អំឡុងសវនាការកាលពីព្រឹកម្សិលមិញទាក់ទិនបទចោទប្រកាន់ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋសាលាដំបូងរាជធានីភ្នំពេញបានប្តូរចិត្តដោយនឹងស្មានមិនដល់ពេលជំនុំជម្រះទោសអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា។ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចកាត់ឲ្យពួកគេជាប់ទោសពីបទ “ប្រមាថ” ដោយផ្តន្ទាទោសពួកគេឲ្យជាប់ពន្ធនាគារម្នាក់ៗ៦ថ្ងៃបន្ទាប់ពីសវនាការរយៈពេលខ្លីមក។
អ្នកស្រី បូវ សោភា ត្រូវបានដោះលែងកាលពីយប់មិញ ប៉ុន្តែ អ្នកស្រី ទេព វន្នី ត្រូវបាន បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នជុំវិញការចោទប្រកាន់ដាច់ដោយឡែកមួយពីបទចូលរួមការតវ៉ាក្នុងឆ្នាំ២០១៣។ ឥឡូវនេះអ្នកស្រីប្រឈមការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីពីរឆ្នាំទៅប្រាំឆ្នាំតាមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
អំឡុងសវនាការកាលពីម្សិលមិញនៅសាលាដំបូងរាជធានីចៅក្រម ពេជ្រ វិជ្ជាធម៌ បានជជីកសួរអ្នកទាំងពីរថា តើមូលហេតុអ្វីបានជាពួកគាត់ធ្វើរូបទីងមោង “បែបប្រមាថ” តំណាងឲ្យមន្ត្រីតុលាការដែលពួកគាត់បានដាក់បណ្តាសាដោយបាចម្ទេស និងអំបិលអំឡុងការតវ៉ាកាលពីថ្ងៃច័ន្ទសប្តាហ៍មុន ហើយពេលនោះ ត្រូវបានចាប់ខ្លួន។
ចៅក្រម ពេជ្រ វិជ្ជាធម៌ បានសួរថា “ប្រសិនបើអ្នកចង់ទាមទាររកយុត្តិធម៌ ហេតុអ្វីបានជាចាំបាច់មានរូបទីងមោង?”។ អ្នកស្រី ទេព វន្នី បានឆ្លើយតបថា “តើខុសច្បាប់អីទៅរូបទីងមោងហ្នឹង?។ ប្រសិនបើអាជ្ញាធរបានព្រមានយើងអំពីការធ្វើរូបទីងមោងនេះ យើងក៏មិនធ្វើដែរ”។
ចៅក្រមរូបនេះបានឆ្លើយតបថា “រូបទីងមោងគ្មានក្បាលទេ។ វាជាការប្រមាថចំពោះមន្ត្រីតុលាការតែម្តង”។
លោកស្រី សាម សុគន្ធា មេធារី តំណាងសកម្មជនទាំងពីរនាក់បានមានប្រសាសន៍ថា គ្មានចំណុចណានៅក្នុងច្បាប់ហាមឃាត់ប្រជាជនមិនឲ្យធ្វើរូបទីងមោងទេ។លោកស្រីបានថ្លែងថា “យើងឃើញថា មនុស្សគ្រប់រូបដែលកាន់ព្រះពុទ្ធសាសនាអាចធ្វើពិធីតាមបែបប្រពៃណីបាន…ដូច្នេះគ្មានច្បាប់ណាចែងថា វាជាបទឧក្រិដ្ឋដើម្បីចាប់ខ្លួនពួកគាត់ឡើយ។រូបទីងមោងគ្មានវិញ្ញាណទេ តើពួកគាត់អាចប្រើប្រើប្រាស់ទីងមោងឲ្យប្រព្រឹត្តបទឧក្រិដ្ឋដូចម្តេចកើតទៅ?”។
បន្ទាប់ពីការពិភាក្សារយៈពេលខ្លី ចៅក្រមបានកែប្រែបទចោទប្រកាន់ ហើយបានប្រកាសផ្តន្ទាទោសឲ្យជាប់ ពន្ធនាការរយៈពេល៦ថ្ងៃពីបទប្រមាថ ដែលមានការប្រើប្រាស់ពាក្យសម្តី កាយវិការ ឯកសារជាលាយលក្ខណ៍អក្សរ រូបថត ឬវត្ថុដែលអាចធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល។
ការចោទប្រកាន់ពីបទញុះញង់នេះប្រឈមនឹងការផ្តន្ទាទោសធ្ងន់ធ្ងរឲ្យជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ។
ចៅក្រម ពេជ្រ វិជ្ជាធម៌ បានលើកឡើងថា បន្ទាប់ពីស្តាប់ចុងចោទ ព្រះរាជអាជ្ញា មេធាវី ហើយបន្ទាប់មកបានពិនិត្យមើលភ័ស្តុតាងរួចមក ”សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ចុងចោទ ទេព វន្នី និង បូវ សោភា ពីបទប្រមាថតាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ”។
លោកបានថ្លែងថា “ជាការដាក់ទោសទណ្ឌ ចុងចោទ ទេព វន្នី និង បូវ សោភា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ថ្ងៃ និងពិន័យជាប្រាក់ម្នាក់ៗ៨០.០០០រៀល”។
ចៅក្រមរូបនេះមិនបានពន្យល់អំពីការសម្រេចចិត្តកែប្រែបទចោទប្រកាន់នេះទេហើយក្រុមមន្ត្រីតុលាការមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
បើទោះជាមានការបន្ធូរបន្ថយការចោទប្រកាន់ក៏ដោយ ក៏លោក អំ សំអាត អ្នកសម្របសម្រួលផ្នែកបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូបានរិះគន់សេចក្តីសម្រេចនេះ ខណៈរូបលោកចាកចេញពីតុលាការ។
ដោយសំដៅដល់ការតវ៉ាដែលក្នុងនោះអ្នកចូលរួមបានដាក់បណ្តាសាមន្ត្រីតុលាការចំពោះការមិនបានស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវឃាតករបាញ់សម្លាប់នោះ លោកបានមានប្រសាសន៍ថា “នេះគឺជាវិធីតាមបែបសាសនា ដូច្នេះវាមិនមែនជាបទឧក្រិដ្ឋទេ”។
លោកបានបន្ថែមថា “សម្រាប់ប្រជាពលរដ្ឋកម្ពុជា រូបទីងមោងគឺតំណាងសាសនារបស់ខ្លួនដើម្បី បណ្តេញឧបទ្រពគ្រប់ទីកន្លែង។ គ្មានច្បាប់ណាឱ្យហាមឃាត់ឡើយ”។
អ្នកស្រី បូវ សោភា ត្រូវបានដោះលែងនៅម៉ោងប្រហែល៨យប់ បន្ទាប់ពីបានអនុវត្តទោសជាប់ឃុំរយៈពេល៦ថ្ងៃរួច។ រូបថតដែលបង្ហោះតាមប្រព័ន្ធអីុនធឺណិតបង្ហាញថា គាត់យំខណៈពេលពាក់អាវយឺតពណ៌ខ្មៅមានរូបថតផ្ទៃមុខរបស់លោក កែម ឡី និងអមដោយសារថា “ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខ”។
យោងតាមអង្គការលីកាដូ បានឱ្យដឹងថា អ្នកស្រី ទេព វន្នី ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសវិញ ទីដែលគាត់រង់ចាំការបើកសវនាការលើការចោទប្រកាន់ដាច់ដោយឡែកដែលធ្វើឡើងដោយតុលាការកាលពីសប្តាហ៍មុន។ ការចោទប្រកាន់ពីបទហិង្សាដោយចេតនាទាក់ទិននឹងការតវ៉ានៅក្បែរភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានរយៈពេលជាង៣ឆ្នាំកន្លងមកហើយ ដោយទាមទារឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា សកម្មជនដែលជាប់ពន្ធនាគារនៅពេលនោះ។
អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ជាមនុស្សសំខាន់នៅក្នុងការដឹកនាំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលត្រូវបានធ្វើឡើងកាលពីខែឧសភាដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ដែលជាប់ពន្ធនាគារកាលពីខែមេសាតាមការចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាករណីមានហេតុផលនយោបាយ។
អំឡុងសុន្ទរកថា នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីប្រទេសដែលហែកហួរដោយសង្គ្រាមធ្វើជាឧទាហរណ៍ថា ការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅនៅក្នុងប្រទេសកម្ពុជាអាចនឹងបង្កផលវិបាកធ្ងន់ធ្ងរ។
លោក ហ៊ុន សែន ដែលបានព្រមានដដែលៗក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះប្រឆាំងបដិវត្តន៍ពណ៌បានមានប្រសាសន៍ថា “ស្អី Black Monday សុំកុំសូវពេក។ មើលទៅអីុរ៉ាក់ ស៊ីរី លីប៊ី ឬអ៊ុយក្រែន បានស្អី ឥឡូវបានត្រឹមភាពតានតឹង”៕សារុន