31 C
Phnom Penh

សាលាដំបូងប្រកាសបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងនឹងត្រូវឡើងសវនាការជំនុំជម្រះទោសពីបទមិនចូលខ្លួនទៅតុលាការក្នុងនាមសាក្សីនៅក្នុងសំណុំរឿងសញ្ចរកម្មប្រឆាំងស្រីកំណាន់របស់លោក នេះបើយោងតាមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងក្នុងលិខិតមួយចុះថ្ងៃអង្គារដែលបិទនៅខាងក្រៅគេហដ្ឋានរបស់អ្នកនយោបាយរូបនេះកាលពីម្សិលមិញ។

cam-photo-CNRPក្រុមនគរបាលប្រដាប់ដោយអាវុធធុនធ្ងន់បានព្យាយាមចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី២៦ ខែឧសភា ក្នុងថ្ងៃតែមួយដែលលោកមិនបានចូលខ្លួនតាមដីកាកោះជាលើកទី២ ហើយបានសម្ងំស្នាក់នៅក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញចាប់តាំងពីពេលនោះ ដើម្បីចៀសវាងការប៉ុនប៉ងចាប់ខ្លួនលោកទៀត។ ចៅក្រមស៊ើបសួរ ថាន់ ឡេង បានប្រកាសកាលពីដើមខែនេះថា លោកបានចោទប្រកាន់លោក កឹម សុខា ពីបទ “បដិសេធក្នុងការចូលខ្លួន” ដែលត្រូវមានទោសជាប់ពន្ធនាគារពី១ខែទៅ៦ខែ។

លិខិតចុងក្រោយដែលចៅក្រមបានចេញដើម្បីជូនដំណឹងដល់លោក កឹម សុខា នេះមានខ្លឹមសារដូច្នេះថា “យើងបានបញ្ចប់ការស៊ើបអង្កេតទាំងស្រុង ហើយសម្រេចបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ ដូច្នេះសូមជ្រាបជាព័ត៌មាន”។

លិខិតនេះមិនបានបញ្ជាក់ថាសវនាការជំនុំជម្រះនឹងធ្វើឡើងនៅពេលណាទេ ហើយចៅក្រម ថាន់ ឡេង មិនអាចទាក់ទងសុំការបំភ្លឺបានឡើយ។ ចំណែកឯលោក លី សុផាណា អ្នកនាំពាក្យតុលាការបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ពីព្រោះលោកកំពុងស្ថិតក្នុងដំណើរបំពេញការងារនៅប្រទេសម៉ាឡេស៊ី។

លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោមមេធាវីប្រាំរូបរបស់លោក កឹម សុខា បានមានប្រសាសន៍ថា លោករំពឹងថាផ្លូវឆ្ពោះទៅសវនាការជំនុំជម្រះនឹងវែងអន្លាយ  ពីព្រោះក្រុមមេធាវីរបស់លោក កឹម សុខា គ្រោងប្តឹងជំទាស់ដីកាបញ្ជូនរឿងជំនុំជម្រះនេះ ឬដីកាចោទប្រកាន់រហូតដល់តុលាការកំពូល។

លោកបានលើកឡើងទៀតថា លោក និងមេធាវីផ្សេងៗទៀតរបស់លោក កឹម សុខា បានពិភាក្សាជាមួយប្រធានគណបក្សប្រឆាំងស្ដីទីរូបនេះកាលពីម្សិលមិញអំពីសំណុំរឿងនេះ។ ”ជំហររបស់គាត់ ទី១គឺស្នើឱ្យមេធាវីសិក្សា និងពិនិត្យមើលលទ្ធភាពផ្លូវច្បាប់ ហើយអ្វីដែលសំខាន់បំផុតគឺគាត់ចង់ឱ្យមេធាវីដាក់ពាក្យប្តឹងជំទាស់ដីកាបញ្ជូនរឿងជំនុំជម្រះនេះ”។

មេធាវីរូបនេះបានគូសបញ្ជាក់ថា វាឆាប់រហ័សពេកហើយមិនអាចនិយាយបានទេថា តើលោក កឹម សុខា នឹងចូលរួមសវនាការជំនុំជម្រះឬក៏អត់ ប្រសិនបើដំណើរការប្ដឹងទាស់មិនបានផល។

លោក កឹម សុខា បានជាប់ពាក់ព័ន្ធរឿងអាស្រូវមួយកាលពីខែមីនា នៅពេលខ្សែអាត់សំឡេងរបស់លោកសន្ទនាជាមួយស្រីកំណាន់ម្នាក់ដែលរួមមានទាំងការនិយាយអំពីសិច ការសន្យាជូនកាដូថ្លៃៗ និងការចែចង់គ្នាបានចាប់ផ្តើមបែកធ្លាយតាមបណ្តាញអុិនធឺណិត។

រដ្ឋាភិបាលបានចាប់ផ្តើមបើកការស៊ើបអង្កេតភ្លាមៗលើខ្សែអាត់សំឡេងទាំងនេះដោយកំណត់អត្តសញ្ញាណស្រីកំណាន់នៅក្នុងខ្សែអាត់សំឡេងនោះថាជានារីជាងធ្វើសក់ម្នាក់អាយុ២៥ឆ្នាំ។ មន្ត្រីបួនរូបមកពីអង្គការសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប.មួូយរូបត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររយៈពេលជាង៣ខែមកហើយគិតមកទល់ពេលនេះដោយសារពួកគាត់ជាប់ពាក់ព័ន្ធរឿងសូកប៉ាន់ស្រីកំណាន់នេះដើម្បីឱ្យនាងឆ្លើយបដិសេធរឿងស្នេហាលួចលាក់របស់នាងជាមួយលោក កឹម សុខា។

លោក ប៉ា ងួនទៀង អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ  និងជានាយកស្ថាប័នព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) មានប្រសាសន៍ថា ដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងរស់នៅក្នុងប្រទេសបារាំង ដើម្បីគេចវេះទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំក្នុងសំណុំរឿងបរិហារកេរ្តិ៍ដោយឡែកមួយ បានធ្វើឲ្យគណបក្សប្រឆាំងនេះគ្មានមេដឹកនាំសម្រាប់ទំនាក់ទំនងជាមួយសាធារណជន។

លោកគូសបញ្ជាក់ថា “បើលោក កឹម សុខា ត្រូវបានចាប់ខ្លួន ខ្ញុំគិតថានឹងមានផលប៉ះពាល់កាន់តែខ្លាំងមកលើសកម្មភាពរបស់គណបក្សប្រឆាំង។ប៉ុន្តែទន្ទឹមនេះ ខ្ញុំគិតថា បើការចាប់ខ្លួនលោក កឹម សុខា ពិតជាកើតឡើងមែន នោះនឹងធ្វើឲ្យអ្នកគាំទ្រកាន់តែច្រើនចាប់អារម្មណ៍ ហើយគាំទ្រគណបក្សប្រឆាំង”។

ទោះជាយ៉ាងណា លោកថ្លែងថា ប្រសិនបើបរិយាកាសនយោបាយមិនប្រែប្រួលខ្លាំងទេ ប្រព័ន្ធតុលាការទំនងជានឹងបន្តនីតិវិធីរបស់ខ្លួន។ ”នៅពេលគ្មានដំណោះស្រាយខាងនយោបាយរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សកាន់អំណាច ខ្ញុំគិតថា តុលាការនឹងបន្តនីតិវិធីលើសំណុំរឿងនេះ។ ហើយសម្រាប់ខ្ញុំ និងលោក កឹម សុខា គេចមិនផុតពីការចាប់ខ្លួនទេ បើគ្មានការសម្របសម្រួលខាងនយោបាយ”៕ សុខុម (រាយការណ៍បន្ថែមដោយ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស