38.1 C
Phnom Penh

ទាហាននិងអតីតយុទ្ធជនជំទាស់នឹងផែនការដាក់រូបសំណាកលោក កែម ឡី លើទីលានប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបញ្ជាការកងទ័ព និងយោធាឈរជើងតាមបណ្ដោយព្រំដែនថៃបានចូលរួមជាមួយសមាគមអតីតយុទ្ធជនជំរុញឱ្យរដ្ឋាភិបាលកុំយល់ព្រមចំពោះសំណើសុំដាក់រូបសំណាកលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវឃាតករបាញ់សម្លាប់នោះនៅទីសាធារណៈក្នុងរាជធានីភ្នំពេញ ហើយប្ដេជ្ញាថានឹងយករូបសំណាកនោះចេញប្រសិនបើត្រូវបានសាងសង់។

cam-photo-kem-leyលោក អ៊ូ ចាន់រ័ត្ន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានសុំការអនុញ្ញាតពីមន្ត្រីសាលារាជធានីភ្នំពេញដាក់រូបសំណាកអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព និងនិយាយឥតសំចៃរូបនេះដែលត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងស្តាម៉ាតមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា នៅទីលានប្រជាធិបតេយ្យកាលពីសប្ដាហ៍មុន។ បើទោះជាបុរសម្នាក់ដែលត្រូវបានចាប់ខ្លួនទាក់ទិនការបាញ់សម្លាប់នេះអះអាងថា ខ្លួនបានសម្លាប់លោក កែម ឡី ដោយសារគាត់ជំពាក់ប្រាក់មិនព្រមសងក៏ដោយ ក៏មជ្ឈដ្ឋានជាច្រើនជឿជាក់ថា វាជាការធ្វើឃាតពាក់ព័ន្ធនយោបាយដែរ។

សាលារាជធានីមិនទាន់សម្រេចពីរឿងេនះនៅឡើយទេ  ប៉ុន្តែមានការជំទាស់នឹងសំណើនេះក្នុងចំណោមទាហាន និងអតីតយុទ្ធជននៅក្នុងប្រទេស។

ឧត្ដមសេនីយ៍ត្រី ចាន់ សុខុន មេបញ្ជាការរងកងពលធំលេខ៣ នៃកងយោធពលខេម រភូមិន្ទឈរជើងក្នុងខេត្តព្រះវិហារបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងប្រឆាំងដាច់ខាតចំពោះការដាក់រូបសំណាកលោក កែម ឡី នៅទីលានប្រជាធិបតេយ្យ ពីព្រោះលោក កែម ឡី មិនមែនជាវីរបុរសទេ ហើយគាត់ក៏មិនមែនជាយោធាឬនគរបាលដែរ”។

លោកបានថ្លែងបន្តថា “ប្រសិនបើពួកគេយករូបសំណាកលោក កែម ឡី ទៅដាក់នៅទីលានប្រជាធិបតេយ្យ យើងនឹងទៅយកចេញតែម្ដង”។

លោក ស្រី ឌឹក មេបញ្ជាការកងពលធំនេះបានអះអាងថា កងពលធំលេខ៣ទាំងមូលជំទាស់ចំពោះរូបសំណាកនេះ ហើយបានសួរថាតើលោក កែម ឡី នៅឯណាអំឡុងរបបខ្មែរក្រហមដ៏បង្ហូរឈាម។

លោកមានប្រសាសន៍ថា “យើងប្រឆាំងដាច់ខាតចំពោះរឿងនេះ។ អំឡុងរបប៣ឆ្នាំ៨ខែនិង២០ថ្ងៃ តើគាត់នៅឯណា?”។

ប្រតិកម្មរបស់សាធារណជនបានចាប់ផ្តើមតាមប្រព័ន្ធអុីនធឺណិតអមដោយការបង្ហោះសារកាលពីថ្ងៃសៅរ៍ នៅក្នុងទំព័រហ្វេសប៊ុករបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលអះអាងថា មានសមាជិកជាង២០០.០០០នាក់។

ដោយរំឭកពីតួនាទីរបស់យោធាក្នុងការស្រោចស្រង់ប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំរបស់ខ្មែរក្រហម លោកបានលើកឡើងថា “យើងមិនដែលទាមទារឱ្យសាងសង់រូបសំណាកទាហានរបស់យើងទេ។ តើលោក កែម ឡី បានលះបង់ ឬសម្រេចបានអ្វីខ្លះស្មើនឹងពួកយើងទេ?”។

សារបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកកាលពីម្សិលមិញបានបន្តទៀត ដោយបានវាយប្រហារអ្នកវិភាគនយោបាយរូបនេះថា ជាមនុស្ស   គ្មានភាពស្មោះត្រង់។ សារនេះមានខ្លឹមសារថា “លោក កែម ឡី គឺជាមនុស្សដែលមាននិន្នាការបរទេសបង្កភាពចលាចលក្នុងប្រទេសកម្ពុជា ហើយគាត់មិនបានធ្វើអ្វីដើម្បីផលប្រយោជន៍ជាតិឡើយ។ប្រសិនបើពួកគេចង់សាងសង់រូបសំណាកលោក កែម ឡី ពួកគេអាចយកទៅដាក់នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិបាន”។

លោក កែម ឡី គឺជាអ្នករិះគន់ជាញឹកញាប់ និងពេលខ្លះមិនពិរោះស្តាប់លើរដ្ឋាភិបាលដោយមានសាធារណជនជាច្រើនជឿតាមលោក។ ប៉ុន្តែលោកក៏ត្រូវបានគោរពដោយមនុស្សជាច្រើនចំពោះការវិភាគមិនលម្អៀងនិងស៊ីជម្រៅជាងអ្នកនៅក្នុងគណបក្សកាន់អំណាច។ លោកគឺជាកម្លាំងជំរុញនៅពីក្រោយការបង្កើតគណបក្សនយោបាយថ្មីមួយកាលពីឆ្នាំមុន ដែលសំដៅតតាំងនូវអ្វីដែលលោកចាត់ទុកថា ជានិន្នាការនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយរបស់លោក កែម ឡី បានមានប្រសាសន៍កាលពីម្សិលមិញថា អ្នកដែលជំទាស់ចំពោះរូបសំណាកនេះគឺខុសហើយ ដែលចាត់ទុកប្ដីរបស់អ្នកស្រីថា ជាមនុស្សដែលបម្រើតែបក្ខពួកខ្លួនឯងនោះ។

អ្នកស្រីបានបន្តថា “អ្នកដែលនិយាយដូចនេះ ពួកគេមិនយល់ពីសង្គមទេ។ គាត់មិនដែលធ្វើសកម្មភាពដើម្បីខ្លួនឡើយ។ គាត់ធ្វើការដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិយើង។ប្ដីរបស់ខ្ញុំមិនបានគាំទ្រគណបក្សណាមួយទេ។

លោក អ៊ូ ចាន់រ័ត្ន បានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានដំណឹងពីសាលារាជធានីនៅឡើយទេ ចាប់តាំងពីលោកដាក់សំណើ កាលពីថ្ងៃទី១៧ មក។ ប៉ុន្តែលោកមិនរង់ចាំការយល់ព្រមដើម្បីចាប់ផ្ដើមនោះឡើយ។

តំណាងរាស្ត្ររូបនេះបានឱ្យជាងចម្លាក់នៅក្នុងខេត្តកំពង់ស្ពឺធ្វើគំរូមានខ្នាតដូចរូបពិតពីដីឥដ្ឋដែលនឹងប្រើដើម្បីធ្វើជាពុម្ពសម្រាប់ចាក់រូបសំណាកដែលធ្វើពីស្ពាន់។ រូបថតគំរូដីឥដ្ឋដែលបង្ហោះលើហ្វេសប៊ុកបង្ហាញពីលោក កែម ឡី ឈរមួយជំហរក្នុងសម្លៀកបំពាក់អាវដៃខ្លី និងក្រវាត់កដោយមានប៊ិចនៅក្នុងហោប៉ៅអាវផង ជាសម្លៀកបំពាក់ធម្មតារបស់លោក ហើយមានស្នាមញញឹមបន្តិចផងដែរ។

លោក អ៊ូ ចាន់រ័ត្ន បានមានប្រសាសន៍ថា លោកនិងមិត្តភក្ដិបានចំណាយប្រាក់៥.០០០ដុល្លារសម្រាប់ទិញសម្ភារ ហើយជាងចម្លាក់បានលះបង់កម្លាំងកាយដោយមិនយកប្រាក់ឡើយ ហើយថា រូបសំណាកនេះនឹងត្រូវរួចរាល់ក្នុងរយៈពេលពីរបីសប្ដាហ៍ទៀត ប៉ុន្តែមិនដឹងថា មានកន្លែងសាធារណៈសម្រាប់ដាក់ ឬក៏អត់ទេ។

លោកបានប្រកាន់តាមសំណើរបស់លោកដែលសុំដាក់នៅសួនសេរីភាព ដែលលោកហៅថាទីលានប្រជាធិបតេយ្យ។

លោកបានថ្លែងថា “គាត់គ្រាន់តែជាអ្នកវិភាគដ៏លេចធ្លោបំផុតដែលបានជួយមនុស្សជាច្រើនឱ្យស្វែងយល់ពីអ្វីដែលបានកើតឡើងនៅក្នុងសង្គមរបស់យើង រឿងនយោបាយ និងបញ្ហាផ្សេងៗទៀត…ហើយមនុស្សជាច្រើនគោរពគាត់ថាជាវីរបុរស”។ គាត់និយាយការពិតពីសង្គម នេះហើយជាមូលហេតុដែលខ្ញុំជ្រើសរើសទីលានប្រជាធិបតេយ្យសម្រាប់ដាក់រូបសំណាករបស់គាត់”។

លោកនៅតែមានសុទិដ្ឋិនិយមថា ទីបំផុតសាលារាជធានីនឹងយល់ព្រម  ហើយលោកមិនទាន់បានគិតពីកន្លែងផ្សេងនៅឡើយទេ។ លោកបានមានប្រសាសន៍ថា  ”ខ្ញុំមិនឃើញមូលហេតុណាមួយដែលសាលារាជធានីនឹងមិនយល់ព្រមនោះឡើយ។ អ្នកនាំពាក្យសាលារាជធានីបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

មនុស្សជាច្រើនជឿថា លោក កែម ឡី ត្រូវបានសម្លាប់ដោយសារតែការរិះគន់រដ្ឋាភិបាល ហើយការស្លាប់របស់លោកបានធ្វើឱ្យលោកជាមនុស្សដ៏កម្រម្នាក់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងការនិយាយដោយសេរី។ វាបានធ្វើឱ្យសាលារាជធានីចំណាយពេលដល់៨ឆ្នាំឯណោះទើបយល់ព្រមឱ្យសាងសង់រូបសំណាករបស់លោក ជា វិជ្ជា ប្រធានសហជីពដែលការបាញ់សម្លាប់រូបលោកកាលពីឆ្នាំ២០០៤មិនទាន់ត្រូវបានដោះស្រាយនៅឡើយ ហើយសាធារណជនមានការសង្ស័យស្រដៀងគ្នាថាជាទង្វើដែលបញ្ជាដោយរដ្ឋាភិបាល។

លោក អ៊ូ ចាន់រ័ត្ន បានមានប្រសាសន៍ថា លោកគោរពការលះបង់របស់អតីតយុទ្ធជនដែលជំទាស់សំណើរបស់លោកសុំដាក់រូបសំណាកនេះ ប៉ុន្តែលោកមិនយល់ស្របទេ។

លោកបានមានប្រសាសន៍ថា “ខ្ញុំគោរពអ្វីដែលពួកគាត់លះបង់ដើម្បីការពារប្រទេសជាតិ…ប៉ុន្តែពួកគាត់មិនអាចធ្វើឲ្យខូច ឬមិនគោរពអ្វីដែលលោក កែម ឡី បានធ្វើឡើយ។ អ្នកមិនអាចកាត់ថ្លៃបានទេចំពោះអ្វីដែលលោក កែម ឡី បានធ្វើ”។

លោក អ៊ូ ចាន់រ័ត្ន បានថ្លែងថា មន្ត្រីនៅសាលារាជធានីដែលថ្លឹងថ្លែងពីសំណើរបស់លោកគួរពិចារណាដល់អ្នកគាំទ្រ និងអ្នកដើរតាមរបស់អ្នកវិភាគដ៏មានប្រជាប្រិយភាពរូបនេះ។ នៅថ្ងៃដែលសពរបស់លោកត្រូវបានដង្ហែទៅកន្លែងបញ្ចុះចុងក្រោយនៅក្នុងខេត្តតាកែវ អ្នកកាន់ទុក្ខរាប់លាននាក់បាន

 

ចូលរួមដង្ហែសពចេញពីរាជធានីភ្នំពេញ ដោយមានមនុស្សឈរអបអរជាច្រើននៅតាមផ្លូវសំខាន់ៗមួយចំនួនជាច្រើនម៉ោងដើម្បីសម្ដែងនូវការគាំទ្រ។

តំណាងរាស្ត្ររូបេនះថ្លែងថា “វាអាស្រ័យលើថា  តើមនុស្សប៉ុន្មាននាក់គោរពលោក កែម ឡី។ ប្រជាពលរដ្ឋមើលឃើញថា លោក កែម ឡី បានធ្វើកិច្ចការជាច្រើនដើម្បីប្រជាពលរដ្ឋ ដូចជាអប់រំប្រជាពលរដ្ឋ ការហ៊ាននិយាយចេញ ការជួយពួកគាត់ឱ្យស្វែងយល់ពីស្ថានភាពសង្គមជាដើម”៕ សារុន (រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស