27 C
Phnom Penh

លោក សម រង្ស៊ី ត្រូវតុលាការជំនុំជម្រះជាថ្មីនៅខែវិច្ឆិកា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញបានប្រកាសថា លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលរស់នៅក្រៅប្រទេសស្រាប់ទៅហើយ ដើម្បីគេចពីទោសជាប់ពន្ធនាគារពីរឆ្នាំ នឹងត្រូវតុលាការវិនិច្ឆ័យទោសនៅខែវិច្ឆិកា ទាក់ទិននឹងសំណុំរឿងដែលអាចមើលឃើញលោកត្រូវតុលាការសម្រេចឲ្យជាប់ពន្ធនាគារ១៧ឆ្នាំបន្ថែមទៀត។

cam-photo-rainsy-channa-WEB-ONLY-800x533ព័ត៌មាននេះបានលេចឮឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីតុលាការនេះជូនដំណឹងដល់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងថា ការជំនុំជម្រះលោកពីបទបដិសេធមិនចូលបំភ្លឺនៅតុលាការជាច្រើនលើក នឹងចាប់ផ្តើមនៅថ្ងៃទី៩ខែកញ្ញា។ លោកកំពុងប្រឈមការជាប់ពន្ធនាគារពីមួយខែដល់ប្រាំមួយខែ ប្រសិនបើរកឃើញថាមានទោស។

យោងតាមដីកាចុះថ្ងៃទី២៣ខែសីហា និងចុះហត្ថលេខាដោយព្រះរាជអាជ្ញារង លោក សៀង សុខ លោក រង្ស៊ី នឹងត្រូវជំនុំជម្រះពីបទ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ដីកា “បង្គាប់លោក សម រង្ស៊ី…ឲ្យចូលទៅកាន់សាលសវនាការបន្ទប់ទី២ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ដើម្បីធ្វើការជំនុំជម្រះក្នុងឋានៈជាជនជាប់ចោទ”។

កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យតុលាការបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណុំរឿងនេះទេ។

បទចោទជាច្រើនលើលោក រង្ស៊ី ទាក់ទិននឹងវីដេអូមួយដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ដែលមានបង្ហាញលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ដែលត្រូវបានចាប់ខ្លួននៅខែសីហាតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងវីដេអូនោះ លោក សុខហួរ បង្ហាញសន្ធិសញ្ញាព្រំដែនក្លែងមួយ ដែលក្នុងសន្ធិសញ្ញានោះ រដ្ឋាភិបាលព្រមរំលាយព្រំដែនរបស់ខ្លួនជាមួយប្រទេសវៀតណាម។

ក្នុងសវនាការមុនៗ លោក សុខហួរ បានបដិសេធការចោទប្រកាន់ពីបទក្លែងនេះ ដោយលោកពន្យល់ថា លោកគ្រាន់តែបានរកឃើញផែនទីនោះតាមរយៈកម្មវិធីហ្គូហ្គល (Google search) ប៉ុណ្ណោះ។ សមាជិកព្រឹទ្ធសភារូបនេះត្រូវបានបដិសេធមិនឲ្យនៅក្រៅឃំុជាច្រើនលើកជាច្រើនសា ដោយសារអ្វីដែលតុលាការនិយាយថា ជាគ្រោះថ្នាក់ជាបន្តដល់សណ្តាប់ធ្នាប់សង្គម។

លោក រង្ស៊ី បច្ចុប្បន្ន កំពុងប្រឈមនឹងទោសជាប់ពន្ធនាគារពីរឆ្នាំ ពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ជាការផ្តន្ទាទោសកាលពីឆ្នាំ២០១១ ដែលមជ្ឈដ្ឋានទូទៅជឿថា ត្រូវបានលើកលែងទោសនៅពេលដែលមេដឹកនាំបក្សប្រឆាំងរូបនេះបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ មុនការបោះឆ្នោតនៅឆ្នាំ២០១៣ ប៉ុន្តែត្រូវបានយកមកប្រើវិញកាលពីខែវិច្ឆិកា។

ពីដំបូង មេដឹកនាំបក្សប្រឆាំងរូបនេះបានសន្យាថានឹងវិលត្រឡប់មកប្រទេសវិញ និងប្រឈមនឹងការគំរាមចាប់ខ្លួន ប៉ុន្តែបានរួញរានៅនាទីចុងក្រោយ ហើយបានសម្រេចនៅក្រៅប្រទេសតទៅទៀត។ លោក សុខា ទទួលខុសត្រូវជាប្រធានស្តីទីគណបក្ស ក្នុងពេលអវត្តមានលោក រង្ស៊ី។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា គណបក្សនឹងមិនវិលវល់ដោយសារតែអ្វីដែលលោកនិយាយថា ជារឿងក្តីនយោបាយជាចំហនោះទេ។

លោកបាននិយាយទាក់ទិននឹងការបោះឆ្នោតឃុំសង្កាត់ដែលកំណត់ធ្វើនៅថ្ងៃទី៤ខែមិថុនាឆ្នាំក្រោយថា “យើងប្តេជ្ញាបន្តទៅការបោះឆ្នោតមូលដ្ឋាននៅឆ្នាំ២០១៧ ដោយមិនគិតអំពីអ្វីដែលកើតឡើងនៅពេលអនាគតនោះទេ”។

លោក សុវណ្ណ បាននិយាយថា លោកនៅតែមានសុទិដ្ឋិនិយមថា នៅទីបំផុតកិច្ចព្រមព្រៀងនយោបាយមួយនឹងបញ្ចប់បញ្ហាផ្លូវច្បាប់ដែលប្រឈមថ្នាក់ដឹកនាំគណបក្ស ប៉ុន្តែថា យ៉ាងណាក៏ដោយ លោក រង្ស៊ី នឹងត្រឡប់មកប្រទេសកម្ពុជាវិញមុនការបោះឆ្នោតជាតិឆ្នាំ២០១៨៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស