28 C
Phnom Penh

នៅក្នុងកំណែ​ទម្រង់​ថ្មី គ.ជ.ប. អំពាវនាវ​ឲ្យ​ពលករ​មក​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះបីជាខ្លួនបានបដិសេធសំណើសុំឲ្យផ្តល់មធ្យោបាយថ្មីសម្រាប់ពលករចំណាកស្រុកដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតនាពេលខាងមុខក្តី តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានបញ្ជូនលិខិតទៅស្ថានទូតកម្ពុជាទាំងអស់ដោយអំពាវនាវឲ្យពលរដ្ឋរស់នៅក្រៅប្រទេសត្រឡប់មកប្រទេសកំណើតវិញសម្រាប់ការបោះឆ្នោតនាឆ្នាំក្រោយ។

cam-photo-frontnec1-300x222ប៉ុន្តែ ខណៈការចាប់ផ្តើមនៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រថ្មី នៅថ្ងៃទី១ ខែកញ្ញា ខិតជិតមកដល់នោះ លិខិតនេះនៅមិនទាន់ទៅដល់ដៃមន្ត្រីប្រចាំប្រទេសកូរ៉េខាងត្បូង ឬប្រទេសថៃដែលប្រទេសទាំងពីរ នេះបានផ្តល់ការងារដល់ពលរដ្ឋខ្មែររហូតដល់ទៅ១លាននាក់ក្នុងនោះភាគច្រើននៅក្នុងប្រទេសថៃនៅឡើយទេ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានលើកឡើងកាលពីដើមសប្តាហ៍នេះថា “យើងបានស្នើឲ្យមន្ត្រីកម្ពុជានៅស្ថានទូតកម្ពុជាជួយផ្សព្វផ្សាយព័ត៌មានស្តីពីការចុះឈ្មោះបោះឆ្នោតថ្មីនេះសម្រាប់បញ្ជីបោះឆ្នោតថ្មី”។

យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនយោបាយឆ្នាំ២០១៤រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គ.ជ.ប. ដែលមានសមាសភាពមកពីគណបក្សទាំងពីរមានកាតព្វកិច្ចត្រូវចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតចំនួន៩,៦លាននាក់នៅទូទាំងប្រទេសឡើងវិញដើម្បីលុបបំបាត់ការជាន់ឈ្មោះ និងការបាត់ឈ្មោះរាប់សែននៅក្នុងបញ្ជីបោះឆ្នោតមុន។

លិខិតរបស់គ.ជ.ប.ផ្ញើជូនស្ថានទូត ដែលចុះកាលបរិច្ឆេទថ្ងៃទី៥ ខែសីហា ហើយទទួលបានកាលពីថ្ងៃពុធ លើកឡើងថា រយៈពេលចុះឈ្មោះបោះឆ្នោតនឹងបើក៧ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីដើមខែក្រោយរហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា។

លិខិតនេះមានខ្លឹមសារថា “ប្រសិនបើបងប្អូនមិនមកចុះឈ្មោះបោះឆ្នោតទេ បងប្អូនមិនអាចបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោតទី៤ ខែមិថុនា ឆ្នាំ២០១៧បានឡើយ”។ លិខិតនេះមានខ្លឹមសារបន្ថែមថា អត្តសញ្ញាណប័ណ្ណតម្រូវឲ្យមាននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។

ពេលថ្លែងកាលពីម្សិលមិញ ទាំងលោក ឡាម៉ា ទីន មន្ត្រីទទួលបន្ទុកផ្នែកពលករនៅស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក និងលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានលើកឡើងថា ពួកគាត់នៅមិនទាន់បានទទួលលិខិតនេះនៅឡើយទេ។

លោក ឡាម៉ា ទីន បានមានប្រសាសន៍ថា “ខ្ញុំបានឮអំពីលិខិតនេះដែរ ប៉ុន្តែ តាមពិតទៅខ្ញុំមិនទាន់បានអានវានៅឡើយទេ”។លោកបានបន្ថែមថា ស្ថានទូតនៅតែមានបំណងជម្រាបជូនពលករអំពីការចុះឈ្មោះបោះឆ្នោត ទោះបីជាគម្រោងរបស់ខ្លួនកំពុងរង់ចាំការយល់ព្រមពីក្រសួងការបរទេសក៏ដោយ។ លោកបានលើកឡើងទៀតថា គម្រោងដែលត្រូវបានស្នើឡើងសម្រាប់ការផ្សព្វផ្សាយ រួមមានដូចជាការផ្សាយខ្លឹមសារលិខិតនេះតាមទូរទស្សន៍ថៃបង្ហោះលើហ្វេសប៊ុក និងស្នើឲ្យក្រសួងការងារថៃជំរុញឲ្យបុគ្គលិករបស់ខ្លួនយកទៅបិទនៅតាមកន្លែងធ្វើការជាដើម។

ដោយទទួលស្គាល់ថា សូម្បីតែពលករដែលទទួលបានការជូនដំណឹងគ្រប់គ្រាន់ នឹងជួបការលំបាកផ្នែកថវិកា និងការទាមទាររបស់ថៅកែឲ្យពួកគេវិលត្រឡប់មកវិញនោះ លោកបានមានប្រសាសន៍ថា “យើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីនាំដំណឹងនេះឲ្យបានទៅដល់ពលករ”។

លោក ឡុង ឌីម៉ង់ បានលើកឡើងថា គេមិនរំពឹងថា ពលករខ្មែរប្រមាណ៤៦.០០០នាក់ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងត្រឡប់មកវិញដើម្បីចុះឈ្មោះ ឬបោះឆ្នោតឡើយ លុះត្រាតែ”ពួកគាត់ត្រឡប់មកលេងគ្រួសារ ហើយ[ចៃដន្យ]ចំថ្ងៃបោះឆ្នោតតែម្តង”។ លោកបានបន្ថែមថា “គ្មានករណីបែបនេះទេពីមុនមក”។

យោងតាមលោក មឿន តុលា ប្រធានអង្គការសិទ្ធិកាងារ Central ការស្នើឲ្យពលករត្រឡប់មកវិញ “វាមិនសមហេតុសមផលទេ” ហើយថាការចុះឈ្មោះ និងការបោះឆ្នោតគួរតែត្រូវបានផ្តល់នៅស្ថានទូតកម្ពុជាដែលស្ថិតនៅក្រៅប្រទេសជំនួសវិញ។

លោកបានមានប្រសាសន៍ថា “វាលំបាកណាស់សម្រាប់ពលករនៅក្នុងប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូងត្រឡប់មកវិញ”។លោកបានបន្ថែមថា សូម្បីតែពលករកម្ពុជានៅក្នុងប្រទេសថៃក៏លំបាកដែរ ដោយក្នុងនោះភាគច្រើនធ្វើការងារដោយប្រើ “ប័ណ្ណផ្កាឈូក” ដែលផ្តល់ការអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសនេះ ប៉ុន្តែហាមមិនឲ្យពួកគេឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឡើយ។

ទោះជាយ៉ាងណា គ.ជ.ប.បានច្រានចោលសំណើរបស់គណបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្ស ដែលស្នើសុំឲ្យអនុញ្ញាតឲ្យពលករបានបោះឆ្នោតនៅក្រៅប្រទេស តាមរយៈប្រព័ន្ធកុំព្យូទ័រ ឬនៅកន្លែងបោះឆ្នោត ហើយក៏បានបដិសេធមិនពិចារណាការបង្កើតមណ្ឌលបោះឆ្នោតតាមបណ្តោយព្រំដែនជាប់ប្រទេសថៃដែរ។

លោក មឿន តុលា បានលើកឡើងទៀតថា ដោយគ្មានវិធានការដ៏សំខាន់បែបនោះ ពលរដ្ឋមួយភាគធំនៃពលរដ្ឋទូទាំងប្រទេសនឹងគ្មានសំឡេងរបស់ខ្លួននៅក្នុងប្រអប់ឆ្នោតឡើយ។

លោកបានមានប្រសាសន៍ថា”ប្រសិនបើពលរដ្ឋជាង១លាននាក់មិនអាចបោះឆ្នោតបានអ៊ីចឹងលទ្ធផលនៃការបោះឆ្នោតមិនអាចឆ្លុះបញ្ចាំងពីអារម្មណ៍របស់ពលរដ្ឋ…របស់អ្នកបោះឆ្នោតបានឡើយ។ វាក៏មិនឆ្លុះបញ្ចាំងនូវអ្វីដែលយើងត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដែលចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិបោះឆ្នោតនោះដែរ”៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស