28.4 C
Phnom Penh

កម្ពុជាឱ្យវៀតណាមចាត់វិធានការលើពលរដ្ឋខ្លួនដែលបញ្ចេញមតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការបរទេសកម្ពុជា បានថ្កោលទោសចំពោះការបញ្ចេញមតិ (Comment) លើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីសំណាក់ពលរដ្ឋវៀតណាម ដែលស្ដីបន្ទោសលោកនាយករដ្ឋមន្ត្រីធ្ងន់ៗចំពោះការកាន់ជើងរដ្ឋាភិបាលក្រុងប៉េងកាំង ទាក់ទិនអធិបតេយ្យនៅសមុទ្រចិនខាងត្បូង។

តាមរយៈសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ និងចុះហត្ថលេខាដោយលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ក្រសួងនេះបានលើកឡើងថា ការបញ្ចេញមតិថា លោក ហ៊ុន សែន បានក្បត់អ្នកដែលធ្លាប់ណែនាំលោកនៅក្នុងជួររដ្ឋាភិបាលវៀតណាម គឺជាការប្រមាថដ៏ធ្ងន់ធ្ងរ។

cam-photo-vietnam-channaសេចក្ដីថ្លែងការណ៍នោះមានខ្លឹមសារដូច្នេះថា “អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើដ៏អសីលធម៌របស់កម្មាភិបាល និងក្រុមបុគ្គលវៀតណាម ដូចបានលើកឡើងខាងលើដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រមុខដឹកនាំកំពូលនៃប្រទេសជាតិមួយដែលមានឯករាជ្យ និងអធិបតេយ្យភាពពេញលេញ។ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណរបស់កម្មាភិបាល និងក្រុមបុគ្គលដែលបានប្រព្រឹត្តអំពើប្រមាថយ៉ាងអសីលធម៌មកលើប្រមុខដឹកនាំកំពូលរបស់កម្ពុជា”។

សេចក្ដីថ្លែងការណ៍ដដែលអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាម ”ផ្ដន្ទាទោសក្រុមជនទាំងនោះទៅតាមផ្លូវច្បាប់ជាធរមាន ដើម្បីរក្សាការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជាទំនាក់ទំនងជាប្រពៃណី និងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា និងវៀតណាម”។

លោក ជុំ សុន្ទរី មិនអាចទាក់ទងសុំការបំភ្លឺបានទេទាក់ទិនបញ្ហានេះ។ ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គូសបញ្ជាក់ថា សេចក្ដីថ្លែងការណ៍នេះមិនមែនជាការស្ដីបន្ទោសរដ្ឋាភិបាលវៀតណាម ដែលនៅឆ្នាំ១៩៧៩ បានជួយបណ្ដេញខ្មែរក្រហម  និងលើកបន្តុបលោក ហ៊ុន សែន ឱ្យឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៨៥ឡើយ។

លោកបានថ្លែងថា ផ្ទុយមកវិញវាជាការអង្វរករសុំឱ្យរដ្ឋាភិបាលនៃប្រទេសជិតខាងជាមិត្តធ្វើរឿងត្រឹមត្រូវ។ ”គុណស្រ័យគឺជារឿងមួយ ប៉ុន្តែការដឹកនាំប្រទេសក្នុងឋានៈជាប្រមុខរដ្ឋាភិបាលមិនមានន័យថាត្រូវបម្រើផលប្រយោជន៍របស់ប្រទេសដទៃឡើយ។ នេះត្រូវបានបង្ហាញយ៉ាងច្បាស់ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង។ វានឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ ពីព្រោះនេះគ្រាន់តែជាការបញ្ចេញមតិរបស់ជនមួយក្ដាប់តូច និងក្រុមតូចមួយ មិនអាចធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋវៀតណាម ទាំងអស់ប្រមាណ១០០លាននាក់នោះទេ”។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ លោក ហ៊ុន សែន បានធ្វើការវាយបកទៅលើការបញ្ចេញមតិមួយចំនួនលើទំព័រហ្វេសប៊ុករបស់លោកដែលសរសេរជាភាសាវៀតណាម សម្តែងកំហឹងចំពោះជំហររបស់កម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរទៅកាន់សាលារៀនអំឡុងដំណើររបស់លោកទៅកាន់ខេត្តឧត្តរមានជ័យ កាលពីចុងសប្តាហ៍កន្លងទៅ នៅក្នុងរូបថតបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក។ ហ្វេសប៊ុក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរទៅកាន់សាលារៀនអំឡុងដំណើររបស់លោកទៅកាន់ខេត្តឧត្តរមានជ័យ កាលពីចុងសប្តាហ៍កន្លងទៅ នៅក្នុងរូបថតបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក។ ហ្វេសប៊ុក

មតិមួយលើកឡើងថា “វៀតណាម បានបូជាទាំងសាច់ឈាម និងលុយកាក់របស់យើងដើម្បីសង្គ្រោះប្រជាជនកម្ពុជា ពីប្រល័យពូជសាសន៍។ ពេលនេះ ហ៊ុន សែន បែរខ្នងដាក់វៀតណាម។ ហ៊ុន សែន ខ្វាក់ភ្នែកដោយសារតែចិន ផ្ដល់លុយឱ្យកម្ពុជា”។

ទាក់ទិនមតិផ្សេងៗទៀតកាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន ដែលចេះនិយាយភាសាវៀតណាម យ៉ាងស្ទាត់ជំនាញ បានឆ្លើយតបជាភាសាអង់គ្លេស និងភាសាខ្មែរ ដើម្បីបញ្ជាក់ជាថ្មីអំពីជំហររបស់លោកថា បញ្ហាសមុទ្រចិនខាងត្បូងមិនមែនជារឿងរបស់កម្ពុជាទេ ហើយវៀតណាម ក៏មិនមែនជាចៅហ្វាយនាយនយោបាយរបស់លោកដែរ។

លោកនាយករដ្ឋមន្ត្រីបានសរសេរថា “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលវៀតណាម នឹងយោគយល់ការឆ្លើយតបរបស់ខ្ញុំចំពោះ comment នេះតាមរយៈការអប់រំពលរដ្ឋរបស់ខ្លួនកុំឱ្យរំខានខ្ញុំទៀត។ ខ្ញុំទទួលបាន comment មិនសមរម្យ និងប្រមាថមាក់ងាយយ៉ាងច្រើនពីពលរដ្ឋវៀតណាម ដែលវាយប្រហារខ្ញុំ និងប្រជាពលរដ្ឋខ្មែររបស់ខ្ញុំ។ ខ្ញុំចង់ប្រាប់ឲ្យអ្នកគោរពឯករាជភាព និងអធិបតេយ្យភាពរបស់ប្រទេសយើង”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស