30 C
Phnom Penh

កម្មករនៅរោងចក្រស្រាបៀរអង្គរក្នុងក្រុងព្រះសីហនុវិលត្រឡប់មកធ្វើការវិញនៅមុនថ្ងៃចរចា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមតំណាងរោងចក្រ និងតំណាងសហជីពបានឲ្យដឹងកាលពីម្សិលមិញថា កម្មករដែលធ្វើកូដកម្មជាច្រើននាក់នៅរោងចក្រផលិតស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រក្នុងក្រុងព្រះសីហនុបានត្រឡប់មកធ្វើការវិញហើយ តាមការជំរុញពីក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលបានរៀបចំឲ្យមានការពិភាក្សាបន្ថែមនៅថ្ងៃច័ន្ទ។

លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊៊ុនស្រាបៀរខេមប្រ៊ូរនេះបានលើកឡើងថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចែកចាយលិខិតកាលពីថ្ងៃព្រហស្បតិ៍ដោយជំរុញឲ្យបុគ្គលិកបម្រើការក្នុងឃ្លាំងវិលត្រឡប់មកធ្វើការងារវិញ ហើយរង់ចាំដំណោះស្រាយ ហើយថា កម្មករទាំងអស់បានត្រឡប់មកវិញនៅថ្ងៃសុក្រ។

លោកបាននិយាយថា “សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនកំពុងមានប្រតិបត្តិការដូចធម្មតា ហើយអ្នកតវ៉ាបានត្រឡប់មកធ្វើការវិញហើយ”។

ទោះជាយ៉ាងណា នៅមានបញ្ហាមួយចំនួននៅមិនទាន់ដោះស្រាយនៅឡើយទេ។

កាលពីសប្តាហ៍មុន ក្រុមមន្ត្រីបានលើកឡើងថា ក្រុមហ៊ុននេះបានឯកភាពលើការទាមទារចំនួនពីរចំណុចក្នុងចំណោមការទាមទារចំនួន៥ចំណុចរបស់កម្មករដែលធ្វើកូដកម្ម នោះគឺការបង់ថ្លៃសម្រាប់សមាជិកភាពសហជីព និងបានបញ្ចប់ “ការរើសអើង” លើបុគ្គលិកបម្រើការនៅ ក្នុងឃ្លាំង។

ការទាមទារដែលនៅមិនទាន់ដោះស្រាយចំនួន៣ចំណុចគឺ ការផ្តល់ការងារឡើងវិញឲ្យអ្នកគ្រប់គ្រងឃ្លាំងដែលត្រូវបានបណ្តេញចេញ ការទាមទារឲ្យបណ្តេញអ្នកគ្រប់គ្រងទូទៅជនជាតិម៉ាឡេស៊ីចេញពីរោងចក្រ និងរបបអាហារដោយឥតគិតថ្លៃសម្រាប់រាល់ពេលប្តូរវេន។

លោក កែន ម៉ៅ តំណាងសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបានលើកឡើងថា លោកបានចូលរួមក្នុងការចរចាតាមការគ្រោងទុកជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅថ្ងៃច័ន្ទ ប៉ុន្តែ លោកបានបន្ថែមថា លោកនៅតែមានអារម្មណ៍ថាក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូរនឹងនៅតែ “ធ្វើព្រងើយកន្តើយ និងមិនគោរពសិទ្ធិបុគ្គលិក” ដដែល៕

ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស