ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ទាហានថៃបានចាប់ខ្លួនយុវជនខ្មែរបួននាក់កាលពីថ្ងៃសៅរ៍ពីបទចូលទៅកាប់ឈើគ្រញូងក្នុងខេត្តត្រាត ប្រទេសថៃ ក្បែរព្រំដែនខេត្តបាត់ដំបង។ លោក អិុន សៅរិទ្ធ អភិបាលស្រុកសំឡូតបានមានប្រសាសន៍ថា “ទាហានថៃស្លៀកពាក់ឯកសណ្ឋានខ្មៅបានចាប់ខ្លួនយុវជនខ្មែរបួននាក់ ពីព្រោះពួកគេបានឆ្លងព្រំដែនដោយខុសច្បាប់ដើម្បីប៉ុនប៉ងកាប់ឈើគ្រញូងក្នុងទឹកដីថៃ”។
លោក ពេជ្រ វណ្ណា នាយការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានមានប្រសាសន៍ថា យុវជនខ្មែរប្រាំនាក់បានឆ្លងព្រំដែន ប៉ុន្តែ មានម្នាក់បាននិយាយពីការចាប់ខ្លួន។ លោកបានថ្លែងថា “ទាហានថៃបានថតរូបភ្ជាប់ជាមួយនឹងឈើ ហើយបានបញ្ជូនមកយើង…ដើម្បីបង្ហាញថា ប្រជាពលរដ្ឋរបស់យើងពិតជាបានកាប់ឈើគ្រញូងក្នុងទឹកដីរបស់គេមែន”។
លោកបានមានប្រសាសន៍បន្ថែមថា លោកបានណែនាំអនុប្រធានរបស់លោកទៅចរចាឱ្យមានការដោះលែងពួកគេ។
លោក នេត សំអាត នាយរងការិយាល័យទំនាក់ទំនងព្រំដែន បានប្រាប់ឈ្មោះយុវជនខ្មែរទាំងបួននាក់នោះគឺ អុ៊ុន ប្រុស អាយុ២៣ឆ្នាំ អ៊ុន ទឹម អាយុ២១ឆ្នាំ ឡាំ ដែន អាយុ១៨ឆ្នាំ និង ភួក លីហួរ អាយុ១៤ឆ្នាំ។
លោកបានមានប្រសាសន៍ថា ពួកគេត្រូវបានឃុំខ្លួននៅទីបញ្ជាការយោធាក្នុងខេត្តត្រាត ហើយនឹងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃនេះ៕សារុន