28 C
Phnom Penh

ក្រសួង​​​ពិចារណា​​​សំណើ​​​របស់​​​រដ្ឋាភិបាល​​​តួក​​​គី ​​​ដែល​សុំ​​​ឲ្យ​​​បិទ​​​សាលាហ្សាម៉ាន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការបរទេសបានបញ្ជាក់កាលពីម្សិលមិញថា ខ្លួនកំពុងតែពិនិត្យឡើងវិញលើសំណើការទូតរបស់រដ្ឋាភិបាលតួកគីដែលស្នើសុំឲ្យបិទសាលាហ្សាម៉ាន់ ក្នុងរាជធានីភ្នំពេញ ដោយសារសាលានេះជាប់សង្ស័យ ថាមានទំនាក់ទំនងជាមួយអង្គការមួយដែលត្រូវបានបន្ទោសចំពោះរដ្ឋប្រហារមិនបានសម្រេចកាលពីខែមុននៅក្នុងប្រទេសនេះ ។

cam-photo-zamanលោក អីលហាន កេម៉ាល់ ទុក (Ilhan Kemal Tug) ឯកអគ្គរដ្ឋទូតតួកគីបានអំពាវនាវលើកដំបូងសុំឲ្យបិទសាកលវិទ្យាល័យហ្សាម៉ាន់  ព្រមទាំងសាលាមត្តេយ្យ សាលាបឋម និងអនុវទ្យាល័យអន្តរជាតិហ្សាម៉ាន់ ជាងមួយខែ កន្លងមកហើយ ដោយលើកឡើងថា ពួកគេត្រូវបានគ្រប់គ្រងដោយ “អង្គការភេរវកម្ម” ដែលរៀបផែនការផ្តួលរំលំរដ្ឋាភិបាលតួកគី កាលពីថ្ងៃទី១៥ ខែកក្កដា ។

សាលាហ្សាម៉ាន់ ត្រូវបានភ្ជាប់ទៅនឹងលោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen) បព្វជិតជនជាតិតួកគីដ៏ចម្រូងចម្រាសមួយរូបដែលចលនា Hizmet របស់លោកបានទាក់ទាញអ្នកគាំទ្ររាប់លាននាក់ ក្នុងនោះមួយចំនួនធំនៅក្នុងជួររដ្ឋាភិបាលតួកគី។ អាជ្ញាធរក្រុងអង់ការ៉ាបានឲ្យចលនានេះទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលជាលទ្ធផលមានមនុស្សជិត៣០០នាក់បាត់បាត់បង់ជីវិត និងមានមនុស្សរាប់មឺុននាក់ទៀតត្រូវបានចាប់ខ្លួន។

គណៈគ្រប់គ្រងសាលាហ្សាម៉ាន់ និងលោក ហ្វេទុឡា ហ្គូឡេន សុទ្ធតែបានថ្កោលទោសការធ្វើរដ្ឋប្រហារនេះ។សាលាហ្សាម៉ាន់បានបដិសេធថា គ្មានទំនាក់ទំនងផ្លូវការណាមួយជាមួយលោក ហ្វេទុឡា ហ្គូឡេន ទេ ហើយបានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងឯកអគ្គរដ្ឋទូតរូបនេះ និងបានបើកយុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គមដើម្បីធានាជូនឪពុកម្តាយរបស់សិស្សថា សាលារបស់ខ្លួននឹងបន្តប្រតិបត្តិការដូចធម្មតា។

ពេលថ្លែងបន្ទាប់ពីកិច្ចប្រជុំអំឡុងពេលព្រឹករវាងលោក អីលហាន កេម៉ាល់ ទុក និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសក្នុងរាជធានីភ្នំពេញ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងនេះបានលើកឡើងថា ឯកអគ្គរដ្ឋទូតតួកគីបានលើកឡើងម្តងទៀតអំពីសំណើរបស់រដ្ឋាភិបាលខ្លួនដែលស្នើសុំឲ្យបិទសាលានេះ។

លោក ជុំ សុន្ទរី ដែលអះអាងកាលពីខែមុនថា ក្រសួងខ្វះសិទ្ធិអំណាចនៅក្នុងការបិទសាលានេះនោះបានលើកឡើងកាលពីម្សិលមិញថា ក្រសួងកំពុងតែពិនិត្យឡើងវិញលើ “បញ្ហាសំខាន់” នៃទំនាក់ទំនងភេរវកម្មរបស់សាលានេះ។

លោកបានមានប្រសាសន៍ថា “យើងបាននិងកំពុងត្រួតពិនិត្យឡើងវិញ និងពិចារណាសំណើនេះ ហើយយើងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។ ខ្ញុំអាចនិយាយបានត្រឹមតែថា វាជាបញ្ហាសំខាន់”។

អ្នកនាំពាក្យរូបនេះបានបដិសេធមិនឆ្លើយសំណួរដែលចោទសួរថា តើលក្ខណៈវិនិច្ឆ័យអ្វីដែលក្រសួងកំពុងប្រើ ដើម្បីធ្វើការសម្រេចរបស់ខ្លួនឡើយ ហើយបានបង្វែរសំណួរផ្សេងៗទៀតទៅស្ថានទូតតួកគី។

ពេលទាក់ទងកាលពីម្សិលមិញ ឯកអគ្គរដ្ឋទូតតួកគីបានលើកឡើងថា រដ្ឋាភិបាលតួកគី “កំពុងរំពឹងថា នឹងមានកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលកម្ពុជា” នៅក្នុងការបិទសាលាដែលមានទំនាក់ទំនងជាមួយលោក ហ្វេទុឡា ហ្គូឡេន ប៉ុន្តែបានបដិសេធមិនបញ្ជាក់ថា តើច្បាប់កម្ពុជាណាមួយដែលសាលាហ្សាម៉ាន់ប្រហែលជាបានរំលោភបំពាននោះឡើយ។

លោកបានមានប្រសាសន៍ថា “ខ្ញុំមិនមែនជាបុគ្គលដែលត្រូវប្រាប់អ្នកអំពីចំណុចនេះទេ”។ លោក អីលហាន កេម៉ាល់ ទុក បានបដិសេធមិនឆ្លើយសំណួរបន្ថែមឡើយកាលពីម្សិលមិញ ដោយលើកឡើងថា “ឥឡូវនេះ គ្មានចំណុចអ្វីត្រូវនិយាយជាមួយអ្នកទេលើប្រធានបទនេះ”។

ទោះជាយ៉ាងណា នៅក្នុងកិច្ចសម្ភាសមួយកាលពីខែមុន ឯកអគ្គរដ្ឋទូតរូបនេះបានលើកឡើងថា សាលាហ្សាម៉ាន់ គឺជាផ្នែកនៃ”អង្គការភេរវកម្ម” ទូទាំងពិភពលោករបស់លោក ហ្វេទុឡា ហ្គូឡេន ដែលមានសកម្មភាពយ៉ាងសកម្មនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣មក។

លោក ហ្វេទុឡា ហ្គូឡេន ដែលមានអាយុ៧៥ឆ្នាំកំពុងរស់នៅក្នុងតំបន់ជនបទនៅក្នុងរដ្ឋផិនស៊ីលវេនៀ (Pennsylvania) សហរដ្ឋអាមេរិក ដែលបដិសេធម្តងហើយម្តងទៀតចាប់តាំងពីរដ្ឋប្រហារមិនបានសម្រេចមកចំពោះសំណើដែលស្នើសុំឲ្យបញ្ជូនបព្វជិតរូបនេះទៅកាន់ប្រទេសតួកគីវិញ ។ លោកធ្លាប់ជាសម្ពន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយលោក រេសេព តាយយីប អើដូហ្គាន (Recep Tayyip Erdogan)ប្រធានាធិបតីតួកគី ប៉ុន្តែទំនាក់ទំនងរបស់ពួកគេបានមានភាពជូរចត់នឹងគ្នាជុំវិញការសើុបអង្កេតអំពីអំពើពុករលួយកាលពីឆ្នាំ២០១៣លើប្រធានាធិបតីតួកគីរូបនេះ។

ចាប់តាំងពីខែកក្កដាមក រដ្ឋាភិបាលតួកគីបានបណ្តេញ ឬដកអាជ្ញាប័ណ្ណរបស់គ្រូបង្រៀនក្នុងស្រុករាប់ពាន់នាក់ ហើយបានចាប់មន្ត្រីរាជការ ទាហាន អ្នកកាសែត និងអ្នកផ្សេងៗដែលជាប់សង្ស័យថា គាំទ្រលោក ហ្វេទុឡា ហ្គូឡេន ដាក់ពន្ធនាគារ។

សាលាហ្សាម៉ាន់ បានលើកឡើងក្នុងសេចក្តី ថ្លែងការណ៍មួយកាលពីខែមុនថា ទំនាក់ទំនងរបស់ខ្លួនជាមួយលោក ហ្វេទុឡា ហ្គូឡេន “គឺគ្រាន់តែជាផ្នែកជំនួយស្មារតីនិងការលើកទឹកចិត្តប៉ុណ្ណោះ”។

លោក ហាកាន អាតាសេវើ (Hakan Atasever) ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៅសាលាហ្សាម៉ាន់បានលើកឡើងកាលពីម្សិលមិញថា ក្រសួងការបរទេសមិនបានទាក់ទងមកសាលារបស់ខ្លួនឡើយពាក់ព័ន្ធនឹងការចោទប្រកាន់របស់ស្ថានទូតតួកគី ប៉ុន្តែថា ខ្លួននឹងសហការនៅក្នុងការសើុបអង្កេតណាមួយ។

លោកបានសរសេរនៅក្នុងអីុម៉េលមួយថា “យើងបដិសេធទំនាក់ទំនងដែលត្រូវបានចោទប្រកាន់ដោយឯកអគ្គរដ្ឋទូត។ យើងនៅតែអញ្ជើញលោកឯកអគ្គរដ្ឋទូតឲ្យបង្ហាញភ័ស្តុតាងបញ្ជាក់ពីការចោទប្រកាន់របស់លោក”។

លោកបានរាយការណ៍ថា គ្មានការបង្អាក់ណាមួយឡើយរហូតមកទល់ពេលនេះនៅក្នុងវិស័យអប់រំរបស់សាលាហ្សាម៉ាន់ដែលមានសិស្សប្រហែល១.៨០០នាក់ក្នុងរាជធានី។

លោកបានមានប្រសាសន៍ថា “យើងជឿជាក់ថា មន្ត្រីពាក់ព័ន្ធរបស់កម្ពុជានឹងចាត់ការប្រកបដោយភាពយុត្តិធម៌មិនលម្អៀង ពេលដោះស្រាយបញ្ហា ហេតុដូច្នេះយើងរំពឹងថា នឹងគ្មានការបង្អាក់ណាមួយឡើយ”៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស