26 C
Phnom Penh

រដ្ឋាភិបាល​សន្យា​​​​បង្កើន​ចំនួន​​​ឧទ្យានុរក្ស​៣០ភាគរយ​​​​ត្រឹម​​​ឆ្នាំ​​​​២០១៧​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលបាននិយាយនៅសប្តាហ៍នេះថា ខ្លួនចង់បង្កើនចំនួនឧទ្យានុរក្សយ៉ាងតិច៣០ភាគរយដើម្បីធ្វើការនៅឆ្នាំក្រោយនៅតាមជម្រកសត្វព្រៃ ឧទ្យានជាតិនិងតំបន់ការពារនានាក្នុងប្រទេសកម្ពុជា ដើម្បីការពារប្រឆាំងនឹងការទន្ទ្រានយកដី បរបាញ់សត្វព្រៃ និងការដាំដំណាំ។

cam-photo-soldiers-supplied-800x533ក្នុងសុន្ទរកថាលម្ពិតអំពីបរិស្ថានកាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ឧទ្យានុរក្សជាខ្សែទីមួយសម្រាប់ការពារបរិស្ថានក្នុងប្រទេស រួមទាំងសត្វព្រៃដែរ។

លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា “ក្នុងនាមខ្ញុំជារដ្ឋាភិបាល ខ្ញុំសូមប្រកាសផែនការថ្ងៃនេះជ្រើសរើសឧទ្យានុក្ស៣០០នាក់សម្រាប់ឆ្នាំ២០១៧។យើងបានបង្កើនយោធានិងនគរបាលសម្រាប់សន្តិសុខផ្ទៃក្នុង ប៉ុន្តែយើងក៏ត្រូវបង្កើតកម្លាំងការពារធនធានធម្មជាតិព្រៃឈើរបស់យើងដែរ”។

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបាននិយាយថា ក្រសួងបរិស្ថានបានដាក់សំណើរួចហើយ ដើម្បីបង្កើនចំនួនឧទ្យានុរក្ស២៤០នាក់ ពោលគឺពី៩៦០នាក់ដល់១.២០០នាក់នៅឆ្នាំ២០១៧។ឥឡូវនេះ ផែនការរបស់លោក ហ៊ុន សែន ជាផែនការអាទិភាព។

លោក សុភាព បាននិយាយថា “យើងចង់បានឆាប់ៗ ប៉ុន្តែយើងត្រូវឆ្លងកាត់ដំណើការផ្ទៃក្នុង”។ លោកបានពន្យល់ថា ឥឡូវនេះក្រសួងត្រូវលុបចោលសំណើដើម ហើយរៀបចំសំណើថ្មីសម្រាប់ជ្រើសរើសឧទ្យានុក្ស៣០០នាក់។

លោក សុខ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងក្របខ័ណ្ឌនៃក្រសួងមុខងារសាធារណៈបាននិយាយថា ក្រសួងមុខងារសាធារណៈដែលមើលការខុសត្រូវលើរដ្ឋបាលមន្ត្រីរាជការ បានវាយតម្លៃលើកិច្ចការសារពើពន្ធនៃសំណើដើមរបស់ក្រសួងបរិស្ថានរួចហើយ។

ឧទ្យានុរក្សម្នាក់នឹងទទួលបានប្រាក់ខែ៤០០.០០០រៀល ឬប្រហែល១០០ដុល្លារ។ការបន្ថែមឧទ្យានុរក្សចំនួន៣០០នាក់ទៀតដោយមានប្រាក់ខែដូចគ្នា ត្រូវចំណាយយ៉ាងតិចណាស់ ៣៦០.០០០ដុល្លារជារៀងរាល់ឆ្នាំ។

លោក សុភាព បាននិយាយថា “យើងពិតជាត្រូវការឧទ្យានុរក្សថែមទៀត ប៉ុន្តែយើងត្រូវយល់ពីកង្វះថវិកា”។

បច្ចុប្បន្ននេះក្រសួងបរិស្ថានទទួលខុសត្រូវលើដីការពារប្រហែល៦លានហិកតា ដោយកើនឡើង២,៦លានហិកតានៅឆ្នាំនេះ ដោយសារតែការផ្ទេរដីនៅឆ្នាំនេះពីក្រសួងកសិកម្ម រួមមានដីសម្បទានសេដ្ឋកិច្ចនៅក្នុងតំបន់ការពារដែរ។

យោងតាមសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិនិងធនធានធម្មជាតិ ស្តង់ដារល្អបំផុតក្នុងការការពារគឺឧទ្យានុរក្ស៦នាក់ដើរល្បាតក្នុងតំបន់ការពារទំហំ១០០ គីឡូម៉ែត្រការ៉េ។

ដោយប្រើប្រាស់ខ្នាតគោលរបស់អង្គការមិនមែនរដ្ឋាភិបាល ប្រទេសកម្ពុជាត្រូវការឧទ្យានុរក្ស ៣.៥៤០នាក់នៅទូទាំងប្រទេស គឺប្រហែលបីដឹងលើសគោលដៅរបស់ខ្លួនក្នុងពេលបច្ចុប្បន្ន។

របាយការណ៍របស់អង្គការមូលនិធិពិភពលោកការពារធម្នជាតិដែលលើកឡើងពីផែនការធ្វើឱ្យមានសត្វខ្លាមកកាន់តំបន់ភាគបូព៌ាប្រទេសកម្ពុជាវិញ បានផ្តល់អនុសាសន៍ថាគួរមានឧទ្យានុរក្សបីនាក់យ៉ាងតិចនៅក្នុងតំបន់ការពារទំហំ១០០គីឡូម៉ែត្រការ៉េ។ តាមស្តង់ដារកម្រិតទាប ប្រទេសកម្ពុជាត្រូវមានឧទ្យានុរក្សសរុបប្រហែល១.៧៧០នាក់។

តាមការស្រាវជ្រាវដោយអង្គការអាហារនិងកសិកម្មសហប្រជាជាតិ ការពិនិត្យតាមដានមើលមានលក្ខណៈសំខាន់ដើម្បីធានាថា ព្រៃឈើកំណត់ទុកពិតជាត្រូវកាពារឲ្យបាន។ប្រទេសកម្ពុជាបានទទួលរងអត្រាកាប់បំផ្លាញព្រៃឈើជាសកលខ្ពស់បំផុតទីបួននៅចន្លោះឆ្នាំ១៩៩០និងឆ្នាំ២០១៥ បន្ទាប់ពីប្រទេសនីហ្សេរីយ៉ា សៀរ៉ាឡេអូន និងវៀតណាម។

លោក ថូម៉ាស ហ្គ្រេ ( Thomas Gray )នាយកវិទ្យាសាស្រ្តសម្ព័ន្ធសត្វព្រៃ ជាអង្គការដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាបាននិយាយថា ឧទ្យានុរក្សក៏ចាំបាច់ណាស់ដែរដើម្បីស្វែងរកអ្នកបរបាញ់សត្វ អ្នកដាក់អន្ទាក់ អង្គប់សត្វ ក៏ដូចជាអ្នកកាប់ឈើខុសច្បាប់ដែរ។

លោក ដានី ឈាង អនុប្រធានការិយាល័យការពារសត្វព្រៃក្រសួងកសិកម្មបាននិយាយថា ការផ្លាស់ប្តូរប្រជាសាស្ត្រានុវត្តន៍របស់ប្រទេសកម្ពុជារឹតតែតម្រូវឲ្យប្រជាជនច្រើនថែមទៀតការពារធនធានធម្មជាតិក្នុងប្រទេស។

លោក ឈាង បាននិយាយថា “នៅឆ្នាំ១៩៦៥ យើងមានគម្របព្រៃឈើប្រហែល៧០ភាគរយទូទាំងប្រទេស។ហើយប្រជាជនមាន៦លាននាក់។នៅឆ្នាំ២០១៥យើងមានគម្របព្រៃឈើ៥០ភាគរយ។ឥឡូវនេះ យើងមានប្រជាជន១៥លាននាក់”។

“ប្រជាជនកម្ពុជាពឹងផ្អែកលើធនធានធម្មជាតិ។ នៅពេលដែលប្រជាជនកាន់តែកើន សម្ពាធក៏កាន់តែសង្កត់ធ្ងន់លើព្រៃឈើដែរ”៕ មាំ វិបុល

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស