38 C
Phnom Penh

EAIC៖ ការអះអាងអំពីការរំលោភបំពាននៅមន្ទរឃុំឃាំងម៉ាឡេស៊ីមិនពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារដែលទទួលបន្ទុកស៊ើបអង្កេតការរំលោភបំពានពីសំណាក់កងកម្លាំងសន្តិសុខរបស់ម៉ាឡេស៊ី បានលើកឡើងថា ការអះអាងអំពីការរំលោភបំពានស្ត្រីបរទេសដែលបម្រើការងារតាមផ្ទះរហូតដល់ស្លាប់ រួមទាំងស្ត្រីកម្ពុជា ផងនៅមណ្ឌលឃុំឃាំងមួយកន្លែង មិនមែនជាការពិតនោះទេ ប៉ុន្តែទីភ្នាក់ងារនេះនិយាយថា មណ្ឌលឃុំឃាំងដែលរងការចោទប្រកាន់ថាមានការរំលោភបំពាននេះ ត្រូវតែយកចិត្តទុកដាក់ជាបន្ទាន់។

បន្ទាប់ពីចុះធ្វើអធិការកិច្ច “គួរឱ្យភ្ញាក់ផ្អើល” កាលពីថ្ងៃច័ន្ទសប្ដាហ៍មុននៅមណ្ឌលឃុំឃាំងជូរូ (Juru) ក្នុងរដ្ឋប៉េណាង (Penang) ទីភ្នាក់ងារខាងលើដែលមានឈ្មោះថា គណៈកម្មការសុចរិតភាពទីភ្នាក់ងារអនុវត្តន៍ច្បាប់ (Enforcement Agency Integrity Commission) ហៅកាត់ EAIC ដែលគេថាឯករាជ្យនោះ  បានប្រាប់បណ្ដាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាឡេស៊ី កាលពីថ្ងៃសុក្រថា ខ្លួនរកមិនឃើញភ័ស្តុតាងបង្ហាញពីការរំលោភបំពានលើរាងកាយនៅមណ្ឌលឃុំឃាំងនេះឡើយ។ ទោះជាយ៉ាងណា ខ្លួនបានរកឃើញថា កាមេរ៉ាសុវត្ថិភាពមួយចំនួននៅពន្ធនាគារនេះខូចតាំងពីឆ្នាំ២០១៤មកម្លេ៉ះ ហើយថា ស្ថានភាពនៅមណ្ឌលឃុំឃាំងនេះត្រូវការ “ការយកចិត្តទុកដាក់ជាបន្ទាន់”។

ការចុះអធិការកិច្ចនេះធ្វើឡើងដើម្បីឆ្លើយតបការអះអាងរបស់ស្ត្រីបម្រើការងារតាមផ្ទះកម្ពុជាពីរនាក់ដែលត្រូវបានឃុំខ្លួននៅមណ្ឌលឃុំឃាំងនេះ នៅពេលពួកគាត់ត្រឡប់មកកម្ពុជាវិញ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត ខេមបូឌា ដេលី ម្នាក់ក្នុងចំណោមស្ត្រីទាំងពីរនិយាយថា  អ្នកជាប់ឃុំត្រូវបានឆ្មាំនៅមណ្ឌលឃុំឃាំងនេះវាយទាត់ធាក់ជាញឹកញាប់ ហើយមានអ្នកទោសស្លាប់នៅទីនោះប្រហែលជាដោយសាររបួសរបស់ពួកគេ។

ទីភ្នាក់ងារ EAIC បានលើកឡើងថា អ្នកដែលស្លាប់នៅមណ្ឌលឃុំឃាំងនេះក្នុងឆ្នាំកន្លងទៅគឺមានតែស្លាប់ដោយសារជំងឺប៉ុណ្ណោះហើយគ្មានភ័ស្តុតាងបង្ហាញថា មានការរំលោភបំពានរាងកាយនៅមណ្ឌលឃុំឃាំងនេះឡើយ។

លោក យ៉ាកូប (Yaacob) ប្រធានទីភ្នាក់ងារ EAIC បានមានប្រសាសន៍ថា “ផ្អែកតាមការស៊ើបអង្កេតរបស់យើង ការអះអាងថា ស្ត្រីកម្ពុជា ប្រាំនាក់ និងស្ត្រីជនជាតិវៀតណាម ពីរនាក់បានរងរបួសដោយសារមន្ត្រីអន្តោប្រវេសន៍នៅមណ្ឌលឃុំឃាំងជូរូ ប្រើកម្លាំងបាយហួសហេតុនោះ ត្រូវបានរកឃើញថាគ្មានមូលដ្ឋាន” នេះបើយោងតាមគេហទំព័រព័ត៌មាន Free Malaysia Today។

ទោះជាយ៉ាងណា ទីភ្នាក់ងារនេះបានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីដោះស្រាយបញ្ហាផ្សេងៗទៀតនៅមណ្ឌលឃុំឃាំងនេះ ជាពិសេសសភាពណែនណាន់តាន់តាប់ និងកាមេរ៉ាចំនួន១៩បានខូចតាំងពីឆ្នាំ២០១៤។

លោក យ៉ាកូប បានប្រាប់ Free Malaysia Today ថា “យើងបានណែនាំឱ្យក្រសួងមហាផ្ទៃពន្លឿនការសាងសង់មណ្ឌលឃុំឃាំងថ្មីមួយដោយសារមើលឃើញមណ្ឌលឃុំឃាំងបច្ចុប្បន្នមានសភាពទ្រុឌទ្រោម”។ យោងតាមទីភ្នាក់ងារខាងលើបានឱ្យដឹងថា មណ្ឌលឃុំឃាំងនេះសង់ឡើងសម្រាប់ផ្ទុកអ្នកទោសច្រើនបំផុត៥០០នាក់ ប៉ុន្តែបច្ចុប្បន្នវាផ្ទុកអ្នកទោសដល់ទៅ៥៩៥នាក់ រួមមានបុរស៤៧២នាក់ និងស្ត្រី១២៣នាក់។

លោក យ៉ាកូប បានធ្វើការកត់សម្គាល់ថាមានតែអ្នកជាប់ឃុំម្នាក់ប៉ុណ្ណោះគឺស្ត្រីបម្រើការងារតាមផ្ទះកម្ពុជា អាយុ១៨ឆ្នាំដែលប្រើប្រាស់ឯកសារធ្វើដំណើរគ្មានសុពលភាព ដែលបានប្រាប់ទីភ្នាក់ងារនេះថាឆ្មាំមន្ទីរឃុំឃាំងមិនបានធ្វើបាបនាង។

ក្រសួងអន្តោប្រវេសន៍ក៏បានលើកឡើងដែរថា ការអះអាងអំពីការរំលោភបំពានទាំងនេះមិនមែនជាការពិតឡើយ បន្ទាប់ពីការស៊ើបអង្កេតយ៉ាងរហ័សលើមណ្ឌលឃុំឃាំងនេះកាលពីដើមខែនេះ។

លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ Central ដែលបានជួយបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះទាំងនេះមកវិញដែលបានរាយការណ៍ពីការរំលោភបំពាននៅមណ្ឌលឃុំឃាំងជូរូ មានប្រសាសន៍ថា លោកមិនពេញចិត្តការឆ្លើយតបរបស់រដ្ឋាភិបាលម៉ាឡេស៊ី ឡើយ។

លោកថ្លែងថា “ខ្ញុំមិនជឿលើលទ្ធផលរកឃើញរបស់ពួកគេដាច់ខាត។ យើងស្ដាប់ទៅ ការស៊ើបអង្កេតនេះដូចជាមិនឯករាជ្យទាល់តែសោះ។ ខ្ញុំយល់ថា រដ្ឋាភិបាលម៉ាឡេស៊ី កំពុងតែលុបលាងការចោទប្រកាន់ទាំងនេះ។ បើយើងក្រឡេកមើលទៅស្ត្រីបម្រើការងារតាមផ្ទះដែលបានត្រឡប់មកវិញ ពួកគាត់មិនចាប់អារម្មណ៍ទាល់តែសោះក្នុងការអះអាងមិនពិតអំពីការធ្វើទារុណកម្ម ឬការរំលោភបំពានផ្សេងៗទៀតនៅទីនោះ”។

លោកគូសបញ្ជាក់ថា ចាំបាច់ត្រូវតែមានការស៊ើបអង្កេតស៊ីជម្រៅ ប្រកបដោយតម្លាភាព និងឯករាជ្យ។ “អ្វីដែលយើងបានដឹងពីអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗទៀតនៅម៉ាឡេស៊ី ពួកគេក៏បានអះអាងដែរថា ជូរូ មានបញ្ហាសិទ្ធិមនុស្សយ៉ាងច្រើន មានការធ្វើទារុណកម្ម។ល។”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស