34 C
Phnom Penh

មន្ត្រីរដ្ឋាភិបាល៖វៀតណាមបដិសេធថាមិនបានរំលោភបំពានតំបន់ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរវៀតណាមបដិសេធថា មិនបានធ្វើការសាងសង់នៅក្នុង “តំបន់ស” ដែលមិនទាន់បានវាស់វែងនៅតាមបណ្តោយព្រំដែននោះឡើយ ប៉ុន្តែនឹងពិនិត្យឡើងវិញនូវពាក្យបណ្តឹងរបស់កម្ពុជា នេះបើយោងតាមការ លើកឡើងរបស់មន្ត្រីមួយរូបនៅក្រសួងការបរទេស អំឡុងកិច្ចប្រជុំនៅក្នុងរាជធានីភ្នំ ពេញកាលពីម្សិលមិញរវាងមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនមកពីប្រទេសទាំងពីរ។

ចាប់តាំងពីឆ្នាំមុនមកកម្ពុជាបានផ្ញើកំណត់ទូតដែលប្រើពាក្យធ្ងន់ៗមួយចំនួនទៅកាន់រដ្ឋាភិបាលវៀតណាមទាមទារឲ្យពួកគេបញ្ឈប់ការសាងសង់ផ្លូវ និងប៉ុស្តិ៍យាមក្នុងតំបន់សដែលប្រទេសទាំងពីរមិនអាចប្រើប្រាស់បាននោះឡើយ លុះត្រាតែមានការវាស់វែងព្រំប្រទល់ជាមុនសិន។

cam-photo-border-meeting-channaលោក ឡុង វីសាលោ រដ្ឋលេខាធិការក្រសួង ការបរទេសបានលើកឡើងពេលសម្រាក អំឡុងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនចម្រុះនៃប្រទេសទាំងពីរដែលបាននិងកំពុងធ្វើការវាស់វែងព្រំដែនចាប់តាំងពីឆ្នាំ១៩៩៥ មកថា នៅក្នុងការឆ្លើយតបចំពោះកំណត់ទូតទាំងនេះ មន្ត្រីវៀតណាមបានបដិសេធថា មិនបានធ្វើអ្វីខុសទេ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ នៅទីស្តីការគណៈរដ្ឋមន្ត្រីថា “ជាធម្មតា វៀតណាមនិយាយថា ពួកគេធ្វើការសាងសង់នៅលើដីរបស់ខ្លួន។ ទីបំផុត ពួកគេបានលើកឡើងថា ខ្លួននឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ”។

លោក   ឡុង វីសាលោ   បានលើកឡើងទៀតថា ប្រសិនបើការសាងសង់នៅលើដីក្នុងតំបន់មានជម្លោះនៅតែបន្ត លោកនឹងស្នើឲ្យរដ្ឋាភិបាលក្រុងហាណូយរុះរើសំណង់ទាំងនោះចោល។ ការសាងសង់នេះកើតឡើងនៅក្នុងខេត្តជាប់ព្រំដែន ក្នុងនោះរួមមានខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្វាយរៀងជាដើម។

លោក វ៉ា គឹមហុង រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនបានលើកឡើងអំឡុងពេលសម្រាកថា ភាគីទាំងពីរកំពុងតែស្វែងរកច្បាប់ចម្លងបន្ថែមទៀតនៃផែនទីដើមនៅសម័យអាណានិគមស្តីអំពីព្រំដែនរួមដើម្បីជួយនៅក្នុងការវាស់វែង។

សមាជិកគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-វៀតណាមជួបប្រជុំគ្នានៅទីស្តីការគណៈរដ្ឋមន្ត្រីនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
សមាជិកគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-វៀតណាមជួបប្រជុំគ្នានៅទីស្តីការគណៈរដ្ឋមន្ត្រីនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

កាលពីឆ្នាំមុន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួនបានអះអាងថា ភាគីទាំងពីរបាននិងកំពុងមិនយកចិត្តទុកដាក់ចំពោះផែនទីដើមនៅសម័យអាណានិគមបារាំង ដែលជាផែនទីមានចែងស្របច្បាប់តែមួយគត់នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយថា ពួកគេកំពុងតែប្រើប្រាស់ផែនទីថ្មីគូសដោយវៀតណាមជំនួសវិញ។

លោក វ៉ា គឹមហុង បានទទូចសុំឲ្យពលរដ្ឋកុំឆាប់ចោទប្រកាន់វៀតណាមថា “ឈ្លានពាន”កម្ពុជាពេក ខណៈការវាស់វែងព្រំដែននៅមិនទាន់ចប់សព្វគ្រប់។

លោកបានមានប្រសាសន៍ទាក់ទិននឹងការឈ្លានពានក្នុងពេលថ្មីៗរបស់វៀតណាមថា “ការឈ្លានពានគឺជាការប្រើកម្លាំង។ នេះគឺជាការសាងសង់ដោយសម្ងាត់”។

លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនរបស់ប្រទេសកម្ពុជាបានលើកឡើងថា គណៈកម្មាធិការនេះនឹងជួបប្រជុំម្តងទៀតនៅព្រឹកនេះ ទោះបីជាគណៈប្រតិភូវៀតណាមគ្រោងនឹងចាកចេញទៅវិញនៅម៉ោង៨និង៣០នាទីព្រឹកក៏ដោយ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស