30 C
Phnom Penh

សាលាក្តីបើក​សវនាការ​ជុំវិញ​ការ​ក្តុកក្តួល និង​ការ​ឃើញ​ឆ្អឹង​ខ្មោច​ក្នុងព្រៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនៅរស់រានមានជីវិតពីរបប ប៉ុល ពត បានរៀបរាប់ប្រាប់សាលាក្តីខ្មែរក្រហមកាលពីម្សិលមិញថា ប្រធានកងក្នុងខេត្តតាកែវម្នាក់បានព្រមានមនុស្សមួយក្រុមមានចំនួន៥០គូ ដែលត្រូវបានជ្រើសរើសសម្រាប់អាពាហ៍ពិពាហ៍ដោយ បង្ខំថា ពួកគេនឹងត្រូវកម្ទេចចោល ប្រសិនបើពួកគេមិនព្រមរៀបការជាមួយគូស្រករថ្មី។

បុរសម្នាក់ដែលប្រាប់អត្តសញ្ញាណថា ជា 2-TCCP-232 ដោយសារគាត់ពាក់ព័ន្ធនៅក្នុងការសើុបអង្កេតកំពុងបន្តនោះ បានផ្តល់សក្ខីកម្មអំពីអាពាហ៍ពិពារហ៍ដោយបង្ខំក្នុងដំណាក់កាលបច្ចុប្បន្ននៃសំណុំរឿង០០២ដែលក្នុងនោះមេដឹកនាំខ្មែរក្រហម នួន ជា និង ខៀវ សំផន ស្ថិតក្នុងសវនាការជំនុំជម្រះបទឧក្រិដ្ឋ រួមទាំងអំពើប្រល័យពូជសាសន៍។

ភាគីដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ដែលផ្តល់អត្តសញ្ញាណត្រឹមតែ 2-TCCP-232 ផ្តល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហមក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈសីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ភាគីដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ដែលផ្តល់អត្តសញ្ញាណត្រឹមតែ 2-TCCP-232 ផ្តល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហមក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈសីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

នៅពេលពួកកុម្មុយនីស្តជ្រុលនិយមកាន់កាប់ប្រទេសកម្ពុជា បុរសរូបនេះដែលជាអតីតនគរបាល មានគូដណ្តឹងរួចហើយពេលនៅរៀន ហើយគាត់ស្រឡាញ់នាងខ្លាំងណាស់ ហើយថែមទាំងសង្ឃឹមថា នឹងបានរៀបការជាមួយគ្នាទៀតផង។ ប៉ុន្តែ គាត់បាននិយាយថា គាត់ត្រូវបានព្រមានដោយមេកងម្នាក់ឈ្មោះ រី ថា ប្រសិនបើគាត់រៀបការជាមួយនាង គាត់នឹងជួបជោគវាសនាដូចគ្នានឹងបងប្អូនប្រុសរបស់គូដណ្តឹងគាត់ដែរ ដែលត្រូវបានកម្ទេចចោលដោយរបបនោះ។

គាត់បាននិយាយថា ការព្រមានរបស់ឈ្មោះ រី រួមទាំងពាក្យស្លោកខ្មែរក្រហមដ៏អសោចដែលសំដៅដល់ការបោសសម្អាតអ្នកដែលមានទំនាក់ទំនងជាមួយខ្មាំងមានន័យថា “ប្រសិនបើអ្នករៀបការជាមួយនារីនោះ អ្នកនឹងស្លាប់ ពីព្រោះនៅពេលយើងជីកស្មៅ គឺត្រូវជីកទាំងប្ញស”។

បុរសរូបនេះស្ថិតក្នុងចំណោមគូស្រករចំនួន៥០គូដែលត្រូវបានជ្រើសរើសសម្រាប់ អាពាហ៍ពិពាហ៍ដោយបង្ខំនៅស្រុកទ្រាង។ បន្ទាប់មក ប្រធានកងបានព្រមានគូស្រករទាំងនេះថា នឹងប្រឈមការបាត់បង់ជីវិតប្រសិនបើបដិសេធមិនទទួលយកគូដែលរបបនេះរៀបចំឲ្យ។ គាត់បាននិយាយរៀបរាប់ឡើងវិញនូវរឿងរ៉ាវរបស់គូស្រករនៅក្នុងកង៣៣ក្នុងខេត្តកំពង់ស្ពឺ ដែលសុខចិត្តស្លាប់មិនព្រមទទួលយកគូស្រករថ្មី។

គាត់បាននិយាយថា គាត់ត្រូវបានគេប្រាប់ថា “បើយកគំរូតាមអ្នកទាំងនោះ ទាំងអ្នកស្អាត និងអ្នកមិនស្អាតសុទ្ធតែត្រូវកម្ទេចចោល”។

ក្រោយមក គាត់បានឃើញឆ្អឹងខ្មោចពីចម្ងាយនៅក្នុងព្រៃមួយដែលគាត់ជឿថា គឺជាសពរបស់អ្នកដែលមកពីកង៣៣។

គាត់បាននិយាយថា “ពេលខ្ញុំចូលទៅក្នុងព្រៃក្នុងតំបន់នោះខ្ញុំបានឃើញឆ្អឹងខ្មោច។ ខ្ញុំគិតថាឆ្អឹងខ្មោចទាំងនោះជារបស់មនុស្សប្រុសស្រីដែលត្រូវបានសម្លាប់”។

ភាគីដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ដែលផ្តល់អត្តសញ្ញាណត្រឹមតែ 2-TCCP-232 ផ្តល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហមក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈសីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ភាគីដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ដែលផ្តល់អត្តសញ្ញាណត្រឹមតែ 2-TCCP-232 ផ្តល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហមក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈសីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បន្ទាប់ពីរបបនេះបានដួលរលំ បុរសរូបនេះនៅតែបន្តរស់នៅជាមួយប្រពន្ធរបស់ខ្លួនទោះបីជាគាត់មិនស្រឡាញ់ប្រពន្ធរបស់គាត់ក៏ដោយហើយពួកគាត់មានកូនជាមួយគ្នា។ គាត់បាននិយាយទៀតថា ជាច្រើនឆ្នាំក្រោយមក គាត់បានរៀបការម្តងទៀតបន្ទាប់ ពីប្រពន្ធរបស់គាត់ធ្លាក់ខ្លួនឈឺធ្ងន់ ហើយគ្រូពេទ្យប្រាប់គាត់ថា គាត់លែងអាចរស់នៅជាមួយប្រពន្ធបានទៀតហើយ។

គាត់បាននិយាយបន្តថា គាត់បានជួបអតីតគូដណ្តឹងរបស់គាត់ម្តងទៀត ហើយទោះបីជាពួកគាត់ស្រឡាញ់គ្នាក៏ដោយ ពួកគាត់បានសម្រេចមិននៅជាមួយគ្នាទេ ដោយសង្ឃឹមថា ពួកគាត់នឹងជួបគ្នានៅជាតិក្រោយ។

បុរសរូបនេះបាននិយាយថា “ពួកយើងបានយំ ហើយបានប្រាប់គ្នាថា ជាតិនេះយើងត្រូវតែរក្សាចំណងអាពាហ៍ពិពាហ៍។ ប្រហែលមកពីជាតិមុនយើងមិនបានរក្សាចំណងអាពាហ៍ពិពាហ៍ហើយ ហេតុដូច្នេះយើងត្រូវរក្សាចំណងអាពាហ៍ពិពាហ៍នៅជាតិនេះ អ៊ីចឹងជាតិក្រោយយើងនឹងរៀបការជាមួយគ្នា”។

គាត់បានបន្តនិយាយបន្ថែមទៀតថា “យើងនៅតែបន្តឱបគ្នាយំ។ យើងយល់ចិត្តគ្នា ហើយយើងមានអនុស្សាវរីយ៍ល្អនឹងគ្នាច្រើនណាស់៕ សារុន និង ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស