34 C
Phnom Penh

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបន្តកម្មវិធីបង្កាត់ពូជឆ្កែទុកលក់ដើម្បីរកប្រាក់បន្ថែម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចាប់ផ្ដើមកម្មវិធីបង្កាត់ពូជឆ្កែដែលបានផ្អាកសកម្មភាពជាយូរមកហើយ ដោយសង្ឃឹមថា នឹងបំពេញបន្ថែមចំនួនឆ្កែហិតរកគ្រឿងផ្ទុះព្រមទាំងបំពេញបន្ថែមហិបប្រាក់របស់ខ្លួនដែលកាន់តែរលស់បន្តិចម្ដងៗ ដោយលក់ឆ្កែទាំងនេះទៅឱ្យស្ថាប័នផ្សេងៗរួមទាំងនគរបាលបង្ក្រាបកុបកម្មជាដើម។

cam-photo-dogsឆ្កែទើបកើតដំបូងក្នុងចំណោមឆ្កែប្រាំមួយក្បាលជាប្រភេទឆ្កែនាំមកពីប្រទេសបែលហ្ស៊ិក បានកើតនៅមណ្ឌលបង្វឹកឆ្កែរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៨ ខែសីហា ហើយឆ្កែមួយក្បាលទៀតប្រហែលនឹងកើតនៅថ្ងៃអាទិត្យ។

លោក ហេង រតនា អគ្គនាយក CMAC បានមានប្រសាសន៍ថា ចាប់តាំងពីការបោះបង់ចោលកម្មវិធីបង្កាត់ពូជឆ្កែដែលមានបញ្ហាក្នុងឆ្នាំ២០០៨ដោយសារខ្វះមូលនិធិមក រដ្ឋាភិបាលបាននាំចូលឆ្កែហិតរកមីនពីអឺរ៉ុប ដោយចំណាយប្រាក់រាប់ពាន់ដុល្លារ     ឯណោះក្នុងមួយក្បាលៗ។

ទោះបីជាថវិការបស់ CMAC កាន់តែរលស់បន្តិចម្ដងៗជាថ្មីម្តងទៀតក៏ដោយ តែ មជ្ឈមណ្ឌលនេះសង្ឃឹមថា នឹងបង្វែរកម្មវិធីបង្កាត់ពូជឆ្កែថ្មីនេះទៅជាការរកប្រាក់ជាចម្បងវិញ ។ CMAC បានបាត់បង់អ្នកដោះមីនរាប់រយនាក់ឯណោះដោយសារតែជំនួយបរទេសចេះតែតិចទៅៗ។

លោក ហេង រតនា បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងបានដំណើរការឡើងវិញនូវការបង្កាត់ពូជឆ្កែហិតរកមីននេះ ហើយយើងមានគំនិតសុទិដ្ឋិនិយម។ យើងមានផែនការបង្កាត់សត្វឆ្កែឱ្យបានច្រើន។ យើងសង្ឃឹមថា នឹងបង្កាត់ឆ្កែឱ្យបានពី៥០ទៅ១០០ក្បាលនៅឆ្នាំក្រោយ និងយ៉ាងហោចណាស់ឱ្យបាន៣០ក្បាលដែរនៅឆ្នាំនេះ”។

ប្រសិនបើជោគជ័យឆ្កែមួយចំនួននឹងដាក់បញ្ចូលជាមួយឆ្កែហិតរកមីន៣៣ក្បាល ដែល CMAC មានក្នុងពេលឥឡូវនេះ។

លោក ហេង រតនា បានមានប្រសាសន៍ថា “យើងបានពិភាក្សាជាមួយក្រសួងពាក់ព័ន្ធមួយចំនួនរួចហើយ ដើម្បីផ្ដល់សត្វឆ្កែដល់ក្រសួងទាំងនោះ ប៉ុន្តែយើងមិនទាន់បានពិភាក្សាថាតើក្រសួងទាំងនោះនឹងទទួលយកឆ្កែប៉ុន្មានក្បាលនោះទេ ពីព្រោះយើងចាំមើលជោគជ័យនៃកម្មវិធីបង្កាត់ពូជនៅឆ្នាំនេះសិន។ យើងនឹងធ្វើផែនការលម្អិតជាមួយដៃគូរបស់យើងនៅពេលក្រោយ”។

លោកបានមានប្រសាសន៍ថា ជំនួយរបស់ប្រជាជនន័រវែសដែលបានផ្ដល់ឆ្កែហិតរកមីនជាច្រើនក្បាលដល់ CMAC ក្នុងពេលកន្លងមកនោះ បានបណ្ដុះបណ្ដាលបុគ្គលិកមួយចំនួនរបស់មជ្ឈមណ្ឌលនេះឱ្យបង្រៀនដល់ឆ្កែថ្មីទាំងនោះ ហើយថា ភាពជោគជ័យជាក់ស្តែងនៃឆ្កែមួយចំនួនដែលកម្ពុជាអាចបង្កាត់បានក្នុងឆ្នាំ២០០៨ ជាភ័ស្តុតាងថា សត្វឆ្កែទាំងនោះដែលកើតនៅទីនេះធ្វើការបានល្អដូចឆ្កែដែលយើងបាននាំចូលដែរ។

លោក ប្រាក់ សុម៉ាធី ដែលគ្រប់គ្រងមណ្ឌលបង្វឹកសត្វឆ្កែបានមានប្រសាសន៍ថា CMAC មានឆ្កែ១០ក្បាលនៅក្នុងកម្មវិធីបង្កាត់របស់ខ្លួន ហើយសង្ឃឹមថា នឹងទិញឆ្កែ១២ក្បាលទៀតពីប្រទេសអាល្លឺម៉ង់នៅឆ្នាំក្រោយគឺឆ្កែញី១០ក្បាល និងឆ្កែឈ្មោល២ក្បាល។

លោកបានមានប្រសាសន៍ថា “យើងបានបង្វឹកឆ្កែឱ្យហិតរកមីនពីមុនមក ប៉ុន្តែឥឡូវនេះយើងបង្វឹកវាឱ្យហិតរកគ្រឿងញៀន ការពារសន្តិសុខនៅពេលនគរបាលត្រូវការសម្រាប់ប្រឆាំងភេរវកម្ម និងសម្រាប់ឱ្យចាំផ្ទះ” និងថែមទាំងសម្រាប់គ្រប់គ្រងកុបកម្មទៀតផង។ លោកបានបន្ថែមថា “យើងនឹងបង្កាត់សត្វឆ្កែឱ្យបានច្រើនដើម្បីលក់ទៅឱ្យក្រសួងពាក់ព័ន្ធ ពីព្រោះ CMAC គឺជាទីភ្នាក់ងារស្វយ័ត ហើយចាំបាច់ត្រូវការរកប្រាក់ដើម្បីរ៉ាប់រងការចំណាយរបស់ខ្លួន”។

លោកបានមានប្រសាសន៍ថា បន្ទាប់ពីបង្វឹកបានរយៈពេល១ឆ្នាំ ឆ្កែទាំាងនោះអាចលក់ក្នុងតម្លៃ២.០០០ដុល្លារ ឬលើសពីេនះ។ ដូច្នេះប្រសិនបើយើងឈានដល់គោលដៅបង្កាត់ឆ្កែឱ្យបាន១០០ក្បាលសម្រាប់នគរបាលបង្ក្រាបកុបកម្ម និងស្ថាប័នផ្សេងទៀតប្រើប្រាស់នោះ CMAC នឹងលក់យកប្រាក់យ៉ាងតិចក៏បាន២០០.០០០ដុល្លារដែរ។

CMAC កំពុងពិនិត្យមើលថវិកាប្រតិបត្តិរបស់ខ្លួនដែលមានប្រហែល១០លានដុល្លារនៅឆ្នាំនេះ គឺធ្លាក់ចុះជាងឆ្នាំ២០១៥ ដែលមានរហូតដល់១៤,១លានដុល្លារ។

អ្នកនាំពាក្យនិងមន្ត្រីមកពីក្រសួងមហាផ្ទៃ និងនគរបាលជាតិ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញអំពីលទ្ធភាពនៃការទិញសត្វឆ្កែពី CMAC។ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថបានមានប្រសាសន៍ថា លោកមិនដឹងពីផែនការណាមួយក្នុងការទិញសត្វឆ្កែនេះទេ៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស