38 C
Phnom Penh

រោង​ចក្រ​ស្រាបៀរ​បិទទ្វា​រ​​​​​​ចំ​​​ពេលធ្វើ​​កូដ​​​កម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុនស្រាបៀរខេមប៊្រូរនៅខេត្តព្រះសីហនុបានផ្អាកប្រតិបត្តិការរបស់ខ្លួនកាលពីម្សិលមិញដោយបានបញ្ជូនកម្មកររបស់ខ្លួនចំនួន១.១៥០ឱ្យទៅផ្ទះ ក្នុងពេលដែលមានកូដកម្មកើតឡើងនៅឯឃ្លាំងអីវ៉ាន់បានធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្ម។

ក្រុមហ៊ុនស្រាបៀរនៅខេត្តព្រះសីហនុសរសើរខ្លួនឯងថាជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំបំផុត ដោយផលិតស្រាបៀរអង្គរនិងស្រាបៀរផ្សេងទៀត រួមទាំងស្រាបៀរ Carlsberg ដែរ។

លោក ឆេង សុភ័ក្រ្ត ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៃក្រុមហ៊ុនស្រាបៀរបាននិយាយថា រោងចក្របានបិទទ្វារកាលពីថ្ងៃម្សិលមិញ ព្រោះខ្សែសង្វាក់ផលិតកម្មមិនអាចដំណើរការបានទេ។

លោក សុភ័ក្រ្ត បាននិយាយថា “នៅពេលដែលមួយភាគនៃផលិតកម្មរាំងស្ទះនោះ ផលិតកម្មទាំងមូលនឹងលែងដើរ”។លោកបាននិយាយបន្ថែមថា លោកមិនបានដឹងថា តើពេលណាក្រុមហ៊ុននឹងចាប់ផ្តើមវិញនោះទេ។

លោក សុភ័ក្រ្ត បាននិយាយថា ចំនួនកម្មករដែលធ្វើបាតុកម្មជំទាស់នៅខាងក្រៅរោងចក្របានថយចុះនៅសល់ប្រហែល៥០នាក់កាលពីថ្ងៃម្សិលមិញ ហើយតាមការប៉ាន់ស្មានរបស់លោក មានចំនួនថយចុះពីចំនួន១០០នាក់ ពីថ្ងៃមុន ពោលគឺចំនួនថយចុះច្រើនពីតួលេខដែលផ្តល់ឲ្យដោយតំណាងសហជីព។

លោក កែន ម៉ៅ សមាជិកសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាដែលតំណាងកម្មករធ្វើកូដកម្មបាននិយាយថា មានអ្នកតវ៉ា២០០នាក់នៅខាងក្រៅរោងចក្រកាលពីថ្ងៃអង្គារ ពោលគឺថយចុះពីចំនួន៦០០នាក់កាលពីថ្ងៃច័ន្ទ។

លោក ម៉ៅ បាននិយាយថា លោកមានសុទិដ្ឋិនិយមថា ដំណោះស្រាយអាចត្រូវបានរកឃើញឆាប់ៗនេះ ក្នុងខណៈដែលមានការដាក់សម្ពាធកាន់តែខ្លាំងលើផ្នែករដ្ឋបាលរោងចក្រ។

លោក ម៉ៅ បាននិយាយថា “ប្រសិនបើខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនត្រូវរាំងស្ទះ ក្រុមហ៊ុនអាចបាត់បង់ទីផ្សារទៅគូប្រកួតប្រជែងរបស់ខ្លួន”។

អ្នកតំណាងសហជីពបានបញ្ជាក់ពីភាពជោគជ័យក្នុងការធ្វើកូដកម្មកាលពីលើកមុននៅឆ្នាំ២០១៤ ដែលធ្វើឱ្យក្រុមហ៊ុនដំឡើងប្រាក់ខែគោល ជាហេតុផលនៃក្តីសង្ឃឹមនេះ។

លោក ម៉ៅ បាននិយាយថា “ឥឡូវនេះ ក្រុមហ៊ុនស្រាបៀរឲ្យប្រាក់ខែបុគ្គលិករបស់ខ្លួនសមរម្យ”។

កូដកម្មនាពេលថ្មីៗនេះដែលបានកើតឡើងកាលពីថ្ងៃសៅរ៍បានបង្កឡើងដោយសារការបណ្តេញលោក លឹម រ័ត្ន អ្នកគ្រប់គ្រងឃ្លាំងរោងចក្រ។

កម្មករនិយាយថា លោក រ័ត្ន ត្រូវបានចោទដោយអយុត្តិធម៌ថាស៊ីសំណូក ហើយពួកគេទាមទារសុំឲ្យលោកចូលធ្វើការកន្លែងដើមវិញ ក៏ដូចជាសុំបណ្តេញលោក Y.K. Wong អគ្គនាយកគ្រប់គ្រងជនជាតិម៉ាឡេស៊ីរបស់រោងចក្រ។ លោក វ៉ង់ បានបដិសេធមិនធ្វើអត្ថាធិប្បាយពីរដងទាក់ទងនឹងកូដកម្មនេះ។

លោក ម៉ៅ បាននិយាយថា ការតវ៉ានឹងបន្តនៅថ្ងៃនេះ ដោយចាប់ផ្តើមពីម៉ោង៦:៣០ព្រឹក៕មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស