33.3 C
Phnom Penh

គណបក្ស​ប្រជាជន​ និង​គណ​បក្ស​​​​សង្គ្រោះជាតិ​ប្រកាន់​ជំហរ​ផ្ទុយ​គ្នា​​​ស្រឡះ​​​ទាក់ទិន​​អន្តោ​ប្រវេសន៍​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយប្រកាសថា មានជនអន្តោប្រវេសន៍ជាង១៦០.០០០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ ក្រសួងមហាផ្ទៃបានគូសបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួននឹងផ្ដល់ឱកាសដល់ជនអន្តោប្រវេសន៍ភាគច្រើនក្នុងចំណោមក្រុមនេះឱ្យរស់នៅក្នុងប្រទេសនេះ ខណៈគណបក្សប្រឆាំងជំរុញឱ្យបណ្ដេញពួកគេចេញទាំងអស់។

cam-photo-vietnamese1-blomberg-800x600ជំហរស្នើឡើងដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ដែលបានរងការចោទប្រកាន់ជាយូរមកហើយចំពោះកម្សោយនៃការអនុវត្តច្បាប់អន្តោប្រវេសន៍ និងដែលជាញឹកញាប់គណបក្សសង្គ្រោះជាតិរងការចោទប្រកាន់ថារើសអើងជាតិសាសន៍ចំពោះការបន្ទោសបញ្ហាកើតមានក្នុងសង្គមទៅលើពលរដ្ឋវៀតណាម ដែលរស់នៅក្នុងប្រទេសនេះ កើតមានឡើងប្រហែល១សប្ដាហ៍មុនការចុះឈ្មោះដែលគ្រោងនឹងចាប់ផ្ដើមសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ។

ដោយចាប់ផ្ដើមផ្សាយរបាយការណ៍ស្ដីពីជនអន្តោប្រវេសន៍ខុសច្បាប់ លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ប្រាប់ក្រុមអ្នកយកព័ត៌មានថា អាណិកជនបរទេសចំនួន១៦០.០០០នាក់ ដែលភាគច្រើនជាជនជាតិវៀតណាម ខ្វះយ៉ាងហោចណាស់នូវឯកសារចាំបាច់សម្រាប់រស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែលោកថ្លែងថា ពួកគេភាគច្រើននឹងទទួលបានឱកាសរស់នៅដោយស្របច្បាប់ ប្រសិនបើមិនទទួលបានសញ្ជាតិពេញលេញទេនោះ។

ទាក់ទិនជនអន្តោប្រវេសន៍ទាំងនោះដែល រដ្ឋាភិបាលបានរកឃើញអំឡុងជំរឿនដែលបង្ហាញថា ប្រហែល៨៥ភាគរយមានឯកសារពេញលេញ លោកលើកឡើងថា “យើងបានបែងចែកអាណិកជនបរទេសជាប្រភេទខុសៗគ្នា”។ លោកបន្តថា មានជនអន្តោប្រវេសន៍បីប្រភេទដែលលិខិតស្នាមរបស់ពួកគេមិនពេញលេញ។

ក្រុមទី១ គឺជនអន្តោប្រវេសន៍ដែលមានឯកសារបង្ហាញថា ខ្លួនបានរស់នៅក្នុងប្រទេសនេះយ៉ាងហោចណាស់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ក្រុមទី២ ជាជនអន្តោប្រវេសន៍ទទួលបានឯកសារពីមន្ត្រីមូលដ្ឋានដែលអនុញ្ញាតឱ្យពួកគេរស់នៅក្នុងប្រទេសនេះ ហើយក្រុមទី៣ ជាជនអន្តោប្រវេសន៍ដែលគ្មានឯកសារ។

លោក សុខ ផល មានប្រសាសន៍សំដៅដល់អ្នកដែលគ្មានឯកសារពេញលេញថា “តើនឹងមានអ្វីកើតឡើងចំពោះអ្នកដែលយើងប្រកាសថានឹងត្រូវបានច្រានចោលក្នុងពេលដ៏ខ្លីខាងមុខ។ ទី១ បើពួកគេគ្មានឯកសារ ពួកគេអាចស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។ ទី២ បើពួកគេរស់នៅទីនេះយូរហើយ ឧទាហរណ៍ពួកគេរស់នៅទីនេះរយៈពេល៣០ឆ្នាំ ពួកគេអាចដាក់ពាក្យសុំសិទ្ធិជាជនអន្តោប្រវេសន៍បានដើម្បីរស់នៅបន្តរយៈពេល៧ឆ្នាំ សម្រាប់មនុស្សពេញវ័យ និង៣ឆ្នាំសម្រាប់កុមារ។ ហើយបើពួកគេស្ម័គ្រចិត្តសុំសញ្ជាតិ យើងនឹងពិនិត្យមើលតាមរយៈការអនុវត្តនីតិវិធី”។

លោកគូសបញ្ជាក់ថា ការឆ្លើយតបតឹងរ៉ឹងនឹងត្រូវធ្វើឡើងតែទៅលើអ្នកដែលមិនធ្លាប់ទទួលបានឯកសារនៅពេលពួកគេចូលមកប្រទេសកម្ពុជាប៉ុណ្ណោះ។ “ក្រុមទី៣ ដែលបានចូលមកប្រទេសយើងដោយគ្មានឯកសារ យើងត្រូវឃុំខ្លួនពួកគេ ហើយបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។ សម្រាប់អ្នកដែលគ្មានឯកសារត្រឹមត្រូវ យើងត្រូវច្រានចោល [ឯកសារមានស្រាប់របស់ពួកគេ] ហើយទុកពេលឱ្យពួកគេ”។

ទោះជាយ៉ាងណា លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ជនបរទេសដែលរកឃើញថារស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារពេញលេញ រួមទាំងព្រះរាជក្រឹត្យបញ្ជាក់ពីសញ្ជាតិរបស់ពួកគេផង គួរតែបញ្ជូនពួកគេទៅប្រទេសរបស់ខ្លួនវិញភ្លាមៗស្របទៅតាមច្បាប់។

លោកមានប្រសាសន៍ទៀតថា “បើពួកគេគ្មានឯកសារត្រឹមត្រូវ មានន័យថា ពួកគេកំពុងរស់នៅទីនេះដោយខុសច្បាប់។ ពួកគេគួរតែត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ” ហើយថា ប្រទេសកម្ពុជា មិនអាចអនុវត្តនីតិវិធីអត់ឱនដូចដែលគេអនុវត្តនៅសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ខុសច្បាប់មួយចំនួនដាក់ពាក្យស្នើសុំរស់នៅក្នុងប្រទេសនោះបានឡើយ។

លោកគូសបញ្ជាក់ថា “គេជាប្រទេសអ្នកមាន  យើងជាប្រទេសក្រីក្រ។ យើងត្រូវចេញទៅក្រៅប្រទេសរបស់យើងដើម្បីរកការងារធ្វើ ដូច្នេះស្ថានភាពខុសគ្នាស្រឡះ”។

បន្ទាប់ពីសិក្ខាសាលាធ្វើឡើងនៅទីស្នាក់ការកណ្ដាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍គណបក្សប្រឆាំងក៏បានប្រកាសដែរថា ខ្លួននឹងបញ្ជូនអ្នកសង្កេតការណ៍ចុះទៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនានានៅប៉ុន្មានសប្ដាហ៍ខាងមុខដើម្បីធានាថា មានតែអ្នកមានឯកសារត្រឹមត្រូវប៉ុណ្ណោះដែលត្រូវបានចុះឈ្មោះបោះឆ្នោត។

គណបក្សសង្គ្រោះជាតិបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា “គណបក្សនឹងត្រៀមអ្នកសង្កេតការណ៍នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីឃ្លាំមើលដំណើរការចុះឈ្មោះ ហើយនឹងដាក់ពាក្យបណ្ដឹងទាក់ទិនភាពមិនប្រក្រតីនានា ក្នុងនោះរួមទាំងជនបរទេសណាដែលប្រើអត្តសញ្ញាណប័ណ្ណខ្មែរដើម្បីចុះឈ្មោះដោយខុសច្បាប់ផងដែរ”។

លោក យឹម សុវណ្ណ មានប្រសាសន៍ថា ជំហររបស់គណបក្សសង្គ្រោះជាតិចំពោះជនអន្តោប្រវេសន៍ និងផែនការឃ្លាំមើលការចុះឈ្មោះបោះឆ្នោតមិនមែនធ្វើឡើងដើម្បីតម្រង់គោលដៅតែទៅលើជនអន្តោប្រវេសន៍វៀតណាមឡើយ។ លោកថ្លែងថា “យើងកំពុងនិយាយអំពីច្បាប់ យើងមិនរើសអើងនរណាម្នាក់ទេ។ នៅគ្រប់ប្រទេសទាំងអស់ យើងឃើញមានបញ្ហាជាច្រើនពាក់ព័ន្ធព្រំដែន” ហើយគូសបញ្ជាក់ថា  រដ្ឋាភិបាលក៏បានផ្ញើកំណត់ទូតតវ៉ាមួយទៅវៀតណាម ដែរកាលពីសប្ដាហ៍មុនស្ដីពីសកម្មភាពចូលលុកលុយផ្សេងៗនៅតាមព្រំដែន។ “យើងត្រូវតែប្រុងប្រយ័ត្នចំពោះការការពារប្រទេសរបស់យើង”។

ក្នុងកំណត់ទូតតវ៉ានោះដែលក្រសួងការបរទេសកម្ពុជា ផ្ញើទៅសមភាគីវៀតណាម រដ្ឋាភិបាលរៀបរាប់ពីករណីជាច្រើនដែលវៀតណាម រំលោភបំពានកិច្ចព្រមព្រៀងព្រំដែនរវាងប្រទេសទាំងពីរ។

កំណត់ទូតនេះរាយនាមសកម្មភាពចូលលុកលុយនានាពីសំណាក់វៀតណាម ក្នុងនោះរួមមានទាំងការជីកស្រះទឹក និងស្ថាបនាផ្លូវមួយខ្សែក្នុងខេត្តរតនគិរី ការសាងសង់ការិយាល័យរដ្ឋាភិបាល ឬយោធាក្នុងខេត្តមណ្ឌលគិរី និងខេត្តកណ្ដាល ការស្ថាបនាផ្លូវមួយខ្សែក្នុងខេត្តស្វាយរៀង និងការសាងសង់ខ្លោងទ្វារព្រំដែនមួយក្នុងខេត្តតាកែវផងដែរ។ កំណត់ទូតនេះលើកឡើងពីកំណត់ទូតផ្សេងៗដែលមានតាំងពីឆ្នាំ២០១០។

កំណត់ទូតដែលធ្វើឡើងមុនកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរនៅសប្ដាហ៍ក្រោយនេះមានខ្លឹមសារដូច្នេះថា ”ស្របតាមស្មារតី និងខ្លឹមសារកំណត់ទូត និងលិខិតដូចដែលបានជម្រាបជូនទាំងអស់ខាងលើ រាជរដ្ឋាភិបាលកម្ពុជា សូមស្នើរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាថ្មីម្ដងទៀត សូមឱ្យបញ្ឈប់សកម្មភាពសាងសង់ទាំងអស់ខាងលើជាបន្ទាន់។ ចាត់វិធានការរារាំងកុំឱ្យពលរដ្ឋវៀតណាម ចូលមកដាំដុះ ឬធ្វើសកម្មភាពនៅតំបន់ព្រំដែនទាំងឡាយដែលមិនទាន់បញ្ចប់ការខណ្ឌសីមាជាស្ថាពរ”។

កំណត់ទូតនេះបន្តថា ប្រទេសទាំងពីរកំពុងត្រៀមសំណើរួមមួយដើម្បីស្នើសុំឱ្យបារាំង ជួយដោះស្រាយវិវាទព្រំដែនដែលមិនទាន់ដោះស្រាយនៅឡើយ។

លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកជឿថា ការដោះស្រាយវិវាទព្រំដែនតាមរយៈកំណត់ទូតបានបង្ហាញរួចទៅហើយថា វាឥតប្រយោជន៍ឡើយ។

លោកលើកឡើងទៀតថា “យើងឃើញរដ្ឋាភិបាលកម្ពុជា បានផ្ញើកំណត់ទូតយ៉ាងច្រើនស្ដីពីការរំលោភបំពាននៅតាមបណ្តោយព្រំដែន ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលជាវិជ្ជមានណាមួយនៅឡើយទេ។ វាដល់ពេលដែលត្រូវស្វែងរកអាជ្ញាកណ្ដាលហើយ ដូចជាអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឬប្រទេសទី៣ជាដើម ពីព្រោះកម្ពុជា ជាប្រទេសតូច ហើយខ្សោយទាំងផ្នែកសេដ្ឋកិច្ច និងយោធា”៕ សុខុម (រាយការណ៍បន្ថែមដោយ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស