27 C
Phnom Penh

ពហិការ ឬឈប់ធ្វើ? ភាពអល់អែកនៅសភារបស់គណបក្សសង្គ្រោះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព័ត៌មានវិភាគ

គណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងកំពុងមានបញ្ហា។

បីខែមុននេះ ខ្លួនបានសន្យាថានឹងធ្វើពហិការមិនចូលប្រជុំសភារហូតទាល់តែតុលាការរបស់ប្រទេសនេះ បញ្ចប់ការរំលោភលើថ្នាក់ដឹកនាំបក្ស និងគោរពអភ័យឯកសិទ្ធិស្របច្បាប់របស់តំណាងរាស្ត្រ។

គណបក្សនេះបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២៧ ខែឧសភា ដោយអំពាវនាវឱ្យទម្លាក់រឿង ក្ដីក្ដាំចោលថា “តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងអស់មិនអាចបំពេញកិច្ចការរបស់ខ្លួននៅសភាបានទេ នៅពេលដែលអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រត្រូវរំលោភបំពានម្ដងហើយម្ដងទៀត”។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិយាយនៅក្រៅទីស្នាក់ការបក្សក្នុងក្រុងភ្នំពេញកាលពីថ្ងៃទី៩ ខែសីហា។ រូបថត: Hannah Hawkins/The Cambodia Daily
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិយាយនៅក្រៅទីស្នាក់ការបក្សក្នុងក្រុងភ្នំពេញកាលពីថ្ងៃទី៩ ខែសីហា។ រូបថត: Hannah Hawkins/The Cambodia Daily

ប៉ុន្តែមិនមានសញ្ញានៃការទម្លាក់រឿងក្ដីនោះកើតឡើងទេ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកំពុង រស់នៅក្នុងប្រទេសបារាំង ដើម្បីគេចចេញពីទោសជាប់ពន្ធនាគារ២ឆ្នាំ អនុប្រធានបក្សរបស់លោក គឺលោក កឹម សុខា ត្រូវគេកំណត់ឱ្យចូលតុលាការនៅខែក្រោយ ហើយសមាជិកព្រឹទ្ធសភាម្នាក់ និងតំណាងរាស្ត្រម្នាក់នៅជាប់ ក្នុងពន្ធនាគារព្រៃសរង់ចាំការជំនុំជម្រះនៅឡើយ។

នៅពេលជាមួយគ្នានេះ សម្ពាធកំពុងកើនឡើងលើគណបក្សនេះ ដើម្បីបង្ហាញថា ខ្លួនមានសមត្ថភាពគ្រប់គ្រង ប្រទេសនេះ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតជាតិឆ្នាំ២០១៨ ពោលគឺ ភាគច្រើនដោយប្រើអំណាចរបស់ខ្លួន នៅក្នុងសភា ដែលខ្លួនមាន៥៥អាសនៈ ក្នុងចំណោម១២៣អាសនៈ ដើម្បីស្នើគោលនយោបាយ ពិនិត្យ អង្គនីតិប្រតិបត្តិ និងលើករបៀបវារៈផ្សេងទៀតទល់នឹងរបៀបវារៈដាក់ ដោយគណបក្សប្រជាជនកម្ពុជាកាន់ អំណាច។

ប៉ុន្តែសូម្បីតែបន្តិចក៏មិនអាចកើតឡើងបានដែរ ដរាបណាគណបក្សនេះមិនព្រមចូលសភា ដោយធ្វើឱ្យគណបក្ស សង្គ្រោះជាតិស្ថិតក្នុងជំហរមិនងាយស្រួលក្នុងការព្យាយាមដើម្បីបញ្ជាក់ឱ្យឃើញសមត្ថភាពរបស់ខ្លួន និងដាក់ សម្ពាធលើគណបក្សកាន់អំណាចតាមរយៈការធ្វើសន្និសីទកាសែតនៅទីស្នាក់ការកណ្ដាលរបស់ខ្លួន សេចក្ដី ថ្លែងការណ៍ជាសាធារណៈចេញតាមអុីនធឺណិត និងការផ្ដល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មាន។

ដូច្នេះ តើគណបក្សនេះនឹងដកថយពីការសន្យារបស់ខ្លួន ហើយចូលសភាទាំងក្នុងពេលដែលតំណាងរាស្ត្រ នៅជាប់ពន្ធនាគារ ហើយតុលាការបន្តនីតិវិធីដែលមជ្ឈដ្ឋានទូទៅយល់ឃើញថា ជារឿងនយោបាយឬ?

លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់គណបក្សប្រឆាំង និងជាប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំគិតថា យើងមិនទាន់បានធ្វើសេចក្ដីសម្រេចនេះលើរឿងហ្នឹងនៅឡើយ ទេ។ ខ្ញុំគិតថា ប្រសិនបើពួកគេអាចឈប់យាយីប្រធានស្ដីទីរបស់យើង [លោក កឹម សុខា] យើងនៅតែអាច ពិចារណាត្រឡប់ទៅធ្វើការក្នុងសភាវិញ”។

ទោះបីជាគណបក្សប្រឆាំងបានបង្កើតផែនការជាច្រើនសម្រាប់ការពង្រឹងជំហររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពក្នុងសភាក៏ដោយ ក៏លោក សុន ឆ័យ បាននិយាយថា ពួកគេ “ដាច់ខាត” នឹងមិនបញ្ចប់ការធ្វើពហិការទេ ទាល់តែតុលាការឈប់តាមរករឿងលោក កឹម សុខា ដែលកំពុងសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្ស ដើម្បី គេចចេញពីការចាប់ខ្លួន និងការកំណត់ឱ្យឡើងតុលាការនៅថ្ងៃទី៩ ខែកញ្ញា ពីបទមិនព្រមចូលខ្លួន ធ្វើជាសាក្សី ក្នុងរឿងក្ដីពាក់ព័ន្ធនឹងនារីដែលគេចោទថាជាស្រីកំណាន់របស់លោកជាមុនសិននោះទេ។

លោកបាននិយាយថា “ហេតុដូច្នេះហើយ យើងបានចេញសេចក្ដីថ្លែងការណ៍មួយនៅព្រឹកនេះ ដោយនិយាយថា ពួកគេគួរទម្លាក់រឿងក្ដីលោក កឹម សុខា ចោលទៅ ហើយរឿងនេះនឹងជួយធ្វើឱ្យស្ថានការណ៍ប្រសើរឡើង ហើយយើងទាំងអស់គ្នាអាចត្រឡប់ទៅធ្វើការវិញ”។

លោក សុន ឆ័យ បាននិយាយថា នៅពេលថ្មីៗនេះគណបក្សប្រជាជនកម្ពុជាបានបង្ហាញសញ្ញាថា ខ្លួនបានត្រៀម បញ្ចប់ការការផ្ដន្ទាទោស និងការចាប់ខ្លួនដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញលើតំណាងរាស្ត្រគណបក្សប្រឆាំង។ ជាជាង ចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងពីរនាក់ដែលគេចោទពីបទសញ្ចរកម្មក្នុងករណីផ្ដោតជុំវិញលោក កឹម សុខា ដូចដែលខ្លួនបានធ្វើក្នុងករណីមិនទាក់ទងគ្នា ដែលជាប់ពាក់ព័ន្ធនឹងលោក ហុង សុខហួរ សមាជិក ព្រឹទ្ធសភាគណបក្សប្រឆាំង និងតំណាងរាស្ត្រ អ៊ុំ សំអាន នោះ ក្រសួងយុត្តិធម៌បានបញ្ជូនសំណើផ្លូវការមួយ ទៅសភាជាតិកាលពីខែមុន ដើម្បីសុំដកអភ័យឯកសិទ្ធិពួកគាត់ជាមុនសិន។

ដោយសារចំណាត់ការបែបនេះនឹងតម្រូវឱ្យមានសំឡេង២ភាគ៣ក្នុងសភា វាអាចត្រូវរារាំងដោយគណបក្ស សង្គ្រោះជាតិ និងមិនបានដំណើរការទៅមុខទេតាំងពីមានសំណើមកម្លេ៉ះ។

លោក សុន ឆ័យ បាននិយាយថា “ពួកគេហាក់ដូចដកថយ ហើយគោរពច្បាប់បន្តិចដោយស្នើឱ្យដកអភ័យ ឯកសិទ្ធិ ដូច្នេះភាគីរដ្ឋាភិបាលហាក់ដូចដកថយពីឥរិយាបថពីមុនៗរបស់ខ្លួន ហើយគោរពរដ្ឋធម្មនុញ្ញ”។

បន្ទាប់មក តុលាការក្រុងភ្នំពេញបានជូនដំណឹងលោក កឹម សុខា ជាងពីរសប្ដាហ៍មុនថា លោកត្រូវបានចោទ ពីបទ “មិនព្រមចូលខ្លួន” ដែលមានទោសជាប់ពន្ធនាគារពី២ខែទៅ៦ខែ ហើយនឹងត្រូវជំនុំជម្រះភ្លាមៗ ចំពោះទោសដែលគេចោទនេះ។

លោក សុន ឆ័យ បាននិយាយអំពីជំហរបច្ចុប្បន្នរបស់គណបក្សសង្គ្រោះជាតិថា “លក្ខខណ្ឌគឺសាមញ្ញ។ ពួកគេ ត្រូវតែបញ្ចប់ការព្យាយាមចាប់ខ្លួនលោក កឹម សុខា និងឈប់រំលោភរដ្ឋធម្មនុញ្ញ”។

ទោះបីជាគណបក្សប្រជាជនកម្ពុជាបានងាកទៅរកទម្លាប់ចាស់ក្នុងការព្យាយាមបង្ក្រាបគណបក្សប្រឆាំងគ្រប់ពេលក៏ដោយ ក៏គណបក្សសង្គ្រោះជាតិនិយាយថា ខ្លួនបានចំណេញយ៉ាងច្រើនក្នុងការខិតខំរបស់ខ្លួន ដើម្បីក្លាយ ជាគណបក្សអាជីព និងជំរុញដោយគោលនយោបាយថែមទៀត ទោះបីជាវាពិបាកមើលឃើញ ដោយគណបក្ស នេះស្ថិតនៅក្រៅសភា និងជាប់ក្នុងជម្លោះផ្លូវច្បាប់ក៏ដោយ។

កិច្ចការនេះភាគច្រើនទទួលបានការគាំទ្រដោយ Konrad-Adenauer-Stiftung ជាអង្គការកសាងប្រជាធិបតេយ្យ អាល្លឺម៉ង់។ លោក រ៉េន ហ្គ្រេដវ៉ុល  (Rene Gradwohl) តំណាងប្រចាំប្រទេសរបស់មូលនិធិនេះនៅកម្ពុជា បាន និយាយថា លោកចង់ឃើញតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបញ្ចប់ការធ្វើពហិការ។

លោកបាននិយាយថា “ខ្ញុំសង្ឃឹមថា គណបក្សសង្គ្រោះជាតិនឹងវិលទៅសភាវិញក្នុងពេលដីខ្លីខាងមុខ ហើយ ចូលរួមក្នុងនយោបាយសភា” និងបាននិយាយបន្ថែមថា គណបក្សនេះបានត្រៀមលក្ខណៈល្អប្រសើរច្រើន ដើម្បីប្រើសភាដាក់សម្ពាធរដ្ឋាភិបាល និងជំរុញនយោបាយ ដោយសារការបង្កើត “ក្រុមសភា” របស់ខ្លួន ដែលដឹកនាំដោយលោក សុន ឆ័យ។

លោក ហ្គ្រេដវ៉ុល បាននិយាយថា “រឿងនេះភាគច្រើនមិនបានរាយការណ៍ដោយកាសែតខ្មែរទេ។ ឥឡូវខ្លួន ត្រៀមខ្លួនដើរតួនាទីសកម្មថែមទៀតក្នុងសភា”។ លោកបាននិយាយបន្ថែមថា កម្មវិធីគោលនយោបាយ ពេញលេញរបស់គណបក្សសង្គ្រោះជាតិនឹងចេញនៅចុងឆ្នាំនេះ។

លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគតបាននិយាយថា សូម្បីមានឧបករណ៍ថ្មីទាំងនេះក៏ដោយ ក៏លទ្ធភាព របស់គណបក្សសង្គ្រោះជាតិក្នុងការដាក់វាប្រើនៅសភា និងក្លាយជាការពិនិត្យដ៏មានប្រសិទ្ធភាពមួយលើ គណបក្សកាន់អំណាច នៅតែទំនងជាមិនអាចទៅរួចទេ។

លោក វីរៈ បាននិយាយថា “សំណួរគឺថា តើពួកគេឈប់ធ្វើពហិការ ឬចូលរួមក្នុងសភាយ៉ាងដូចម្ដេច? ខ្ញុំគិតថា ចម្លើយគឺគ្មានមួយណាទេ។ នោះជាតថភាពមិនល្អ។ មិនមានការទទួលស្គាល់ពួកគេពិតប្រាកដក្នុងសភាទេ”។

ដោយគណៈកម្មាធិការទើបបង្កើតថ្មីៗជាច្រើនផ្ដោតលើវិស័យផ្សេងៗនៃសង្គម លោក វីរៈ បាននិយាយថា គណបក្សសង្គ្រោះជាតិចាំបាច់ត្រូវតែម៉ឺងម៉ាត់អំពីការបង្ហាញដល់សាធារណជនថា ខ្លួនមានបុគ្គល និងអង្គការដែលមានសមត្ថភាពគ្រប់គ្រងប្រទេសនេះ។

លោកបាននិយាយថា “គេអាចចូលរួមសភា និងធ្វើខ្លួនឯងជាគណបក្សប្រឆាំងមានវិជ្ជាជីវៈ ឬជម្រើសផ្សេង ដែលអាចសម្រេចបាន ប៉ុន្តែនៅពេលពួកគេនៅក្រៅសភា ពួកគេថែមទាំងមិនបានព្យាយាមធ្វើរឿងហ្នឹងទេ។ គេអាចធ្វើរឿងហ្នឹង ទោះបីជាពួកគេមិនចូលរួមក្នុងសភាក៏ដោយ”៕ និត (រាយការណ៍បន្ថែមដោយ បែន សុខហា៊ន)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស