34 C
Phnom Penh

គណបក្សសង្គ្រោះជាតិថា ការជួលដី​នៅតែ​បន្តមាន​តាម​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិនដល់មួយឆ្នាំផងក្រោយពីរដ្ឋាភិបាលបានបញ្ជាឱ្យបញ្ឈប់ការជួលដីតាមព្រំដែនក្នុងប្រទេសនោះ មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំរូបបានផ្ញើលិខិតទៅក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារដោយអះអាងថា ដីស្រែជាង៤៣០ហិកតានៅខេត្តស្វាយរៀងកំពុងជួលឱ្យកសិករវៀតណាម ដោយមានការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន។

cam-photo-july-22-jump-2-satoshi-800x533កាលពីខែវិច្ឆិកា ពេលមានភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើងលើការទន្ទ្រានចូលតាមព្រំដែនពីសំណាក់ប្រទេសវៀតណាមនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរហាមឃាត់មិនឱ្យជួលដីតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ វៀតណាមនិងឡាវ ដើម្បី”ការពារទឹកដីកម្ពុជា”

ទោះជាយ៉ាងនេះក្តី លិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិផ្ញើទៅលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចុះថ្ងៃអង្គារ បានអះអាងថា ដីស្រែសរុប៤៣៦ហិកតានៅក្រុងបាវិតនិងនៅស្រុកចន្ទ្រាបានជួលឱ្យកសិករជនជាតិវៀតណាម។

លិខិតនិយាយថា”បើទោះជាមានសារាចរណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហាមមិនឱ្យជួលដីខ្មែរនៅតាមព្រំដែនឲ្យទៅជនជាតិវៀតណាមធ្វើស្រែក៏ដោយ តែសកម្មភាពជួលដីស្រែទៅឲ្យជនជាតិវៀតណាមនៅតាមព្រំដែនកម្ពុជា វៀតណាមនាខេត្តស្វាយរៀង នៅតែបន្ត”។

តំណាងរាស្រ្តបានអះអាងថា ការជួលដីនៅតែបន្តកើតមាន ដោយសារតែជនជាតិខ្មែរដែលធ្វើជាអ្នកតំណាងជនជាតិវៀតណាមដើម្បីស្វែងរកដី ហើយនិយាយថា អាជ្ញាធរមូលដ្ឋានបានអនុញ្ញាតឲ្យបញ្ហានេះកើតឡើង។ អ្នកតំណាងរាស្រ្តបានស្នើឱ្យលោក ខេង ចាត់វិធានការ”ដើម្បីការពារបូរណភាពទឹកដីកម្ពុជា”។

លោក គង់ សភា ដែលបានចុះហត្ថលេខាក្នុងលិខិតនោះបាននិយាយថា តំណាងរាស្រ្តប្រាំរួបបានចុះស៊ើបអង្កេតផ្ទាល់ជាមួយមន្រ្តីគណបក្សសង្គ្រោះជាតិមូលដ្ឋានកាលពីថ្ងៃសៅរ៍ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកស្រុក។

លោក សភា បាននិយាយថា “ក្រោយពីស៊ើបអង្កេតលើដីស្រែនោះ យើងបានរកឃើញថាអាជ្ញាធរមូលដ្ឋានលាក់ព័ត៌មានទាក់ទងការជួលដីកម្ពុជាឲ្យប្រជាជនវៀតណាម”។

លោក អ៊ុក សារឿន សមាជិកក្រុមប្រឹក្សាគណបក្សសង្រ្គោះជាតិនៅស្រុកចន្ទ្រាបាននិយាយថា ដីដែលជួលឱ្យកសិករវៀតណាមបានកើតឡើង១,៥គីឡូម៉ែត្រនៅក្នុងបូរណភាពទឹកដីកម្ពុជានិងលាតសន្ធឹងប្រហែល៦គីឡូម៉ែត្រតាមបណ្តោយព្រំដែន។

លោកបាននិយាយថា “មានការឃុបឃិតគ្នារវាងអភិបាលស្រុក ម្ចាស់ដីនិងប្រជាជនវៀតណាម ព្រោះពួកគេបិទបាំងករណីនេះ ដោយដាក់ឈ្មោះជនជាតិខ្មែរជាអ្នកជួលដើម្បីជួលដីឲ្យបាន”។

លោក ងួន រ៉ាម អភិបាលស្រុកចន្ទ្រាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

លោក ពេជ្រ សុវណ្ណ អភិបាលរងខេត្តដែលបាននិយាយថា លោកបានទៅមើលតំបន់ដែល គណបក្សសង្គ្រោះជាតិបានអះអាងថាដីត្រូវបានគេទន្ទ្រានយក បានបដិសេធការចោទនោះ។

លោក សុវណ្ណ បាននិយាយថា “ការពិតគឺថា តំបន់ពីរធ្លាប់ជាដីស្រែជួលឱ្យប្រជាជនវៀតណាមែន ប៉ុន្តែវាបាន បញ្ចប់ចាប់តាំងពីរដ្ឋាភិបាលបានចេញបម្រាមមកម្លេះ”។

អភិបាលរងរូបនេះបាននិយាយថា “ពេលខ្ញុំនៅឃុំចន្ទ្រា មានខ្មែរបីគ្រួសារដែលធ្វើស្រែលើដីប្រហែល១០ហិកតា ហើយក្រៅពីនោះ ស្រែសុទ្ធតែទុកចោលទំនេរ”។

លោកបាននិយាយថា “មិនពិតទាល់តែសោះថា មានដីស្រែ២០០ហិកតា”នៅក្នុងឃុំ”ត្រូវជួលឱ្យប្រជាជនវៀតណាមថ្មីៗនេះ។ លោកនិយាយបន្ថែមថា លោកនៅតែគ្រោងធ្វើដំណើរទៅមើលដីកន្លែងនោះនៅថ្ងៃនេះ៕ មាំ វិបុល

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស