កាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍បានយល់ព្រមពិចារណាបំបែកសំណើចំនួនពីរដែលប្តឹងដោយមន្ត្រីគណបក្សសង្គ្រោះជាតិ១១នាក់ ដែលត្រូវផ្តន្ទាទោសពីបទដឹកនាំនិងចូលរួមកុបកម្មកាលពីឆ្នាំមុន ចំពោះការពាក់ព័ន្ធរបស់ពួកគេក្នុងការតវ៉ានៅឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យក្នុងក្រុងភ្នំពេញ។
ភាគច្រើនបំផុតនៃមេធាវីការពារក្តីប្រាំបីនាក់របស់ចុងចោទមិនបានចូលរួមក្នុងសវនាការនៅតុលាការក្រុងភ្នំពេញទេ នៅពេលដែលតុលាការនេះកាត់ទោសកូនក្តីរបស់ខ្លួននៅខែកក្កដាឆ្នាំមុន។ តាំងពីពេលនោះមក ក្រុមមេធាវីបានប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនោះ និងដោយឡែកពីគ្នា បានស្នើឲ្យសាលាឧទ្ធរណ៍ “ទុកជាមោឃភាព” នូវសាលក្រម ដោយផ្អែកលើមូលដ្ឋានថា អវត្តមានរបស់ខ្លួនបានធ្វើឲ្យសាលក្រមនោះខុសច្បាប់”។
លោក ប្លង់ សំណាង ចៅក្រមសាលាឧទ្ធរណ៍ កាលពីថ្ងៃអង្គារបានយល់ព្រមបំបែកសំណុំរឿងជាពីរ។
លោកបានមានប្រសាសន៍ថា “ក្នុងរយៈពេល១០ឆ្នាំដែលខ្ញុំធ្វើជាចៅក្រម ខ្ញុំមិនដែលជួបរឿងក្តីដូចនេះទេ”។
យ៉ាងណាក៏ដោយ ចុងចោទមិនអាចរួចខ្លួនបានទេ ប្រសិនបើសាលាឧទ្ធរណ៍នៅទីបញ្ចប់សម្រេចបដិសេធសាលក្រមនាឆ្នាំ២០១៥នោះ។ ប្រសិនបើសាលាឧទ្ធរណ៍សម្រេចទុកសាលក្រមជាមោឃៈ វានៅតែអាចជំនុំជម្រះសំណុំរឿងនេះដដែល ដូចសាលាដំបូងអ៊ីចឹង ក្នុងសំណុំរឿងនេះគឺតុលាការក្រុង។
ទោះជាដូចនេះក្តី លោក ជួង ជួងី មេធាវីម្នាក់ក្នុងចំណោមមេធាវីការពារក្តីចុងចោទ បានស្វាគមន៍ការសម្រេចនេះ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើសាលាឧទ្ធរណ៍ទុកជាមោឃភាពនូវសេចក្តីសម្រេចរបស់តុលាការក្រុងនោះ សាលក្រមរបស់តុលាការក្រុងនឹងរលាយ ដូច្នេះយោងតាមច្បាប់ ចុងចោទអាចត្រូវដោះលែងឲ្យនៅក្រៅឃុំ”។
ទោះជាយ៉ាងនេះក្តី ក្នុងរបត់ចាស់ ចៅក្រម សំណាង បានមានប្រសាសន៍ថា ចុងចោទប្រាំមួយនាក់ក្នុងចំណោម១១នាក់ បានដាក់សំណើសុំសាលាឧទ្ធរណ៍ទុកសាលក្រមដំបូងនោះជាមោឃៈ។ លោក ជួងី បានមានប្រសាសន៍ថា ទាំង១១នាក់បានធ្វើសំណើ ហើយថាលោកមិនដឹងថា ហេតុអ្វីមានតែប្រាំមួយនាក់ទៅវិញ។
ប្រសិនបើសេចក្តីសម្រេចជាផ្លូវការដើម្បីបំបែកសំណុំរឿងនៅតែរាប់បញ្ចូលតែមនុស្សប្រាំមួយនាក់ក្នុងចំណោមចុងចោទទាំងអស់ នៅពេលវាឈានដល់ការសម្រេចក្នុងពេលប្រហែលមួយសប្តាហ៍ទៀតនេះ លោកបានមានប្រសាសន៍ថា លោកនឹងប្តឹងទៅតុលាការកំពូល។
មន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់កំពុងជាប់ពន្ធនាគាររវាង៧ឆ្នាំដល់២០ឆ្នាំដោយសារតែការពាក់ព័ន្ធរបស់ពួកគេក្នុងការតវ៉ានៅទីលានប្រជាធិបតេយ្យ ដែលបានក្លាយជាហិង្សាកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤៕ និត