32 C
Phnom Penh

មន្ត្រីរដ្ឋាភិបាល៖ ស្ត្រីខ្មែរច្រើនទៀតត្រូវបានជួញដូរនៅ អារ៉ាប៊ី សាអូឌីត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ចំនួនស្ត្រីខ្មែរដែលឥឡូវត្រូវបានគេគិតថា កំពុងជាប់ផុងនៅក្នុងឧស្សាហកម្មផ្លូវភេទនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត បន្ទាប់ពីត្រូវបានជួញដូរក្នុងឆ្នាំកន្លងមកនេះ បានកើនឡើងដល់ជាង២០នាក់។

ទោះជាយ៉ាងណា រដ្ឋាភិបាលនៅតែមិន និយាយអំពីការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសង្គ្រោះស្ត្រីទាំងនេះឡើយកាលពីម្សិលមិញ ខណៈបុរសជនជាតិប៉ាគីស្ថានពីរនាក់ និងស្ត្រីខ្មែរម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទប៉ុនប៉ងជួញដូរស្ត្រីចំនួន៣នាក់ទៅកាន់ប្រទេសតំបន់មជ្ឈិមបូពា៌មួយនេះ។

ជនជាតិប៉ាគីស្ថានឈ្មោះ Niaz Ahmed អាយុ ៥៥ឆ្នាំ និង Yazef Ahmed អាយុ២៤ឆ្នាំព្រមទាំង មេខ្យល់ជនជាតិខ្មែរម្នាក់ឈ្មោះ ប៊ិន ញ៉  អាយុ ៧២ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំ ពេញកាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ ដោយសារជាប់សង្ស័យពីបទប៉ុនប៉ងជួញដូរស្ត្រីទាំងនេះចេញពីប្រទេស។

ពេលសាកសួរ ជនសង្ស័យបានទទួល ស្គាល់ថា ពួកគេមានគម្រោងបញ្ជូនស្ត្រីទាំងនេះដែលត្រូវបានគេល្បួងពីខេត្តត្បូងឃុំ  ដោយសន្យាថា នឹងរកការងារប្រាក់ខែខ្ពស់ឲ្យនោះ ទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត  ហើយបានសារភាពថា ពីមុនមកធ្លាប់បានបញ្ជូនស្ត្រីជាង១០នាក់ទៅប្រទេសនេះ នេះបើយោងតាមលោក កែវ ធា នាយការិ យាល័យនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានី។

ពេលទាក់ទងកាលពីម្សិលមិញ លោក  កែវ  ធា បានលើកឡើងថា ឥឡូវមន្ត្រីរបស់លោកជឿថា ចំនួនស្ត្រីខ្មែរដែលត្រូវបានជួញដូរទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត  ដើម្បីបម្រើសេវាផ្លូវភេទ លើសពីតួលេខនេះទ្វេដង។

លោកបានមានប្រសាសន៍ថា ”យើងសន្និ ដ្ឋានថា ជនជាតិប៉ាគីស្ថាននេះបាននាំស្ត្រីខ្មែរជាច្រើននាក់ទៅកាន់ប្រទេសអារ៉ាប៊ី  សាអូឌីត ក្នុងឆ្នាំកន្លងមក”។

លោកបានបន្ថែមថា “យើងគ្មានឯកសារបញ្ជាក់ពីចំនួនពិតប្រាកដនៃស្ត្រីខ្មែរដែលពួកគេបានបញ្ជូនទៅប្រទេស អារ៉ាប៊ី សាអូឌីតឡើយ ប៉ុន្តែ ឆ្លងកាត់តាមរយៈការស៊ើប អង្កេតរបស់មន្ត្រីយើង យើងគិតថា ស្ត្រីជាង២០នាក់ត្រូវបានបញ្ជូនទៅទីនោះ”។

បុរសជនជាតិប៉ាគីស្ថានទាំងពីរនាក់នេះកំពុងធ្វើការជាផ្នែកនៃបណ្តាញជួញដូរមនុស្ស ដែលមានមូលដ្ឋាននៅក្នុងប្រទេសដែលសម្បូរប្រេងមួយនេះ។

លោក កែវ ធា បានលើកឡើងថា “ខ្ញុំចង់និយាយថា នេះគឺជាក្រុមហ៊ុនមិនផ្លូវការនៅក្នុងប្រទេស អារ៉ាប៊ី សាអូឌីត ហើយពួកគេកំពុងធ្វើការដោយសម្ងាត់ និងខុសច្បាប់     ជាមួយជនជាតិប៉ាគីស្ថានទាំងពីរនាក់នេះ”។

លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបានលើកឡើងថា លោកទទួលបានព័ត៌មានមកថា មានស្ត្រីជនជាតិ អារ៉ាប៊ី សាអូឌីត ធ្លាប់បានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីនាំស្ត្រីខ្មែរទៅកាន់ប្រទេសតំបន់មជ្ឈិមបូពា៌នេះ។

លោកបានមានប្រសាសន៍ថា ”យើងទទួលបានព័ត៌មានមកថា មានស្ត្រីមួយចំនួនមកពីប្រទេស អារ៉ាប៊ី សាអូឌីត ហើយពួកគេបានប៉ុនប៉ងនាំស្ត្រីខ្មែរយើងយកទៅជួញដូរនៅក្នុងប្រទេសនេះ”។

លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើស្ត្រីខ្មែរប៉ុន្មាននាក់ដែលលោកជឿថា បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ី  សាអូឌីត ឡើយ ប៉ុន្តែសង្ស័យថា អាចមានអ្នក ជួញដូរជនជាតិអារ៉ាប៊ី សាអូឌីតកំពុងលាក់ខ្លួន នៅក្នុងរាជធានីភ្នំពេញក្នុងពេលបច្ចុប្បន្ន។

លោកបានថ្លែងថា ”យើងកំពុងតែស្វះស្វែងដើម្បីតាមរកស្ត្រីទាំងនេះ ប៉ុន្តែឥឡូវយើងកំពុងធ្វើការដើម្បីប្រមូលព័ត៌មានសម្រាប់ចាប់ជនល្មើសនៅឡើយ ហេតុដូច្នេះ ហើយយើងមិនអាចបញ្ចេញព័ត៌មានបានទេ ព្រោះពួកគេនឹងគេចខ្លួន”។

ដោយបដិសេធមិនរៀបរាប់ច្រើន លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានថ្លែងថា ក្រសួងរបស់លោកជាមួយក្រសួង ការបរទេស និងក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការរួមមួយ ”ដើម្បីសង្គ្រោះពលរដ្ឋរបស់យើងក្នុងប្រទេសអារ៉ាប៊ី សាអូឌីត”។

លោកស្រី ជូ ប៊ុនអេង អគ្គលេខាធិការគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទនៃក្រសួងមហាផ្ទៃបានលើកឡើងថា លោកស្រី “មិនអាចផ្សព្វផ្សាយព័ត៌មាន” ស្តីពីករណីនេះបានទេ ខណៈវាកំពុងស្ថិតក្រោមការសើុបអង្កេត។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា លោក”គ្មានព័ត៌មាន” ស្តីពីការសើុបអង្កេតនេះឡើយ។

បុរសជនជាតិប៉ាគីស្ថានពីរនាក់នេះ និងមេខ្យល់ជនជាតិខ្មែរត្រូវបានចោទប្រកាន់ពីបទនាំមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នេះបើយោងតាមលោក កុល បុណ្យ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ប្រសិនបើត្រូវបានរកឃើថា ពិតជាមានពិរុទ្ធភាពមែននោះ ជនសង្ស័យទាំង៣នាក់នេះប្រឈមការជាប់ពន្ធនាគារចន្លោះពី៧ឆ្នាំទៅ១៥ឆ្នាំ៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ George Wright)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស