40.3 C
Phnom Penh

ដោយកំណែទម្រង់ពន្យារពេល អាជ្ញាធរមូលដ្ឋានត្រូវរាំងស្ទះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីឆ្នាំមុន នៅពេលបឹងមួយក្នុងខេត្តកំពង់ឆ្នាំងបានចាប់ផ្តើមរីងស្ងួតអស់ចំពេលធាតុអាកាសរាំងស្ងួតហួតហែង កសិករដែលធ្លាប់ប្រើទឹកបឹងនោះដើម្បីស្រោចស្រពដំណាំរបស់ខ្លួន បានសុំជំនួយពីមន្ត្រីរដ្ឋាភិបាលដែលនៅជិតពួកគាត់បំផុត គឺលោកស្រី ទឹម ស៊ីឡាត់ ជំទប់ទី២ឃុំជើងក្រៀវ ស្រុករលាផ្អៀរ។

cam-photo-manet-facebook-800x533ឃុំដែលគ្មានប្រាក់គ្រប់គ្រាន់នេះខ្វះប្រាក់ចំណាយសម្រាប់ការស្តារដែលចាំបាច់ ដូច្នេះ លោកស្រី ស៊ីឡាត់ ជាសមាជិកគណបក្សសម រង្ស៊ី បានសហការជាមួយមេឃុំគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ដើម្បីលើកយកបញ្ហានានាទៅអាជ្ញាធរថ្នាក់លើឲ្យបានជ្រាប។

លោកស្រីបាននិយាយថា “ខ្ញុំបានលើកបញ្ហានេះនៅចំពោះមុខថ្នាក់ដឹកនាំខេត្តនៅអំឡុងពេលសិក្ខាសាលាមួយជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំងអស់។ អ្នករៀបចំសិក្ខាសាលានេះគ្រាន់តែបានឆ្លើយថា នឹងអភិវឌ្ឍ”។

មួយឆ្នាំក្រោយមក លោកស្រី ស៊ីឡាត់ និងសមាជិកក្នុងមណ្ឌលរបស់លោកស្រី នៅតែរង់ចាំដដែល។

លោកស្រីបាននិយាយថា “នាពេលថ្មីៗនេះ នៅពេលខ្ញុំបានលើកបញ្ហានេះជាថ្មីទៀតជាមួយមេឃុំ គាត់បានក៏ប្រាប់ខ្ញុំថា កញ្ចប់ថវិកាសម្រាប់ឃុំត្រូវបានកាត់បន្ថយ ពីព្រោះរដ្ឋាភិបាលបានប្រើថវិកាដើម្បីដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការស៊ីវិល ក្នុងនោះមានទាំងសមាជិកក្រុមប្រឹក្សាឃុំដែរ”។

យោងតាមឯកសារថ្មីដែលចេញផ្សាយក្នុងការបោះពុម្ពផ្សាយនៅខែសីហារបស់ទស្សនាវដ្តីសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍(Journal of Southeast Asian Economies) ស្ថានការណ៍នេះបង្ហាញការលំបាកដែលប្រឈមដោយក្រុមមន្ត្រីមូលដ្ឋានក្នុងការបំពេញតម្រូវការរបស់សមាជិកក្នុងមណ្ឌលរបស់ខ្លួន ទោះជាមានការកែទម្រង់ដើម្បីផ្តល់អំណាចដល់ពួកគាត់ក៏ដោយ។

ឯកសារនេះនិយាយថា កំណែទម្រង់បានជាប់គាំង ពីព្រោះវាគំរាមដល់អំណាចនិងចំណូលរបស់មន្ត្រីរដ្ឋាភិបាលធំៗ ដែលទទួលបានប្រយោជន៍ជាយូរមកហើយពីការគ្រប់គ្រងរបស់ពួកគេលើធនធាននានា។

លោកស្រី អេង នេត្រា ប្រធានស្រាវជ្រាវផ្នែកអភិបាលកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ា សុផល សាស្ត្រាចារ្យរងផ្នែកការទូតនិងកិច្ចការពិភពលោកនៅមហាវិទ្យាល័យអូកស៊ីដិនថល (Occidental College) ក្នុងទីក្រុងឡូសអ៊ែនជើឡេស សរសេរថា “អំណាចរបស់មន្ត្រីមូលដ្ឋានត្រូវចុះខ្សោយនិងគ្រប់គ្រងជារហូតមកដោយរដ្ឋាភិបាលនិងគណបក្សកាន់អំណាច”។

អ្នកទាំងពីរសរសេរថា “គ្មានថ្នាក់មូលដ្ឋានដែលមានអំណាច ការប្រមូលផ្តុំអំណាចនិងធនធានជាបន្តនឹងធ្វើឡើងដោយគ្មានឧបសគ្គឡើយ”។

អ្នកនិពន្ធនិយាយថា កំណែទម្រង់វិមជ្ឈការនៅឆ្នាំ២០០២និង២០០៩មានបំណងផ្តល់ឲ្យមន្ត្រីមូលដ្ឋាននូវអំណាចនិងថវិកា ដើម្បីសាងសង់ផ្លូវថ្នល់ សាលារៀន និងអាងស្តុកទឹកដែលត្រូវការចាំបាច់ដោយសមាជិកក្នុងមណ្ឌលរបស់ខ្លួន។ ប៉ុន្តែជាច្រើនឆ្នាំបន្ទាប់មក អំណាចនិងការផ្តល់ថវិកានៅតែគ្រប់គ្រងយ៉ាងណែនដោយក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ជាតិ ដែលមានការលើកទឹកចិត្តតិចតួចក្នុងការបន្ធូរបន្ថយការគ្រប់គ្រងក្តោបក្តាប់លើហិរញ្ញវត្ថុ។

កិច្ចការបច្ចុប្បន្នផ្ទុយគ្នាស្រឡះនឹងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលរដ្ឋាភិបាលសង្គមនិយមកាន់អំណាចនៅក្រីក្រ និងទន់ខ្សោយនៅឡើយក្រោយពីសម័យប៉ុល ពត។ ឯកសារនេះនិយាយថា កាលសម័យនោះ រដ្ឋាភិបាលថ្នាក់មជ្ឈិមទន់ខ្សោយបានអនុញ្ញាតឲ្យរដ្ឋអំណាចមូលដ្ឋានមានឯករាជ្យច្រើន ក្នុងពេលដែលខ្លួនដោះស្រាយគោលនយោបាយនិងការយកពន្ធ។

អ្នកនិពន្ធនិយាយថា មន្ត្រីមូលដ្ឋានបានចាប់ផ្តើមយកសំណូកនៅតាមកុងត្រូលតាមផ្លូវ ដោយប្រែក្លាយរដ្ឋទៅជាក្បាលម៉ាស៊ីនបង្កើតប្រាក់ចំណូល ដែលហូរបញ្ច្រាស់ និងបង្កើតបណ្តាញបក្ខពួកនិយម ដែលអ្នកវិភាគជាច្រើននិយាយថា នៅតែចាក់ឫសរឹងមាំដល់សព្វថ្ងៃ។

cam-photo-front-300x189ការបោះឆ្នោតជាតិឆ្នាំ១៩៩៣ និងច្បាប់ដែលកើតជាបន្តបន្ទាប់ដើម្បីធ្វើមជ្ឈការលើការប្រមូលចំណូល បានធ្វើឲ្យមានបានដល់មន្ត្រីធំៗរបស់គណបក្សប្រជាជនកម្ពុជាកាន់អំណាចនិងហ៊្វុនស៊ិនប៉ិច ក្នុងខណៈដែលធ្វើឲ្យមន្ត្រីមូលដ្ឋានគ្មានអំណាចទាល់តែសោះ។ ឯកសារនេះបានពន្យល់ថា “ពីរ៉ាមីតផ្កាប់” នៃរដ្ឋបាលបានលេចឡើង ដែលធ្វើឲ្យក្រុមមន្ត្រីធំៗនេះយកផ្តាច់មុខនូវធនធានដែលហូរទៅមន្ត្រីមូលដ្ឋាន ប្រសិនបើពួកគេធ្វើតាមបញ្ជាបក្ស។

បន្ទាប់ពីឈ្នះការបោះឆ្នោតជាតិជាច្រើនលើក គណបក្សប្រជាជនកម្ពុជាបានទទួលស្គាល់កាន់តែខ្លាំងឡើងនូវសារៈសំខាន់នៃការប្រមូលផ្តុំអ្នកបោះឆ្នោតមូលដ្ឋានតាមរយៈសេវាប្រសើរឡើង។ ច្បាប់ជាច្រើនដែលអនុម័តនៅឆ្នាំ២០០១និងឆ្នាំ២០០៨បានប្រឹងប្រែងផ្តល់អំណាចដល់មន្ត្រីមូលដ្ឋាន ដោយការបង្កើតក្រុមប្រឹក្សាឃុំដែលជ្រើសរើសក្នុងមូលដ្ឋាន ដែលសមាជិកក្រុមប្រឹក្សាបន្តបោះឆ្នោតជ្រើសរើសសមាជិកនៃក្រុមប្រឹក្សាខណ្ឌស្រុក។

អ្នកស្រី អេង បាននិយាយក្នុងសារអីុម៉េលថា ប៉ុន្តែការប្រាថ្នាដើម្បីធ្វើឲ្យការផ្តល់សេវាប្រសើរឡើង បានដើរបញ្ច្រាសនឹងផលប្រយោជន៍របស់ក្រុមមន្ត្រីធំៗនៅភ្នំពេញដែលចាក់ឫស។

អ្នកស្រី អេង បានសរសេរថា “គណបក្សប្រជាជនកម្ពុជាចង់ធ្វើឲ្យប្រសើរឡើងនូវសេវា ហើយបានមើលឃើញការប្រឹងប្រែងសម្រិតសម្រាំងក្នុងទិសដៅនោះ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ ពោលគឺកំណែទម្រង់វិស័យអប់រំ។ ប៉ុន្តែចូរចាំថា ដើម្បីធ្វើឲ្យសេវាប្រសើរឡើងជាប្រាកដនោះ គណបក្សប្រជាជនកម្ពុជាចាំបាច់ត្រូវផ្តល់អំណាចគ្រប់គ្រាន់ទាក់ទិននឹងសេចក្តីសម្រេចនិងធនធានឲ្យស្ថាប័នមូលដ្ឋាន ដែលស្ថាប័នទាំងនោះ តាមការអនុវត្ត នឹងតម្រូវឲ្យផ្ទេរអំណាចចេញពីថ្នាក់កណ្តាលទៅថ្នាក់មូលដ្ឋាន និងផ្ទេរការគ្រប់គ្រងចេញពីបណ្តាញបក្សទៅឲ្យស្ថាប័នរដ្ឋ”។

លោកស្រី អេង និងលោក អ៊ា និយាយថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ផ្ទាល់បាននាំឲ្យមានរដ្ឋបាលមូលដ្ឋានដែលឆ្លើយតបច្រើនជាងមុន ដែលអាចផ្តល់នូវគម្រោងហេដ្ឋារចនាសម្ពន្ធសំខាន់ៗ។

ប៉ុន្តែដោយសារតែក្រសួងភាគច្រើនបំផុតខកខានមិនបានផ្ទេរការផ្តល់មូលនិធិ និងអំណាចធ្វើគោលនយោបាយដល់មន្ត្រីមូលដ្ឋាននោះ ក្រុមអ្នកស្រាវជ្រាវលើកហេតុផលថា ការគ្រប់គ្រងនៅតែស្ថិតនៅក្នុងដៃអ្នកមានអំណាចគណបក្សប្រជាជនកម្ពុជាក្នុងក្រុងភ្នំពេញដដែល។ ហើយដោយសារតែអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនតាមគណបក្ស និងមិនមែនតាមបេក្ខជនម្នាក់ៗនោះ អ្នកនិពន្ធនិយាយថា ប្រព័ន្ធនេះបំពេញចិត្តអ្នកមានអំណាចទាំងនោះ ដែលតែងតាំងបេក្ខជននៅក្នុងបញ្ជីបក្ស។

ក្រុមមន្ត្រីនៅក្រសួងមហាផ្ទៃ ដែលចាត់ចែងកិច្ចប្រឹងប្រែងវិមជ្ឈការ មិនអាចទាក់ទងសុំការពន្យល់អំពីការសន្និដ្ឋានរបស់ឯកសារនេះបានទេ។

ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយកាលពីថ្ងៃសុក្រថា កិច្ចប្រឹងប្រែងវិមជ្ឈការកំពុងដំណើរការ ហើយថា ប្រជាធិបតេយ្យថ្នាក់មូលដ្ឋានមានដំណើរការល្អ។

លោកបាននិយាយថា ក្រុមប្រឹក្សាឃុំសង្កាត់ “ជួបជុំគ្នានិងប្រជុំរកដំណោះស្រាយ” ដោយយល់ព្រមទៅនឹងរបៀបចំណាយលើគម្រោង និងធ្វើនៅកន្លែងណា។ អ្នកទាំងនោះ ពួកគេឲ្យអំណាចដល់សមាជិកមូលដ្ឋាន”។

លោកស្រី ស៊ីឡាត់ បាននិយាយថា ឃុំរបស់លោកស្រីអាចប្រើប្រាក់ច្រើន ក្នុងពេលដែលថវិការបស់ខ្លួនបានកាត់បន្ថយពីប្រហែល១៧.៥០០ដុល្លារក្នុងឆ្នាំ២០១៣នៅសល់ប្រហែល១៣.០០០ដុល្លារក្នុងឆ្នាំ២០១៥។

ដោយលើកឡើងនូវផែនការធ្វើផ្លូវប្រវែងពីរគីឡូម៉ែត្រដែលត្រូវកាត់បន្ថយមកត្រឹមមួយគីឡូម៉ែត្រវិញ ដោយសារតែបញ្ហាហិរញ្ញវត្ថុនោះ លោកស្រីបាននិយាយថា “យើងមិនបានទទួលប្រាក់គ្រប់គ្រាន់ដើម្បីអភិវឌ្ឍគម្រោងថ្មីៗដែលមូលដ្ឋានត្រូវការទេ”។

លោកស្រីបាននិយាយថា “ខ្ញុំបាននិយាយទៅកាន់សមាជិកក្រុមប្រឹក្សាឃុំផ្សេងទៀត ហើយឃុំជាច្រើនទៀតក៏ទទួលបានប្រាក់មិនគ្រប់ចំនួនសម្រាប់ការអភិវឌ្ឍឃុំដែរ”។

លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បាននិយាយថា លោកក៏បានកត់សម្គាល់ឃើញកំណែទម្រង់មិនស្មើគ្នានេះដែរ។

លោក បញ្ញា បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋបាលថ្នាក់ឃុំសង្កាត់ខ្នះខ្នែងជួយច្រើនដល់ប្រជាពលរដ្ឋ ហើយបញ្ចូលស្ត្រីច្រើននាក់ក្នុងពេលកន្លងមក។ ប៉ុន្តែវិមជ្ឈការ “យឺតយ៉ាវណាស់” ដែលរអាក់រអួលដោយសារតែអសមត្ថភាពរបស់មន្ត្រីមូលដ្ឋានក្នុងការប្រមូលពន្ធនិងបង្កើនប្រាក់ចំណូល។ លោកបាននិយាយថា សមាជិកក្រុមប្រឹក្សាឃុំត្រូវតែរង់ចាំប្រាក់ពីរដ្ឋាភិបាល។

លោក បញ្ញា បាននិយាយថា ក្រុមមន្ត្រីមូលដ្ឋានប្រយ័ត្ននឹងការបង្កការជ្រួលជ្រើម ព្រោះខ្លាចបាត់បង់តំណែងរបស់ខ្លួន។ លោកបាននិយាយថា មន្ត្រីបក្សថ្នាក់លើដកជំទប់ទាំងឡាយណានៅពេលដែលពួកគេមិនធ្វើតាមបញ្ជាបក្ស” ដោយបង្កើតឲ្យមានបរិយាកាសភ័យខ្លាច។

លោក បញ្ញា បាននិយាយថា មន្ត្រីមូលដ្ឋានគួរទទួលបានការគ្រប់គ្រងច្រើនលើគម្រោងអប់រំនិងគាំពារសុខភាព ហើយបេក្ខជនឯករាជ្យច្រើននាក់ទៀតគួរឈរឈ្មោះក្នុងការបោះឆ្នោតឃុំសង្កាត់។

“ប្រជាពលរដ្ឋនៅនឹងកន្លែងផ្ទាល់ ប្រហែលពួកគាត់ចង់គ្រប់គ្រងវាសនារបស់ពួកគាត់ផ្ទាល់”៕និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស