35 C
Phnom Penh

រដ្ឋាភិបាលស្នើអាស៊ាន​​​ជាថ្មីកុំឲ្យ​​​បញ្ចូល​​​ជម្លោះ​​​សមុទ្រ​​​ចិនខាង​​​ត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា  រដ្ឋសភានឹងធ្វើញត្តិទៅបណ្ដាមន្ត្រីអាស៊ាន ដើម្បីស្នើសុំពួកគេកុំឱ្យដាក់បញ្ចូលជម្លោះសមុទ្រចិនខាងត្បូងក្នុងសេចក្ដីថ្លែងការណ៍រួមដែលនឹងចេញក្នុងពេលដ៏ខ្លីខាងមុខ ជាចំណាត់ការមួយដែលអ្នកវិភាគ និងអ្នកការទូតមួយចំនួននិយាយថា ជាថ្មីម្ដងទៀតវានឹងគំរាមដល់សាមគ្គីភាពរបស់តំបន់។

cam-photo-aec-reutersសំណើនេះបង្ហាញពីការអន្តរាគមន៍ចុងក្រោយនៃអន្តរាគមន៍បែបនេះដែលមានតាំងពីឆ្នាំ២០១២។ ប្រទេសកម្ពុជា បានបដិសេធមិនចូលរួមជាមួយសមាជិកផ្សេងៗទៀតរបស់អាស៊ាន ឡើយនៅក្នុងការចេញសេចក្ដីថ្លែងការណ៍ប្រឆាំងការប្រឹងប្រែង របស់ប្រទេសចិន អះអាងសិទ្ធិគ្រប់គ្រងលើដែនសមុទ្រដែលប្រទេសហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងព្រុយណេ អះអាងសិទ្ធិកាន់កាប់ដែរ។

លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់កាលពីម្សិលមិញថា រដ្ឋសភានឹងស្នើសុំឲ្យប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) កុំដាក់បញ្ចូលជម្លោះនេះក្នុងសេចក្តីថ្លែងការណ៍មួយដែលសមាគមនេះគ្រោងនឹងចេញនៅចុងបញ្ចប់នៃកិច្ចប្រជុំនាខែកញ្ញា ក្នុងរដ្ឋធានីវៀងចន្ទន៍។

លោកថ្លែងក្នុងខ្សែអាត់នៃបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានមកពីកាសែតរស្មីកម្ពុជាថា ”បន្ទាប់ពីយើងទទួលបានសេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍ទូទៅមួយពីអគ្គលេខាធិការដ្ឋានរបស់ AIPA ក្នុងរដ្ឋធានីហ្សាការតា យើងបានពិភាក្សាគ្នាអំពីវា ហើយយល់ស្របថា យើងគួរតែដកចេញកថាខណ្ឌដែលលើកឡើងអំពីសមុទ្រចិនខាងត្បូង ព្រោះប្រទេសរបស់យើងមិនជាប់ពាក់ព័ន្ធទេ”។

លោកបានបន្តថា លោកមិនដឹងថាតើអគ្គលេខាធិការដ្ឋានរបស់ AIPA នឹងគោរពតាមសំណើរបស់សភា ឬក៏អត់នោះទេ ប៉ុន្តែបានគូសបញ្ជាក់ជាថ្មីអំពីជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បណ្តាប្រទេសដែលជាប់ពាក់ព័ន្ធក្នុងជម្លោះនេះគួរតែចរចាគ្នាដោយផ្ទាល់ជាមួយប្រទេសចិន ដើម្បីស្វែងរកដំណោះស្រាយ។

លោកបានគូសបញ្ជាក់ថា ”ខ្ញុំយល់ស្របតាមអនុសាសន៍ និងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាទាំងស្រុង ហើយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងហើយថា វាជារឿងត្រឹមត្រូវដែលកម្ពុជា រក្សាការឯកភាព និងអធិបតេយ្យភាព”។

អ្នកវិភាគ និងអ្នកការទូតមួយចំនួនអះអាងថា កម្ពុជា ដែលទទួលបានជំនួយកន្លះពាន់លានដុល្លារពីប្រទេសចិនកាលពីខែកក្កដា បន្ទាប់ពីរារាំងការដាក់បញ្ចូលជម្លោះសមុទ្រចិនខាងត្បូងក្នុងសេចក្ដីថ្លែងការណ៍ចុងក្រោយរបស់អាស៊ាន បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការឯកភាពនៅក្នុងតំបន់។

លោក ខាឡាយ៍ សេយ័រ (Carlyle Thayer) អ្នកជំនាញខាងអាស៊ីអាគ្នេយ៍នៅរាជបណ្ឌិត្យសភាកងកម្លាំងការពារអូស្ត្រាលី បានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយកាលពីដើមខែនេះថា “ប្រសិនបើកម្ពុជា បន្តធ្វើជារនាំងការពារផលប្រយោជន៍របស់ប្រទេសចិន ដោយមិនខ្វល់ពីការកសាងសមាគមអាស៊ាន អាស៊ានគួរតែពិចារណាកែប្រែការធ្វើសេចក្ដីសម្រេចរួមរបស់ខ្លួនឱ្យស្រដៀងគ្នាទៅនឹងការធ្វើសេចក្ដីសម្រេចផ្នែកសេដ្ឋកិច្ច ដែលមតិភាគច្រើនអាចបន្តដំណើរការទៅមុខ ហើយមតិភាគតិចអាចមិនចូលរួម ឬចូលរួមតាមក្រោយបាន”។

លោកមានប្រសាសន៍ទៀតថា ប្រសិនបើកម្ពុជា បន្តរារាំងនីតិវិធីនានា គួរតែមានការព្រមានថា សមាជិកភាពអាស៊ានរបស់ខ្លួន “អាច នឹងត្រូវដាក់ឱ្យស្ថិតក្រោមលក្ខខណ្ឌពិចារណាកែប្រែ ព្យួរ ឬដកចោល”។

បណ្ដាអ្នកការទូតអាស៊ានដែលនិយាយក្នុងលក្ខខណ្ឌអនាមិក បានសម្ដែងការខឹងសម្បាប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិទាក់ទិនជំហររបស់កម្ពុជា អំឡុងកិច្ចប្រជុំកាលពីខែកក្កដា។

លោក ធីទីណាន ពុងសុទ្ធិរៈ (Thitinan Pongsudhirak) នាយកវិទ្យាស្ថានសិក្សាអំពីសន្តិសុខ និងអន្តរជាតិ (Institute of Security and International Studies) នៃសាកលវិទ្យាល័យជូឡាឡុងកន ក្នុងក្រុងបាងកក បានលើកឡើងថា ឥឡូវបញ្ហានេះ “កំពុងតែកើតមាននៅក្នុងអាស៊ាន”។

លោកមានប្រសាសន៍ទៀតថា សមាគមអាស៊ាន “អាចព្យាយាមលាក់បាំងវាបានដើម្បីសេចក្ដីថ្លែងការណ៍រួម ប៉ុន្តែវានឹងបន្តលេចចេញមកទៀតរហូតទាល់តែមានការដោះស្រាយតាមវិធីណាមួយ ឬវិធីណាមួយផ្សេងទៀត”។

ទោះជាយ៉ាងណា អំឡុងសុន្ទរកថាកាលពីថ្ងៃច័ន្ទ លោក ហ៊ុន សែន បាននិយាយសម្រាលចំពោះការអំពាវនាវឱ្យកម្ពុជា ចាកចេញពីអាស៊ានដោយសារតែជំហររបស់ខ្លួនទាក់ទិនជម្លោះសមុទ្រចិនខាងត្បូង។ លោកបានមានប្រសាសន៍ថា “ខ្ញុំសូមបញ្ជូនសារត្រឡប់ទៅវិញថា ហ៊ុន សែន នឹងមិនអនុញ្ញាតឱ្យកម្ពុជា ចាកចេញពីអាស៊ាននោះទេ”៕ សុុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស