិច្ចឱ្យគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា រៀបចំការវាយតម្លៃដើម្បីកំណត់ស្តង់ដារគុណភាពអប់រំតាមសាកលវិទ្យាល័យមក រដ្ឋមន្ត្រីរូបនេះបានលើកសរសើរថា សាកលវិទ្យាល័យទាំងអស់មិនប្រឈមនឹងវិធានការអ្វីទេ ទោះបីជាមិនគ្រប់តាមស្តង់ដារមូលដ្ឋាន ប៉ុន្តែវានៅ តែជាសាកលវិទ្យាល័យដែលមានការប្រកួតប្រជែងទាប។

ប៉ុន្តែយោងតាមលោក ហង់ ជួន ណារ៉ុន បានឱ្យដឹងថា វាជាបញ្ហាពេលវេលាមុនពេលកំណែទម្រង់ថ្មីចាប់ផ្ដើម ដើម្បីធ្វើឱ្យប្រព័ន្ធអប់រំដែលមានបញ្ហានោះរស់ឡើងវិញ។

លោកបានថ្លែងថា “ប្រជាពលរដ្ឋគិតថាខ្ញុំថ្មី ត្រឹមត្រូវហើយ។ ប៉ុន្តែខ្ញុំបានសិក្សាច្រើនណាស់។ ពួកគាត់មើលឃើញតែការប្រឡងថ្នាក់វិទ្យាល័យតែប៉ុណ្ណោះ ប៉ុន្តែយើងធ្វើការគ្រប់ផ្នែកទាំងអស់…ដើម្បីធ្វើយ៉ាងណាបណ្តុះបណ្តាលសិស្សានុសិស្សប្រកបដោយគុណភាពឱ្យបានច្រើនសម្រាប់ប្រទេសជាតិ”។

លោក ហង់ ជួន ណារ៉ុន បន្ថែមថា “ប៉ុន្តែវាត្រូវចំណាយពេលវេលាខ្លះដើម្បីឱ្យកំណែទម្រង់នោះសម្រេចបានតាមការគិតរបស់មនុស្សគ្រប់គ្នា”៕ ស៊ុយឈាង និង សារុន (រាយការណ៍បន្ថែមដោយ ហង្ស សុគន្ធា)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស