27.5 C
Phnom Penh

អ្នកភូមិតវ៉ាថា ការជីកប្រឡាយធ្វើឱ្យទឹកហូរចេញពីស្រែរបស់ពួកគាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិប្រហែល១០០នាក់ដែលរស់នៅក្បែរព្រំដែនវៀតណាមក្នុងខេត្តស្វាយរៀង ត្រូវបានអភិបាលរងខេត្តចុះមកជួបសួរសុខទុក្ខកាលពីម្សិលមិញ បន្ទាប់ពីពួកគាត់ធ្វើការតវ៉ាពីការដែលក្រុមហ៊ុនមួយជីកប្រឡាយ និងធ្វើផ្លូវតាមបណ្ដោយដីរបស់ពួកគាត់ ដែលក្នុងនោះពួកគាត់បានលើកឡើងថា បានធ្វើឱ្យទឹកហូរចេញពីស្រែរបស់ពួកគាត់អស់។

ក្រុមហ៊ុន Eastern Rice Field Development បានចាប់ផ្ដើមជីកប្រឡាយនេះនៅក្នុងស្រុកស្វាយទាបកាលពីដើមខែនេះ ដើម្បីបង្ហូរទឹកចេញពីចម្ការអំពៅដែលលិចលង់របស់ពួកគេ ប៉ុន្តែបែរជាយកអាចម៍ដីមកចាក់លុបស្រែរបស់ពួកគាត់ ហើយធ្វើឱ្យទឹកហូរចេញអស់។

ឃួន មុនីលក្ខណ៍ អាយុ៣៣ឆ្នាំជាកសិករក្នុងមូលដ្ឋានម្នាក់ដែលបានចូលរួមការតវ៉ាជំទាស់នឹងក្រុមហ៊ុននេះកាលពីថ្ងៃអាទិត្យបាននិយាយថា “ក្រុមហ៊ុនកម្ពុជានេះបានសហការជាមួយក្រុមហ៊ុនវៀតណាមជីកប្រឡាយនេះពីថ្ងៃទី២០ ខែសីហា រហូតដល់ថ្ងៃអាទិត្យ ហើយធ្វើផ្លូវដែលបានធ្វើឱ្យប៉ះពាល់ដល់ដីស្រែរបស់យើង”។

លោក ជុំ រ៉ាវុធ អាយុ២៤ឆ្នាំ ជាកសិករម្នាក់ទៀតដែលបានចូលរួមការតវ៉ាបាននិយាយថា”ក្រុមហ៊ុនវៀតណាមនេះបានជីកប្រឡាយ ហើយពួកគេបានយកអាចម៍ដីមកចាក់លុបស្រែរបស់យើងរាប់រយស្រែ។ ការជីកប្រឡាយនេះបានធ្វើឱ្យដីស្រែរបស់យើងរីងទឹកអស់ ពីព្រោះទឹកបានហូរចេញពីស្រែអស់”។

លោក រ៉ាវុធ បាននិយាយថា ប្រធានក្រុមហ៊ុនដែលក៏ជាស្មៀនឃុំដែរនោះមិនត្រឹមតែមិនបានផ្តល់គ្រាប់ពូជដល់អ្នកភូមិដូចដែលបានសន្យាប៉ុណ្ណោះទេ ថែមទាំងមិនបានផ្តល់សំណងចំពោះការខូចខាតផងដែរ។

លោក ពេជ្រ សាវ៉ាន់ អភិបាលរងខេត្តដែលបានជួបជាមួយក្រុមអ្នកភូមិកាលពីម្សិលមិញ បានមានប្រសាសន៍ថា លោកជឿថា ដីស្រែរបស់អ្នកភូមិប្រហែល៤០នាក់ប៉ុណ្ណោះត្រូវបានខូចខាតដោយប្រឡាយ និងផ្លូវ ប៉ុន្តែថា នឹងមានដំណោះស្រាយនៅពេលឆាប់ៗនេះ។

លោក កុយ សារ៉េន ប្រធានក្រុមហ៊ុន Eastern Rice Field Development បានមានប្រសាសន៍ថា អ្នកភូមិភាគច្រើនបានយល់ព្រមចំពោះការធ្វើប្រឡាយ និងធ្វើផ្លូវនេះជាថ្នូរនឹងការផ្តល់គ្រាប់ពូជ ហើយថា កំហុសរបស់លោក គឺត្រង់ការផ្ដល់គ្រាប់ពូជឱ្យពួកគាត់យឺតយ៉ាវតែប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា “កាលពីថ្ងៃទី២៣ ខែសីហា ខ្ញុំបានប្រាប់អ្នកដែលដីរបស់ពួកគាត់ត្រូវបានប៉ះពាល់ថា ខ្ញុំនឹងផ្ដល់គ្រាប់ពូជដល់ពួកគាត់ប្រហែលជានៅថ្ងៃទី២៩ ខែសីហា ប៉ុន្តែខ្ញុំជាប់រវល់ទៅរៀនអំពីការចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់។ វាមិនមែនជាបញ្ហាធំដុំទេ។ ខ្ញុំនឹងដោះស្រាយបញ្ហានេះសម្រាប់អ្នកដែលជាប់ពាក់ព័ន្ធនឹងដីនេះនៅថ្ងៃស្អែក”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស