27 C
Phnom Penh

ក្រសួង​​​​សរសើរ​ការ​ប្រឡង​បាក់ឌុប​​ថា​​​​​​​​​​​​ជោគជ័យ​ ហើយ​​​​​​​​​​​​ថា​​​​​​គ្មាន​​​​​​​​​ការ​​លួច​ចម្លង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេលឆ្នាំទី៣ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសដែលត្រូវបានរឹតបន្តឹងខ្លាំងបានឈានដល់ទីបញ្ចប់កាលពីម្សិលមិញ ក្រសួងអប់រំបានច្រានចោលភ័ស្តុតាងដែលបង្ហាញថា មានការព្យាយាមលួចចម្លងយ៉ាងរាលដាល ហើយបានប្រកាសការប្រឡងនេះថាជាជោគជ័យមួយ។

កាលពីឆ្នាំ២០១៤  ក្រសួងបានអនុវត្តកំណែទម្រង់ដើម្បីលុបបំបាត់ការសូកប៉ាន់ និងការលួចចម្លងនៅក្នុងការប្រឡងប្រចាំឆ្នាំដែលកំណត់សិទ្ធិរបស់សិស្សក្នុងការបន្តការសិក្សាថ្នាក់ឧត្ដមសិក្សានេះ។

ក្រសួងបានគំរាមបណ្ដេញសិស្សចេញពីការប្រឡង ហើយឲ្យពិន្ទុពួកគេសូន្យ ប្រសិនបើចាប់បានជាមួយទូរស័ព្ទដៃ និងព្រីយ៉ុង។

បុរសម្នាក់ឈរនៅខាងក្រៅអនុវិទ្យាល័យចតុមុខ ក្នុងរាជធានីភ្នំពេញ ខណៈកូនប្រុសរបស់គាត់កំពុងអង្គុយប្រឡងនៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
បុរសម្នាក់ឈរនៅខាងក្រៅអនុវិទ្យាល័យចតុមុខ ក្នុងរាជធានីភ្នំពេញ ខណៈកូនប្រុសរបស់គាត់កំពុងអង្គុយប្រឡងនៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ទោះជាយ៉ាងណា  រូបថតបង្ហោះតាមហ្វេសប៊ុកក្នុងរយៈពេលពីរថ្ងៃមកនេះបានបង្ហាញពីស្បែកជើង ប្រអប់ប្រដាប់លុបក្ដារខៀន និងក្រដាសចម្លើយវិញ្ញាសាប្រឡងច្រើនរាប់មិនអស់ដែលដកហូតបាន ប៉ុន្តែគ្មានសិស្សណាម្នាក់ត្រូវបានបណ្តេញចេញពីការប្រឡងឡើយ។ ហើយពេលសួរថា តើក្នុងចំណោមសិស្សដែលមានឈ្មោះប្រឡងទាំង៩៣.៧៥២នាក់ មានចាប់បានសិស្សណាម្នាក់លួចចម្លងដែរ ឬទេកាលពីម្សិលមិញ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានឆ្លើយថា “គ្មានទេ”។

កំណែទម្រង់ប្រឆាំងការលួចចម្លងនេះបានធ្វើឱ្យអត្រាប្រឡងជាប់ធ្លាក់ចុះយ៉ាងខ្លាំងពីប្រហែល៨០ភាគរយក្នុងឆ្នាំ២០១៣ មកនៅត្រឹម៤១ភាគរយក្នុងឆ្នាំ២០១៤ និង៥៦ភាគរយកាលពីឆ្នាំមុន។ ប៉ុន្តែសិស្សមិនបានឈប់ព្យាយាមលួចចម្លងឡើយ។

ឆ្នាំនេះ សិស្សពីរនាក់ត្រូវចាប់បានជាមួយព្រីយ៉ុងក្នុងបន្ទប់ប្រឡង នៅមុនការប្រឡងចាប់ផ្ដើម ហើយសិស្សម្នាក់ទៀតជាមួយទូរស័ព្ទដៃចូលដែលខ្លួនលាក់ពេលឆ្លងកាត់សន្តិសុខ។ លោក រស់ សាលីន បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា សិស្សទាំងបីនាក់នេះបានជាប់ឈ្មោះក្នុង “កំណត់ត្រាពិសេស” ដែលនឹងធ្វើឱ្យប៉ះពាល់ដល់និទ្ទេសរបស់ពួកគេ ព្រោះពួកគេមិនទាន់ចាប់ផ្ដើមសរសេរនៅឡើយពេលចាប់បាន។

ថ្លែងទៅកាន់អ្នកយកព័ត៌មានម្នាក់នៅមុនពេលចាប់ផ្ដើមការប្រឡងកាលពីព្រឹកថ្ងៃច័ន្ទ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំដែលជាអ្នកទទួលបន្ទុកធ្វើកំណែទម្រង់នេះបានមានប្រសាសន៍ថា លក្ខខណ្ឌតឹងរ៉ឹងទាំងនេះនឹងជួយដល់សិស្សនៅទីបំផុត។

លោកបានមានប្រសាសន៍បន្ថែមទៀតថា “ពួកគេមិនមែនជាជនរងគ្រោះនៃការធ្វើកំណែទម្រង់ទេ។ ពួកគេគួរតែជាអ្នកទទួលបានអត្ថប្រយោជន៍ទាក់ទិនឱកាស ការងារ និងចំណេះដឹង។ បើវាជោគជ័យ នោះយើងអាចនិយាយបានថា យើងអាចប្រកួតប្រជែងបាននៅក្នុងតំបន់ ហើយពួកគេអាចមានចំណេះដឹងមួយជីវិត”។

ប៉ុន្តែឈរនៅខាងក្រៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង មន្ត្រីនគរបាលវ័យ៥៤ឆ្នាំម្នាក់ដែលកូនប្រុសអាយុ១៨ឆ្នាំរបស់គាត់កំពុងអង្គុយប្រឡងបាននិយាយថា កង្វះវិធានការលើសិស្សលួចចម្លងជារឿងគួរឱ្យខកចិត្ត។

ដោយសុំមិនបញ្ចេញឈ្មោះព្រោះខ្លាចបាត់បង់ការងារ គាត់និយាយទៀតថា “វាមិនសមទេ ព្រោះកំណែទម្រង់៣ឆ្នាំហើយ។ យើងហាក់កំពុងលើកទឹកចិត្តចំពោះការមិនយកចិត្តទុកដាក់”។

កាលពីឆ្នាំមុន សិស្សម្នាក់ត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រឡងរយៈពេល២ឆ្នាំ បន្ទាប់ពីប្អូនប្រុសរបស់ខ្លួនបន្លំចូលប្រឡងជំនួសខ្លួន ហើយសិស្សម្នាក់ទៀតត្រូវចាប់បានប្រើប្រាស់ទូរស័ព្ទដៃ។ កាលពីឆ្នាំទៅមួយ សិស្សចំនួន២០នាក់ត្រូវចាប់បានពេលលួចចម្លង ក្នុងនោះរួមមានទាំងសិស្សចូលប្រឡងជំនួសគេ៣នាក់ដែលគួរតែប្រឈមការចោទប្រកាន់តាមផ្លូវច្បាប់ក្រោមបទបញ្ជាថ្មីទាំងនេះផងដែរ ប៉ុន្តែជាក់ស្ដែងគឺអត់នោះទេ។

បន្ទាប់ពីប្រឡងចប់កាលពីម្សិលមិញ សិស្សវ័យ១៨ឆ្នាំម្នាក់ឈ្មោះ កាង ប៉ូឡាន និយាយថា ”ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងដោយសារកំណែទម្រង់នេះ។ បើទោះជាយើងអាចយកព្រីយ៉ុងមកបាន ក៏យើងមិនចង់ព្យាយាមដែរ ព្រោះវាធ្វើឱ្យយើងគ្មានអារម្មណ៍ចង់រៀន”។

សូមបញ្ជាក់ថា លទ្ធផលនៃការប្រឡងនេះនឹងត្រូវប្រកាសនៅថ្ងៃទី១៣ ខែកញ្ញាសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាលហើយសម្រាប់ខេត្តផ្សេងៗទៀតនឹងប្រកាសនៅថ្ងៃបន្ទាប់៕ សុខុម

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស