ក្រសួងរៀបចំដែនដីនិយាយថា ខ្លួនឈប់ព្យាយាមធ្វើឲ្យពលរដ្ឋទាំង២៥៣គ្រួសារនៅខេត្តព្រះវិហារស្ងប់ចិត្តទៀតហើយ ដែលកំពុងតែព្យាយាមទាមទារយកមកវិញនូវដីដែលពួកគេត្រូវបានបណ្តេញចេញតាំងពីឆ្នាំ២០១១ ទោះបីគ្រួសារទាំងនោះនិយាយថា ពួកគេនៅតែទាមទារក៏ដោយ។
ក្នុងលិខិតមួយច្បាប់ផ្ញើទៅគ្រួសារទាំងនោះកាលពីថ្ងៃទី១៦ ខែសីហា ហើយចេញផ្សាយកាលពីថ្ងៃអង្គារ ក្រសួងនិយាយថា ពលរដ្ឋចំនួន១.៨៥២គ្រួសារត្រូវបានបណ្តេញចេញពីដីរដ្ឋក្រោមដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិព្រះវិហារ ដែលគ្រប់គ្រងប្រាសាទព្រះវិហារកសាងនាសម័យអង្គរនិងតំបន់ជំុវិញប្រាសាទ។
លិខិតដែលចុះហត្ថលេខាដោយលោក លឹម វ៉ាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និយាយថា ភាគច្រើននៃគ្រួសារដែលបានបណ្តេញចេញពេញចិត្តទទួលយកដីនិងផ្ទះដែលរដ្ឋាភិបាលផ្តល់ឱ្យពួកគេនៅកន្លែងតាំងលំនៅថ្មី ហើយគ្រួសារដែលកំពុងទាមទារយកដីចាស់របស់គេ គួរតែព្រមទទួលយកដោយពេញចិត្តដូចគ្នា។
លិខិតនិយាយថា “ក្រសួងរៀបចំដែនដីសម្រេចឈប់ស្វែងរកដំណោះស្រាយជូនគ្រួសារ ទាំងនោះនៅថ្ងៃនេះ ហើយអនុញ្ញាតឱ្យអាជ្ញាធរជាតិព្រះវិហារគ្រប់គ្រងនិងរក្សាតំបន់នោះជាសម្បត្តិរដ្ឋ”។
លោក ឯ ប៊ុនធឿន ប្រធានលេខាធិការដ្ឋានក្រសួងបានបដិសេធមិនបកស្រាយអំពីការសម្រេចនេះទេកាលពីថ្ងអង្គារ។
លោក ផាន ធឿន អ្នកតំណាង២៥៣គ្រួសារបាននិយាយថា ពួកគេបានទទួលលិខិតនេះ ប៉ុន្តែពួកគេនៅតែស្វែងរកការជួយរបស់ក្រសួង។
លោក ធឿន បាននិយាយថា “ប្រជាជនមិនយល់ស្របនឹងការសម្រេចរបស់ក្រសួងរៀបចំដែនដីទេ ព្រោះយើងបានរស់នៅទីនោះយូរមកហើយ”។ លោកនិយាយបន្ថែមថា ក្រុមគ្រួសារគ្រោងដាក់ញត្តិទៅក្រសួងនៅភ្នំពេញនៅសប្តាហ៍ក្រោយនេះ។
លោក ធឿន បាននិយាយថា គ្រួសារទាំងអស់បានចូលទៅនៅតំបន់មានជម្លោះតាំងពីឆ្នាំ១៩៩៩ ហើយក៏មានសៀវភៅគ្រួសារនិងលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានដែរ។លោកបាននិយាយថា ពួកគេចង់ត្រឡប់ទៅវិញ ព្រោះដីស្រែចំការដែលពួកគេទទួលបាននៅទីតាំងលំនៅថ្មី តិចជាងពួកគេមានពីមុនមក។
ជម្លោះកើតមានតាំងពីឆ្នាំ២០១០ នៅពេលដែលលោក សួស យ៉ារ៉ា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាតាមការចោទប្រកាន់ថាបានទាមទារយកដី៥០០ម៉ែត្រការ៉េពីអ្នកភូមិ។ តំណាងអ្នកភូមិអះអាងថា នៅពេលដែលអ្នកភូមិបានជំទាស់ ពួកគេក៏ត្រូវបានបណ្តេញចេញពីដីធ្លី ដោយយកលេសថា គ្រួសារទាំងនេះតាំងទីលំនៅដោយខុសច្បាប់នៅលើតំបន់បេតិកភណ្ឌ៕ មាំ វិបុល