នៅទីធ្លាវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ កញ្ញា យ៉ាង ពូមុនី អាយុ១៨ឆ្នាំញញឹម ខណៈនាងកាន់កាបូបដាក់ខ្មៅដៃកាលពីព្រឹកព្រលឹមស្រាងៗម្សិលមិញ រង់ចាំរហូតដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិចាប់ផ្ដើម។ នាងនិយាយថា “ភ័យបុកពោះ ហើយក៏រំភើបដែរ”។
ការប្រឡងរយៈពេលពីរថ្ងៃដែលកំណត់សិទ្ធិបន្តការសិក្សាថ្នាក់ឧត្តមសិក្សានេះ ជាហានិភ័យខ្ពស់សម្រាប់សិស្សទាំង៩៣.៧៥២នាក់ដែលមានឈ្មោះចូលរួមប្រឡង។ ធ្វើឡើងក្រោយកំណែទម្រង់កាលពីឆ្នាំ២០១៤ ដើម្បីកែប្រែប្រព័ន្ធអប់រំដែលមិនសូវមានគុណភាព ការប្រឡងនេះក៏កំពុងធ្វើឡើងស្របពេលមានការរឹតបន្តឹងផ្នែកសន្តិសុខដែរ។
សិស្សដែលចូលក្នុងបរិវេណមណ្ឌលប្រឡង ត្រូវបានឆែកឆេររកទូរស័ព្ទស្មាតហ្វូន ព្រីយ៉ុង ឬម៉ាស៊ីនគិតលេខ ដែលផ្ទុយគ្នាស្រឡះនឹងប៉ុន្មានឆ្នាំមុនដែលព្រីយ៉ុងអាចរកទិញបាន និងអាចសូកប៉ាន់ឱ្យអនុរក្សបិទភ្នែកធ្វើជាមើលមិនឃើញ។
នៅក្នុងឆ្នាំទី១អត្រាសិស្សដែលប្រឡងជាប់បានធ្លាក់ចុះមកនៅត្រឹម៤១ភាគរយ បណ្តាលឱ្យសិស្ស ឪពុកម្ដាយរបស់សិស្ស និងគ្រូបង្រៀនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែការកើនឡើងអត្រាប្រឡងជាប់ដល់៥៦ភាគរយកាលពីឆ្នាំមុន ត្រូវបានចាត់ជាទូទៅទុកថាមកពីការខិតខំប្រឹងប្រែងរបស់សិស្ស និងគ្រូបង្រៀន។
ដោយដឹងថាខ្លួនមានតែពឹងលើខ្លួនឯង កញ្ញា យ៉ាង ពូមុនី និយាយថា នាងខំសិក្សាតាំងពីព្រឹករហូតដល់យប់ដើម្បីត្រៀមប្រឡង ពោលគឺមិនដូចបងស្រីរបស់នាងដែលបានចូលរួមការប្រឡងមួយឆ្នាំមុនការបង្ក្រាបដ៏តឹងរឹុងនេះឡើយ។
នាងបានធ្វើការកត់សម្គាល់ថា ”នៅតែមានអំពើពុករលួយ អញ្ចឹងហើយបានជាគាត់ប្រឡងជាប់យ៉ាងងាយ។ ខ្ញុំគិតថា វាមិនសូវយុត្តិធម៌ទេ ប៉ុន្តែបើខ្ញុំប្រឡងជាប់ ខ្ញុំដឹងថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រឡូកនៅក្នុងសង្គម។ ដូច្នេះខ្ញុំគិតថា ខ្ញុំមិនច្រណែនគាត់ទេ”។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលជាអ្នកទទួលបន្ទុកកំណែទម្រង់ការប្រឡងនេះបានថ្លែងទៅកាន់អ្នកយកព័ត៌មានម្នាក់នៅវិទ្យាល័យនេះថា សូម្បីសិស្សដែលប្រឡងធ្លាក់ក្នុងឆ្នាំនេះក៏ “សមនឹងទទួលបានការកោតសរសើរ” ដែរ។
លោកមានប្រសាសន៍ថា “ខ្ញុំគិតថា ឆ្នាំនេះយើងអាចនិយាយបានថា សិស្សគ្រាន់បើជាងឆ្នាំមុនឆ្ងាយ”។ លោកលើកឡើងអំពីការគ្មាន “កាបូបធំៗ” ដែលក្នុងរយៈពេលច្រើនឆ្នាំមកនេះត្រូវបានប្រើប្រាស់សម្រាប់លាក់ព្រីយ៉ុងយកចូលទៅខាងក្នុងថា ”ឆ្នាំនេះយើងមិនឃើញមានទេ។ ខ្ញុំសន្និដ្ឋានថា កំណែទម្រង់នេះកំពុងស្ថិតក្នុងទិសដៅត្រឹមត្រូវ។ វាជាមោនភាពសម្រាប់យើងទាំងអស់គ្នា”។
ទោះយ៉ាងណា ថ្ងៃដំបូងនៃការប្រឡងនេះមិនល្អឥតខ្ចោះឡើយ។ រូបថតបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំកាលពីម្សិលមិញ បានបង្ហាញពីព្រីយ៉ុងបត់ដូចឧបករណ៍ភ្លេងអគ្គ័រដេអុង ហើយញាត់ចូលក្នុងប្រអប់ប្រដាប់លុបក្ដារខៀន វចនានុក្រមអង់គ្លេស-ខ្មែរ និងក្រដាសមេរៀនបោះពុម្ពដែលមន្ត្រីប្រមូលបាន។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងនេះបានមានប្រសាសន៍ថា សិស្សពីរនាក់មកពីខេត្តកែប ត្រូវមន្ត្រីចាប់បានជាមួយ “ព្រីយ៉ុងលាក់ទុក” នៅក្នុងបន្ទប់ប្រឡង ហើយត្រូវបានកត់ត្រាជាសិស្សដំបូងដែលបំពានបទបញ្ជានៃការប្រឡង ចំណែកឯសិស្សម្នាក់ទៀតបានយកទូរស័ព្ទដៃចូលទៅក្នុងដែលខ្លួនបានលាក់ពេលឆ្លងកាត់សន្តិសុខ។

លោកបានគូសបញ្ជាក់ថា គ្មានសិស្សណាម្នាក់នឹងប្រឈមបទចោទប្រកាន់ព្រហ្មទណ្ឌដូចដែលក្រសួងបានគំរាមនោះទេ ពីព្រោះការប្រព្រឹត្តខុសរបស់ពួកគេត្រូវបានរកឃើញមុនការប្រឡងចាប់ផ្ដើម។ លោកបានមានប្រសាសន៍ទៀតថា សិស្សប្រាំបួននាក់មាន “បញ្ហាសុខភាព” ប៉ុន្តែពួកគេអាចបន្តប្រឡងរហូតដល់ចប់ ចំណែកឯសិស្ស១.២០៧នាក់មិនបានចូលប្រឡង។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានស្ដីទីនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានមានប្រសាសន៍ថា ភាពតានតឹងក្នុងថ្ងៃប្រឡងដំបូងនេះកាន់តែធ្ងន់ធ្ងរថែមទៀតដោយសារតែឥរិយាបថរបស់អ្នកស្ម័គ្រមកពីអង្គភាពប្រឆាំងអំពើពុករលួយដែលទទួលភារកិច្ចឃ្លាំមើលបេក្ខជនប្រឡង និងអនុរក្ស។
លោកស្រីថ្លែងថា ”គ្រូរបស់យើងហាក់ដូចជាចំណាប់ខ្មាំងដែលត្រូវតែតាមឃ្លាំមើលអញ្ចឹង។ សិស្សមួយចំនួនក៏មានមតិយោបល់ស្រដៀងគ្នាដែរ។ ពួកគេនិយាយថា មានច្រើនពេក វាធ្វើឱ្យពួកគេភ័យខ្លាច”។
យុវជន រ័ត្ន សូវិទ្ធី ដែលរំពឹងក្លាយខ្លួនជានិស្សិតពេទ្យនិយាយថា ខ្លួនក៏មានអារម្មណ៍តានតឹងដែរចំពោះព្រឹត្តិការណ៍នៃការប្រឡងដែលគេទន្ទឹងរង់ចាំជាយូរមកហើយនេះ។ រូបគេនិយាយថា “ព្រះអើយ វាពិតជាមានសម្ពាធណាស់ ជាពិសេសចាប់តាំងពីខ្ញុំចាប់ផ្ដើមខំប្រឹងរៀនតាំងពីដើមទីនៅថ្នាក់ទី១២”។
យុវជនរូបនេះនិយាយទៀតថា លោកគ្រូអ្នកគ្រូបានខិតខំដោយមិនគិតពីការនឿយហត់ដើម្បីឱ្យរូបគេត្រៀមខ្លួនសម្រាប់ការប្រឡងនេះ ហើយខ្លួនសង្ឃឹមថានឹង “ធ្វើឱ្យពួកគាត់មានមោទនភាព”។
អានក្រដាសមេរៀនសម្រាប់សំណួរត្រៀមក្នុងមុខវិជ្ជាប្រវត្តិវិទ្យា កញ្ញា តឹក សូលីដា អាយុ១៧ឆ្នាំបានអង្គុយជុំវិញតុក្រោមម្លប់ត្រជាក់ជាមួយបងស្រីរបស់នាង និងមិត្តភក្ដិបីនាក់នៅវិទ្យាល័យព្រះយុគន្ធ ក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីសិស្សចេញទៅផ្ទះអស់ក្នុងម៉ោងសម្រាកបរិភោគអាហារថ្ងៃត្រង់នាងនិយាយថា “ខ្ញុំកំពុងសរសេរ សរសេរហើយសរសេរទៀតដើម្បីឱ្យចាំ”។ ដោយប្រឡងវិញ្ញាសាគីមីវិទ្យា និងជីវវិទ្យារួចហើយ នាងនិយាយថា នាងមានអារម្មណ៍ធូរស្រាលបន្តិច។ នាងលើកឡើងថា “ប៉ុន្តែសម្រាប់ថ្ងៃស្អែក ខ្ញុំភ័យតិចតួច”។
ប៉ុន្តែមិនមែនសិស្សទាំងអស់សុទ្ធតែមានអារម្មណ៍តានតឹងនោះទេ។ យុវជន រ៉ុង ផារិទ្ធ អាយុ១៩ឆ្នាំបាននិយាយទាំងសើចថា “ខ្ញុំមិនបានត្រៀមទេ” នៅពេលរូបគេដើរធ្វើរំភើយនៅឯខ្លោងទ្វារមុខនៃវិទ្យាល័យព្រះស៊ីសុវត្ថិកាលពីព្រឹកម្សិលមិញ។ រូបគេនិយាយថា “ខ្ញុំនឹងប្រឡងជាប់ និទ្ទេសអេ”៕ សុខុម